(ភ្នំពេញ)៖ លោកបណ្ឌិត វង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ក្នុងឆ្នាំ២០២២ខាងមុខនេះ រាជរដ្ឋាភិបាលទំនងជាមិនមានការដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធនោះឡើយ ហើយការរើសបុគ្គលិកថ្មីក៏មិនមានដែរ ខណៈការចំណាយនានា ដែលមិនមានជាចំណាយបុគ្គលិក (ចំណាយក្រៅពីប្រាក់បៀវត្ស) នឹងត្រូវបានរឹតបន្ដឹង និងកាត់បន្ថយផងដែរ នៅតាមក្រសួងស្ថាប័ន។

ការលើកឡើងរបស់លោក វង្សី វិស្សុត ធ្វើឡើងនៅក្នុងសិក្ខាសាលាសភាស្តីពី ការស្វែងយល់អំពីការកសាងក្របខ័ណ្ឌ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២២ តាមប្រព័ន្ធអនឡាញ Zoom នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។

លោកបញ្ជាក់ថា «ឆ្នាំក្រោយនេះ (ឆ្នាំ២០២២) ប្រាក់បៀវត្សត្រូវបានរឹតបន្ដឹង ការរើសបុគ្គលិកបន្ថែមក៏មិនមានទៀតដែរ ចំណាយមិនមែនប្រាក់ខែបុគ្គលិកត្រូវរឹតបន្ដឹង ហើយក៏សូមអធ្យាស្រ័យចំពោះស្ថាប័នទាំងអស់ ដែលយើងមិនមានលទ្ធភាព ជូនតាមសំណមពរទាំងស្រុង ប៉ុន្ដែមិនមែនអត់ទាំងអស់នោះទេ បានខ្លះដោយផ្អែកលើធនធាន មានកម្រិតរបស់យើង និងត្រូវតម្រង់ទិសរកកន្លែង ដែលធ្វើឲ្យយើងអាចរស់បាន មានជីវិតយូរអង្វែង និងខ្លាំងក្លាទៅថ្ងៃមុខ»

មន្រ្ដីជាន់ខ្ពស់រូបនេះក៏បង្ហាញអំពីទំនួលខុសត្រូវរបស់រាជរដ្ឋាភិបាល ក្នុងការធានាឲ្យបាននូវធនធានគ្រប់គ្រាន់ផងដែរ។

លោកឲ្យដឹងថា «ដើម្បីធានាថា មានធនធានគ្រប់គ្រាន់ សម្រាប់ទ្រទ្រង់ឲ្យរួចទាំងអស់ នូវអ្វីដែលជាតម្រូវការពិតប្រាកដ អាទិភាពរបស់ជាតិ ដោយមិនអាចដួលរំលំបាននោះឡើយ។ ដូច្នេះមិនមានជម្រើសអ្វីក្រៅពី ប្រមូលធនធានជាតិឲ្យអស់លទ្ធភាព ដោយមានទាំងចំណូលសារពើពន្ធ, មិនមែនសារពើពន្ធ និងការខ្ចីគេជាដើម»

លោកបញ្ជាក់ថា ចំពោះការខ្ចីនេះ ជាកម្ចីដែលមិនធ្វើឲ្យកម្ពុជាជួបបញ្ហានោះឡើយ គឺខ្ចីក្នុងនាមជាម្ចាស់ការ ប្រើប្រាស់ឲ្យចំមុខ បម្រើឲ្យចំគោលដៅ បម្រើប្រជាជន បម្រើឲ្យមានការអភិវឌ្ឍន៍។ ក្នុងនោះប្រភពខ្ចី កម្ពុជាអាចខ្ចីក្នុងប្រទេសខ្លួនឯងផង និងខ្ចីពីបរទេសផងដែរ។

លោកបន្ថែមថា សេណារីយូរស់ដល់ឆ្នាំ២០២៣ គឺធ្វើយ៉ាងណាប្រឹងប្រែងឲ្យអស់លទ្ធភាព ក្នុងការរកចំណូលទាំងចំណូលក្នុងស្រុក ទាំងចំណូលបានមកពីការខ្ចីគេ និងប្រាក់សន្សំនេះប្រើប្រាស់ផ្គុំគ្នា ដោយចាយវាយឲ្យចំអទិភាព និងមានប្រសិទ្ធិភាពបំផុត។

លោកបានបន្ថែមថា ការកែទម្រង់រចនាសម្ព័ន្ធក្នុងក្រសួងស្ថាប័ន ឲ្យបង្កើនប្រសិទ្ធិភាពការងារ ដែលការកែទម្រង់នេះ នឹងទទួលបាននូវការសាទរពីអ្នករកស៊ី និងប្រជាជន។ លោកថា ចាំបាច់ក្នុងការកែទម្រង់ ជាកត្តាស្លាប់រស់ ក្នុងការកំណត់អនាគតកម្ពុជា ព្រោះអនាគតកម្ពុជា មិនមែនតែជំងឺកូវីដ១៩ មួយនោះទេ ប៉ុន្ដែមានបញ្ហាដូចជាភូមិសាស្រ្ដ នយោបាយ, បញ្ហាសង្គ្រាមពាណិជ្ជកម្មជាដើម កម្ពុជានឹងត្រូវរងផលប៉ះពាល់ផងដែរ ដូច្នេះត្រូវត្រៀមខ្លួនជាមុន មានតែភាពជាម្ចាស់ការ មានតែកម្លាំងខ្លួនឯងប៉ុណ្ណោះ ទើបអាចការពារខ្លួនឯងបាន៕