(ស្ទឹងត្រែង)៖ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ត្រូវបានបិទខ្ទប់ទាំងស្រុងចាប់ពីនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ រហូតមានការសម្រេចជាថ្មី បន្ទាប់ពីខេត្តភាគឦសានមួយនេះ រងនូវការវាយប្រហារពីមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី ប្រភេទ Delta ដែលបណ្ដាលឲ្យមនុស្សជាច្រើនជាបន្ដបន្ទាប់ រកឃើញវិជ្ជមានជំងឺកូវីដ។

ក្រោយរដ្ឋបាលខេត្តស្ទឹងត្រែង ចេញសេចក្ដីសម្រេចបិទខ្ទប់ហើយនោះ ស្ថានភាពទូទៅនៅក្នុងក្រុងស្ទឹងត្រែង បានប្រែពីភាពអ៊ូអរ ទៅជាស្ងប់ស្ងាត់ស្ទើរតែគ្មានប្រជាពលរដ្ឋធ្វើចរាចរណ៍តាមដងផ្លូវ ពោលមានតែកម្លាំងអនុវត្តច្បាប់ និងមន្ដ្រីសុខាភិបាល ដែលមានតួនាទីក្នុងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ប៉ុណ្ណោះ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានចុះពិនិត្យនៅតាមគោលដៅដែលត្រូវបិទខ្ទប់ ព្រមទាំងណែនាំដល់ប្រជាពលរដ្ឋ ត្រូវគោរព និងអនុវត្តតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

សូមជម្រាបថា លោក ម៉ម សារឿន អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្នភូមិសាស្ដ្រ «ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង» ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ នៃមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី Delta។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ប្រការ១ នៃសេចក្ដីសម្រេចនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានបិទខ្ទប់ភូមិសាស្ដ្រ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ជាបណ្ដោះអាសន្នចាប់ពីវេលាម៉ោង២៣៖៥៩នាទីយប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ រហូតដល់មានការសម្រេចថ្មី សំដៅទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ ដែលបណ្ដាលមកពីមេរោគកូវីដ១៩ ប្រភេទ Delta ព្រមទាំងធានាការពារបានអាយុជីវិតប្រជាជន សុខភាពសាធារណៈ និងសន្ដិសុខសុវត្ថិភាពសង្គម»

រដ្ឋបាលខេត្តស្ទឹងត្រែង បានកំណត់ទៀតថា ចំពោះភូមិសាស្ដ្រដែលត្រូវបានបិទខ្ទប់ ត្រូវអនុវត្តវិធានការហាមឃាត់ រឹតត្បិត ជាអាទិ៍ ទាក់ទងនឹងការធ្វើដំណើរក្នុងភូមិសាស្ដ្របិទខ្ទប់ និងការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ភូមិសាស្ដ្រដែលត្រូវបានបិទខ្ទប់ ការជួបជុំ ឬការប្រមូលផ្ដុំមនុស្ស សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម និងបំរាមគោចរអនុលោមតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងវិធានការនានានៅជាធរមាន៕