(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីសម្រេចដាក់ចេញវិធានការរដ្ឋបាល ដោយផ្អាកបណ្តោះអាសន្នសកម្មភាពការងារ មុខរបរ និងអាជីវកម្ម ដែលមានហានិភ័យខ្ពស់ នៃការឆ្លងជំងឺកូវីដ១៩ និងការប្រមូលផ្តុំ ឬជួបជុំមនុស្សជាលក្ខណៈឯកជន រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ។

បើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ត្រូវផ្អាកជាបណ្តោះអាសន្នរាល់ការធ្វើសកម្មភាព មុខរបរ និងអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទជាអាទិ៍ ខារ៉ាអូខេ រង្គសាលឌីស្កូតែក និងបៀហ្គាឌិន រមណីយដ្ឋាន និងសួនកម្សាន្តនានា អាជីវកម្មម៉ាស្សា ហាងលក់គ្រឿង ស្រវឹងគ្រប់ប្រភេទ រោងសម្តែងសិល្បៈ សារមន្ទីរ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។

ជាមួយគ្នានេះ រដ្ឋបាលខេត្តបានបញ្ជាក់ថា ត្រូវផ្អាកជាបណ្តោះអាសន្នរាល់ការជួបជុំឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី ១០នាក់ លើកលែងតែក្នុងករណីដូចខាងក្រោម៖

*ការជួបជុំក្នុងចំណោមសមាជិក គ្រួសារ ដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា
*ការរៀបចំពិធីបុណ្យសពដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច
*ការជួបជុំរបស់ស្ថាប័នសាធារណៈ
*ការប្រមូលផ្តុំមនុស្ស និងការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីអនុវត្តវិធានការសុខាភិបាលជាអាទិ៍ ការយកវត្ថុសំណាកមកវិភាគរកមេរោគកូវីដ១៩ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងការជួបជុំរបស់បុគ្គលិកសុខាភិបាលដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត
*ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
*ការជួបជុំមនុស្សក្នុងអំឡុងពេលនៃកិច្ចនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ឬរបស់សាលាជម្រះក្តី និងការជួបជុំមនុស្សដែលមានភាពចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬក្នុងគោលបំណងផ្សេងទៀត តាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។
ត្រូវផ្អាកបណ្តោះអាសន្នរាល់ការជួបជុំ ឬប្រមូលផ្តុំមនុស្សដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ។

ត្រូវផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពអាជីវកម្មចំពោះ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារ ប៉ុន្តែអាចលក់អាហារវេចខ្ចប់បាន៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ធំ៖