(បន្ទាយមានជ័យ)៖ ក្រុមគ្រូពេទ្យរថយន្តចល័ត យោធភូមិភាគទី៥ បានបន្តយុទ្ធនាការ ចាក់វ៉ាក់សាំងដូសទី១ ជូនប្រជាពលរដ្ឋ កម្មករ និយោជិត ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

យុទ្ធនាការនេះដឹកនាំផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានគ្រប់គ្រងសន្តិសុខសណ្ដាប់ធ្នាប់គោលដៅធ្វើចត្តាឡីស័កប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ យោធភូមិភាគទី៥ នាថ្ងៃទី១៧ ខែសីហា ម្សិលមិញ។

នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា តាមផែនការ នៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កម្មករ និយោជិត ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមចាក់ដោយស្ម័គ្រចិត្តពីប្រជាពលរដ្ឋ និងមានកិច្ចសហការល្អ បង្កលក្ខណៈងាយស្រួល ពីសំណាក់អាជ្ញាធរមូលដ្ឋាន រដ្ឋបាលក្រុង ប្រជាពលរដ្ឋបានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី១នេះ ដោយក្រុមរថយន្តចល័តកងពលតូចថ្មើរជើងលេខ៥១ យោធភូមិភាគទី៥ បានដំណើរការចាក់ជូនប្រជាពលរដ្ឋ កម្មករ និយោជិត ដោយឥតគិតថ្លៃ រួមជាមួយការចល័តទៅកៀកផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកឧត្តសេនីយ៍ទោ សេង ធារិន ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដែលបានទទួលការចាក់វ៉ាក់សាំងដូសទី១រួច ត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ «៣កុំ មនិង៣កាពារ» របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនូវជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ។

ឆ្លើយតបទៅនឹងការផ្តល់ជូននូវវ៉ាក់សាំងដូសទី១នេះ ប្រជាពលរដ្ឋបានសម្តែងសេចក្តីត្រេកអររីករាយ និងរំភើបឥតឧបមា ដល់ប្រមុខរាជរដ្ឋាភិបាល និងបានសម្តែងនូវក្តីត្រេកអរក្រៃលែង ដែលទទួលបានការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជាពិសេសសូមគោរពអរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងអរគុណចំពោះអាជ្ញាធរ សមត្ថកិច្ច និងក្រុមការងារចុះចាក់វ៉ាក់សាំងជូនពួកគាត់នាពេលនេះ៕