(ភ្នំពេញ)៖ ក្រុមហ៊ុនផ្គត់ផ្គង់ជណ្តើរយន្តនៅកម្ពុជា ដែលមានឈ្មោះថា «អូឌីម៉ាស់ (ខេមបូឌា) ឯ.ក» បានទាត់ចោលទាំងស្រុងចំពោះការនិយាយបំភ្លៃការពិត និងបង្ខូចកេរ្តិ៍ឈ្មោះក្រុមហ៊ុន ពីសំណាក់អ្នករកស៊ីលើការផ្គត់ផ្គង់ជណ្តើរយន្តដូចគ្នា។ ជនដែលបាននិយាយបង្ខូចកេរ្តិ៍ឈ្មោះក្រុមហ៊ុននេះ ក៏បានចូលខ្លួនសូមទោសចំពោះកំហុសឆ្គងរបស់ពួកគេនៅចំពោះមុខសមត្ថកិច្ចផងដែរ។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានបុគ្គលពីររូបឈ្មោះ ជឿន កក្កដា ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរផ្នែកលក់ក្នុងក្រុមហ៊ុនជណ្តើរយន្ត និងឈ្មោះ សា លីន ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរបុគ្គលិកការិយាល័យក្រុមហ៊ុនជណ្តើរយន្តដែរនោះ បាននិយាយបង្កាច់ បង្អួចកេរ្តិ៍ឈ្មោះក្រុមហ៊ុន «អូឌីម៉ាស់»។

ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា បុគ្គលទាំងពីរនេះ បានព្យាយាមម្ដងហើយម្ដងទៀត ជាច្រើនលើកច្រើនសា ក្នុងការនិយាយមួលបង្កាច់បង្អួចកេរ្តិ៍ឈ្មោះក្រុមហ៊ុន «អូឌីម៉ាស់» ថាជាក្រុមហ៊ុននាំចូលជណ្តើរយន្តក្លែងក្លាយ និងយកឈ្មោះជណ្តើរយន្តមកគ្រាន់តែជាន់ម៉ាកបន្ថែមដើម្បីបោកប្រាស់អតិថិជន។

ក្រោយទទួលបានព័ត៌មានពីការនិយាយបង្ខូចកេរ្តិ៍ឈ្មោះនេះ ក្រុមហ៊ុន «អូឌីម៉ាស់» ក៏បានស្រាវជ្រាវ ហើយឈានទៅប្តឹងសមត្ថកិច្ច និងកោះហៅឈ្មោះ លឿន កក្កដា និង ឈ្មោះ សា លីន ចូលខ្លួនមកបំភ្លឺលើករណីនេះ។ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ឈ្មោះ សា លីន បានសារភាពថា ខ្លួនធ្វើតាមបញ្ជារបស់ ជឿន កក្កដា។

នៅចំពោះមុខសមត្ថកិច្ចបុគ្គលទាំងពីរបានព្រមទទួលស្គាល់កំហុស ហើយបានយល់ព្រមធ្វើកិច្ចសន្យាទទួលស្គាល់កំហុសរបស់ខ្លួន។ ក្នុងកិច្ចសន្យាលោក ជឿន កក្កដា បានរៀបរាប់ថា «ខ្ញុំបាទមានការសោកស្តាយ [...]។ ខ្ញុំបាទបាននិយាយថា ក្រុមហ៊ុនអូឌីម៉ាស់ខេមបូឌា លក់ជណ្តើរយន្តម៉ាក OTIS ក្លែងក្លាយ ដែលធ្វើឱ្យប៉ះពាល់ដល់ឈ្មោះក្រុមហ៊ុនអូឌីម៉ាស់ខេមបូឌា និងនាំឱ្យអតិថិជនមានការយល់ច្រឡំលើក្រុមហ៊ុនអូឌីម៉ាស់ខេមបូឌា»

លោក ជឿន កក្កដា បានសន្យាមិននិយាយអ្វីដែលនាំឱ្យប៉ះពាល់ដល់ក្រុមហ៊ុនអូឌីម៉ាស់ខេមបូឌាទៀតឡើយ។

ក្នុងសេចក្តីជូនដំណឹងនេះ ក្រុមហ៊ុន «អូឌីម៉ាស់» បានគូសបញ្ជាក់ដែរថា ក្រុមហ៊ុននេះ ជាក្រុមហ៊ុនស្របច្បាប់ និងជាអ្នកឯកទេសក្នុងការផ្គត់ផ្គង់ជណ្តើរយន្តសុទ្ធ ១០០% ក្នុងទីផ្សារនៃប្រទេសកម្ពុជា។ ក្រុមហ៊ុនប្រកាន់ខ្ជាប់នូវគោលការណ៍ស្មោះត្រង់ សុចរិត ទៀងត្រង់ ជាមួយអតិថិជន ក៏ដូចជាដៃគូប្រកួតប្រជែងក្នុងវិស័យមួយនេះផងដែរ។

ក្រុមហ៊ុន បានសំណូមពរដល់អតិថិជន និងមហាជនទាំងអស់ កុំឱ្យមានការភន្ត័ច្រឡំលើក្រុមហ៊ុនតាមការបំភ្លៃរបស់បុគ្គលទាំងពីរខាងលើ។ ក្រុមហ៊ុនសម្តែងនូវការអរគុណដល់អតិថិជន និងសារធារណៈជនទាំងអស់ តែងជឿជាក់ និងមានទំនុកចិត្តមកលើក្រុមហ៊ុនកន្លងមក៕