(កោះកុង)៖ ក្រុមលោកគ្រូអ្នកគ្រូពេទ្យផ្នែកសម្ភព នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានសហការជាមួយក្រុមលោកគ្រូពេទ្យព្យាបាលជំងឺកូវីដ១៩ បានជួយសម្រាលកូនឱ្យស្រីមានវិជ្ជមានជំងឺកូវីដ១៩ មួយករណីទៀត បានដោយជោគជ័យ នាវេលាម៉ោង១២៖០០នាទីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

លោក ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកោះកុងថា «ស្ត្រីដែលក្រុមគ្រូពេទ្យជួយសម្រាលកូនបានដោយជោគជ័យនេះ មានវ័យ៤២ឆ្នាំ មានទីលំនៅសង្កាត់ស្ទឹងវែងស្ទឹងវែង ក្រុងខេមរភូមិន្ទ ដែលមានទម្រង់កូនបញ្ច្រាស»

លោក ហៃ ឡៃសុន បានឱ្យដឹងថា «នេះជាករណីលើកទី១៣ ហើយដែលក្រុមលោកគ្រូអ្នកគ្រូពេទ្យផ្នែកសម្ភព នៃមន្ទីរពេទ្យបង្អែកបានសហការជាមួយក្រុមលោកគ្រូពេទ្យព្យាបាលកូវីដ១៩ បានជួយសម្រាលកូនឱ្យស្ត្រីមានវិជ្ជមាន កូវីដ១៩ មានទំរងបញ្ច្រាសមានទម្ងន់៣,៨គីឡូក្រាម បានដោយជោគជ័យដោយគ្មានទទួលគ្រោះថ្នាក់អ្វីឡើយទាំងស្ត្រីជាម្តាយមានជំងឺកូវីដ១៩ គឺពុំមានគ្រោះថ្នាក់អ្វីឡើយទាំងម្តាយ និងកូន ព្រមថែទាំសុខភាពពួកគាត់បានយ៉ាងល្អប្រសើរថែមទៀតផង»

ជាមួយគ្នានេះលោក ហៃ ឡៃសុន បានបន្តថា «ក្រុមគ្រូពេទ្យជួរមុខយើងបានខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចប្រកបដោយឆន្ទៈនិងទទួលខុសត្រូវខ្ពស់ ទោះបីត្រូវប៉ះពាល់ប្រឈមយ៉ាងណាក៏ដោយគ្រប់ម៉ោងគ្រប់ពេលវេលាមិនថាយប់ ឬថ្ងៃនោះទេ ព្រោះនេះកាតព្វកិច្ចរបស់ក្រុមលោកគ្រូពេទ្យ មិនថាអ្នកមានវិជ្ជមានជំងឺកូវីដ១៩ និងជំងឺធម្មតានោះទេ គឺក្រុមលោកគ្រូពេទ្យត្រូវបំពេញកាតព្វកិច្ចតួនាទីរបស់ខ្លួន ជាគ្រូពេទ្យប្រកបដោយក្រុមសីលធម៌វិជ្ជាជីវៈ ជាគ្រូពេទ្យបម្រើមហាជនគ្រប់សាសនា»

លោកបានបន្ថែមទៀតថា ដើម្បីអនុវត្តតាមអនុសាសន៍របស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ក្រុមលោកគ្រូពេទ្យបានប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីចូលរួមទប់ស្កាត់ការពារជំងឺកូវីដ១៩ កុំឱ្យមានការរីករាលឆ្លងចូលក្នុងសហគមន៍ ក្នុងព្រឹត្តការណ៍២០កុម្ភៈ ពីព្រោះជំងឺកូវីដ១៩ នេះនៅតែមានហានិភ័យខ្ពស់ដដែល។

បន្ថែមពីនេះលោក ក៏សូមអំពាវរនាវដល់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានត្រូវចូលរួមទប់ស្កាត់ការពារនៃជំងឺកូវីដ១៩ និងអនុវត្តន៍នូវវិធានការ «៣ការពារ និង៣កុំ» ឱ្យបានជាប់ជានិច្ច និងមានអនាម័យថែរក្សាបរិស្ថាន ក្នុងការរស់នៅឱ្យខ្ពស់ជាប្រចាំ៕