(ភ្នំពេញ)៖ ខ្នងគមជរាពិការ រាងកាយស្គមស្គាំង លោកយាយ សំ រី ហាក់គ្មានកម្លាំងកំហែងនឹងអាចប្រកបការងារលែងបានទៀតហើយ ប៉ុន្តែដោយគ្មានកូនចៅញាតិមិត្តជួយរាប់រងចិញ្ចឹមបីបាច់ថែរក្សា ដូនចាស់រូបនេះនៅតែត្រដរដើរលក់លៀសហាលកណ្ដាលថ្ងៃក្ដៅ គ្រាន់បានកម្រៃបន្តិចបន្តួច ដើម្បីចិញ្ចឹមជីវិតរស់រាននឹងគេ ខណៈវ័យជន្មាក៏កាន់តែច្រើនក្រាស់ក្រែលទៅហើយ។

មានវ័យ៨៣ឆ្នាំ ស្នាក់នៅម្នាក់ឯងនៅក្នុងផ្ទះជួលមួយកន្លែងនៅភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ស្ថានភាពរស់នៅរបស់ដូនចាស់ សំ រី គឺពិតជាកម្សត់ទុគ៌តយ៉ាងខ្លាំង ប៉ុន្តែជីវិតមួយនេះគឺគ្មានជម្រើសផ្សេងក្រៅពីប្រឹងប្រែងរស់នៅដោយខ្លួនឯងទាំងត្រដាបត្រដុសនោះឡើយ។

ភ្នាក់ងារបណ្ដាញសារព័ត៌មាន Fresh News ប្រចាំខណ្ឌពោធិ៍សែនជ័យ នៅពេលបានឃើញស្ថានភាពដ៏លំបាកលំបិននេះ ក៏បានសាកសួររឿងរ៉ាវខ្លះៗពីលោកយាយ ហើយលោកយាយក៏បានរាយរ៉ាប់តបវិញយ៉ាងដូច្នេះថា៖

ពីដើមឡើយ លោកយាយមានស្រុកកំណើតនៅទីរួមខេត្តមណ្ឌលគិរី (ក្រុងសែនមនោរម្យ) ហើយធ្លាប់បម្រើការជាទាហានកាលពីសម័យសង្គមរាស្ត្រនិយម ធ្លាប់ចូលច្បាំងប្រយុទ្ធនៅតាមសមរភូមិជាច្រើន រហូតបណ្ដាលឲ្យត្រូវរបួសក្លាយជាជនពិការ «គមខ្នង»។ លុះដល់នៅសម័យខ្មែរក្រហមកាន់កាប់អំណាច ក្រុមគ្រួសាររបស់លោកយាយត្រូវព្រាត់ប្រាសគ្នា ដោយប្ដីរួមជាមួយកូនៗប្រាំនាក់របស់លោកយាយ ត្រូវពួកខ្មែរក្រហមវាយសម្លាប់ចោលអស់គ្មានសល់ នៅសល់តែលោកយាយម្នាក់ឯង រស់នៅទាំងខ្លួនពិការគមខ្នង។

ក្រោយមក លោកយាយបានរស់នៅតែលតោលម្នាក់ឯងរហូតដល់ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ លោកយាយបានមករស់នៅម្ដុំជិតស្ពានជ្រោយចង្វា នៃរាជធានីភ្នំពេញ និងប្រកបរបរផ្សេងៗដើម្បីចិញ្ចឹមជីវិត ប៉ុន្តែការរស់នៅម្នាក់ឯង ហើយខ្លួនពិការទៀតនោះ ក៏ពុំបានសុខស្រួលនោះឡើយ តែលោកយាយនៅតែតស៊ូគ្រប់បែបយ៉ាងទាំងអស់។

ចេះតែរសាត់អណ្ដែតតាមវាសនា លោកយាយក៏បានមកស្នាក់នៅផ្ទះជួលមួយកន្លែងនៅម្ដុំសួនកុមារពោធិ៍ចិនតុង ហើយប្រកបរបររុញរទេះលក់លៀសហាល។ លោកយាយបានលក់លៀសហាលនេះ អស់រយៈពេលជាង ១០ ឆ្នាំហើយ។ ក្នុងមួយថ្ងៃ លោកយាយអាចរកប្រាក់ពីការលក់លៀសហាលនេះបានត្រឹមតែ ១០,០០០ រៀល ឬ ២០,០០០ រៀលតែប៉ុណ្ណោះ ប៉ុន្តែត្រូវចំណាយទៅលើថ្លៃឈ្នួលផ្ទះ និងការហូបចុកប្រចាំថ្ងៃផង។

ដោយសារតែវ័យអាយុកាន់តែចាស់ជរាទៅហើយនោះ របរលក់លៀសក៏ពុំសូវទៀងទាត់ឡើយ ធ្វើឲ្យប្រាក់ចំណូលក៏បានពុំទៀងទាត់តាមនោះដែរ។ ម្យ៉ាងក្នុងរយៈកាលនេះ ប្រទេសកម្ពុជាក៏កំពុងរងគ្រោះដោយសារវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ ក៏រឹតតែបង្កការលំបាកដល់លោកយាយកាន់តែខ្លាំងឡើង។

លោកយាយបានរៀបរាប់បន្តថា សព្វថ្ងៃនេះ កម្លាំងកំហែងកាន់តែខ្សោយទៅៗ តែទោះជាយ៉ាងណា បើមិនខំប្រឹងត្រដាបត្រដុសទេ គ្មានលុយបង់ថ្លៃឈ្នួលផ្ទះ និងគ្មានអាហារហូបចុកឡើយ។

ដោយជឿជាក់លើការសណ្ដោសប្រណីរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, ដូនចាស់ទុគ៌ត សំ រី ក៏បានលើកម្រាមដៃដប់ប្រណម្យសំពះពីចម្ងាយគោរពដល់សម្ដេចទាំងទ្វេ សូមសម្ដេចជួយយកអាសាលោកយាយផង ព្រោះមានតែសម្ដេចទាំងទ្វេទេដែលអាចផ្ដល់ក្ដីសង្ឃឹមជូនលោកយាយ នាវេលាសេសសល់ចុងក្រោយនេះ៕