(​អ៊ី​ស្លា​ម៉ា​បាដ​)៖ ចំនួន​មនុស្ស​ស្លាប់ ដែល​បង្កឡើង​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​កណ្តាល​ទីក្រុង ឡា​ហ័រ (Lahor) ភាគ​ខាងកើត​ប្រទេស​ប៉ា​គី​ស្ថាន​នោះ បាន​កើនឡើង​ដល់ ៧២​នាក់​ហើយ ស្រប​ដែល​មនុស្ស​ប្រមាណ ៣១៥​នាក់​ទៀត បាន​ទទួល​រងរបួស​ធ្ងន់ និង​ស្រាល ដែល​ជាហេតុ​នាំ​ឲ្យ​មនុស្ស​ស្លាប់​នឹង​អាច​កើនឡើង​ជា​បន្ត បន្ទាប់​ទៀត​។ នេះ​បើ​តាម​ការផ្សាយ​របស់​ស៊ិន​ហួរ ចេញផ្សាយ Update នៅ​មុន​នេះ​បន្តិច នា​រសៀល​ថ្ងៃ​ចន្ទ ទី​២៨ ខែ​មីនា ឆ្នាំ​២០១៦​។​

​លោក Zaeem Qadri អ្នកនាំពាក្យ​នៃ​មន្ទីរ​រដ្ឋបាល​ក្នុង​ខេត្ត​ផាន់​ចាប់ (Punjab) បាន​លើកឡើង​ថា ក្នុង​ចំណោម​មនុស្ស​ស្លាប់​ទាំងអស់​មាន ២៩​នាក់​គឺជា​កុមារ​តូចៗ និង​កុមារ​សរុប​ជាង ៥០​នាក់​ផ្សេង​ទៀត ក៏​បាន​ទទួល​រងរបួស​ផងដែរ អំឡុង​ពេល​ដែល​មនុស្ស​ម្នា​ក៏​ច្រើន​កកកុញ បាន​ចូល​ពិធីបុណ្យ​នៃ សាសនា​គ្រឹស្ត​ដ៏​ធំ​មួយ​ក្នុង​ទីក្រុង​នៃ​ខេត្ត​ផាន់​ចាប់ ខាងលើនេះ ហើយក៏​មាន​ជន​មិន​ស្គាល់​មុខ​មួយរូប បាន​សម្រុកចូល​ទៅ​បំផ្ទុះ​ខ្លួនឯង​នាពេល​ល្ងាច​ថ្ងៃ​អាទិត្យ​នោះ​តែម្តង​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ករណី​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នេះ​គឺ​ជា​ទង្វើ​របស់​ក្រុម​ឧទ្ទាម Jamaat-ul-Ahrar ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ក្រុម​ឧទ្ទាម​តា​លីបង់ និង ISIS៕​