(ភ្នំពេញ)៖ គោលដៅត្រួតពិនិត្យចរាចរណ៍ចំនួន ៣៤គោលដៅ ក្នុងរាជធានីភ្នំពេញ បានទទួលការបរិច្ចាគទឹកបរិសុទ្ធ កម្ពុជាពីយុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងរយៈពេល២សប្តាហ៍ដំបូងនៃខែសីហា សម្រាប់ប្រើប្រាស់ក្នុងអំឡុងពេលបំពេញការងារសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ។

នេះគឺជាផ្នែកមួយនៃការបរិច្ចាគប្រចាំខែជូនដល់គោលដៅត្រួតពិនិត្យចរាចរណ៍ទូទាំង២៥ ខេត្តក្រុង ដើម្បីសម្រាលការលំបាករបស់នគរបាលចរាចរណ៍ ដែលបានចាប់ផ្តើមកាលពីខែមីនា រហូតដល់ ខែធ្នូ ឆ្នាំ ២០២១។

គោលដៅទាំងនោះរួមមាន ស្ពានដែកចំការដូង ស្ពានអាកាសស្ទឹងមានជ័យផ្លូវ២៧១ ស្តុប Nokia ផ្លូវ ២៧១ ស្តុបផ្សារដើមគរ ស្តុបអាងទឹកអូឡាំពិច ស្តុបប្រាសាទពេជ្រ ស្តុបសារមន្ទីរជាតិ ស្តុបសាលាចតុមុខ ស្តុបវត្តឧណ្ណាលោម ស្តុបនាគបាញ់ទឹកវិមានឯករាជ្យ ស្តុបពេទ្យចិនអគារ ៤២ជាន់ ស្តុបចំការមន ស្តុបបូកគោ ស្តុបក្បាលថ្នល់ ស្តុបផ្សារច្បារអំពៅ និងគោលដៅមួយចំនួនទៀត។

គួរបញ្ជាក់ថា ក្រៅពីការបរិច្ចាគខាងលើ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ក៏បានឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា និងភេសជ្ជៈជាច្រើនម៉ឺនកេស ជូនស្ថាប័នផ្សេងៗ ដើម្បីប្រើប្រាស់ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ផងដែរ៕