(ភ្នំពេញ)៖ សង្គ្រាមវាយដណ្តើមកាន់កាប់ដឹកដីអាហ្វហ្កានីស្ថានឡើងវិញពីសំណាក់ក្រុមតាលីបង់ បាននាំឱ្យអ្នកប្រវត្តិសាស្ត្រខ្មែរ អ្នកតាមដានព្រឹត្តិការណ៍សង្គម រួមទាំងអ្នកឆ្លងកាត់របបសាធារណរដ្ឋខ្មែរផង នឹកឃើញទៅដល់ព្រឹត្តិការណ៍សង្គ្រាមនៅកម្ពុជាពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥។ ជាពិសេសនឹកឃើញដល់ការដួលរលំនៃរបបសាធារណរដ្ឋខ្មែរនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ក្រោយពេលសហរដ្ឋអាមេរិកជាបង្អែកបានរលាស់ដៃចោល ទុកឱ្យអ្នកស្មោះស្ម័គ្រ ជឿជាក់ចំពោះអាមេរិក ក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងមូលធ្លាក់ក្នុងរបបកាប់សម្លាប់ដ៏សែនវេទនា។

កាលពី២០ឆ្នាំមុន សហរដ្ឋអាមេរិក បានបញ្ជូនកងទ័ពវាយចូលលុកលុយ និងផ្តួលរំលំរបបដឹកនាំនៅអាហ្វហ្កានីស្ថាន ដែលដឹកនាំដោយពួកតាលីបង់ ក្រោមហេតុផលថាប្រទេសនេះលាក់ទុក បេនឡាដិន ដែលអះអាងថាជាអ្នកវាយប្រហារអគារពាណិជ្ជកម្មអាមេរិកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ និងក្រោមហេតុផលមួយទៀតថា ជាការបិទបញ្ចប់នូវ «របបផ្តាច់ការ» ជាដើម។ ក្រោយបានផ្តួលរបបដឹកនាំចាស់ហើយនោះ សហរដ្ឋអាមេរិក ក៏បានដាក់ពង្រាយកងទ័ពក្នុងប្រទេសនេះ ដើម្បីគាំទ្រដល់រដ្ឋាភិបាលថ្មីមួយដែលពួកគេបានបង្កើតឡើង។

លោក រស់ ចន្ត្រាបុត្រ អ្នកប្រវត្តិសាស្ត្រនៅកម្ពុជា ហើយក៏ជាអ្នកហែលក្នុងសង្គ្រាមឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ នៃរបបសាធារណរដ្ឋខ្មែររបស់លោក លន់ នល់ ដែរនោះ បានលើកឡើងថា សង្គ្រាមនៅអាហ្វហ្កានីស្ថាន កាលពី២០ឆ្នាំមុននោះ គឺជាសង្គ្រាមមួយដែលសហរដ្ឋអាមេរិក បង្កើតឡើងដោយនាំបក្ខពួកនៅក្នុងណាតូ នៅក្នុងអូតង់ ទៅវាយប្រហារទៅលើប្រទេសអាហ្វហ្គានីស្ថាន ដោយយកលេសថា ប្រទេសអាហ្វហ្គានីស្ថាននេះ ជាអ្នកដែលបានលាក់ទុក ការពារបេនឡាដិន ដែលជាអ្នកបញ្ជាឱ្យមានភេរវកម្មទៅលើអគារពាណិជ្ជកម្មនៅទីក្រុងញូវយ៉ក របស់អាមេរិក នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ តែតាមពិត គឺជាសង្គ្រាមវាយយកទឹកដីអាហ្វហ្កានីស្ថាន មកបម្រើនៅក្នុងយុទ្ធសាស្ត្រ ភូមិសាស្ត្រនយោបាយរបស់ខ្លួន ដើម្បីធ្វើការគ្រប់គ្រងតំបន់អាស៊ីកណ្តាលតែប៉ុណ្ណោះ។

បន្ទាប់ពីបានផ្តួលរំលំរបបដឹកនាំចាស់របស់ពួកតាលីបង់ និងបង្កើតរដ្ឋាភិបាលថ្មី ដោយខ្លួនធ្វើជាបង្អែកហើយនោះ សហរដ្ឋអាមេរិក មិនបានជួយធ្វើឱ្យប្រសើរឡើងនូវស្ថានភាពនៅក្នុងប្រទេសអាហ្វហ្កានីស្ថាននោះឡើយ។ ទីបំផុតអាមេរិក បានសម្រេចដកខ្លួនទុកឱ្យកងទ័ពតាលីបង់ វាយដណ្តើមប្រទេសឡើងវិញ ហើយនាំមកនូវក្តីវេទនាជាថ្មី បន្ថែមលើក្តីវេទនាចាស់របស់ពលរដ្ឋអាហ្វហ្កានីស្ថានទាំងមូល។

ព្រឹត្តិការណ៍សង្គ្រាមនៅអាហ្វហ្កានីស្ថាននាពេលនេះ ក៏មិនខុសគ្នានឹងសង្គ្រាមនៅកម្ពុជាចន្លោះឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥នោះដែរ។ ក្រុមលោកសេនាប្រមុខ លន់ លន់ បាននាំគ្នាធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋសង្គមរាស្ត្រនិយមនៅថ្ងៃទី១៨ ខែមីនា ឆ្នា១៩៧០ ហើយបង្កើតរបបថ្មីមួយឆ្មោះថា «សាធារណរដ្ឋ» ដែលមានការគាំទ្រពីអាមេរិក។ បន្ទាប់ពីសង្គ្រាមរវាងកងទ័ពខ្មែរក្រហម និងអ្នកស្ម័គ្រស្មោះរបស់សម្តេច នរោត្តម សីហនុ រយៈពេលប្រមាណជា៥ឆ្នាំ របបសាធារណរដ្ឋខ្មែរបានដួលរលំទៅវិញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ការដួលរលំនេះ នៅក្រោយពេលសហរដ្ឋអាមេរិក បានសម្រេចឈប់ផ្តល់ជំនួយមកកម្ពុជា។ ការណ៍នេះ បាននាំឱ្យមេដឹកនាំរបបសាធារណរដ្ឋ ជាពិសេសព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ ដែលជាមេដឹកនាំជាន់ខ្ពស់មួយរូបនៃរបបសាធារណរដ្ឋ។ ព្រះអង្គម្ចាស់ សិរីមតៈ បានសម្តែងការខកចិត្តជាខ្លាំងចំពោះការទុកចិត្តលើសហរដ្ឋអាមេរិក ឱ្យគាំពាររបបគ្រប់គ្រងរបស់ខ្លួន។

សង្គ្រាមនៅអាហ្វហ្កានីស្ថាននាពេលនេះ ក៏បានធ្វើឱ្យអ្នកប្រវត្តិសាស្ត្រខ្មែររូបនេះ មើលឃើញភាពដូចគ្នាទៅនឹងសង្គ្រាមនៅកម្ពុជាក្នុងឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ផងដែរ។ ជាពិសេស គឺការដួលរលំនៃរបបសាធារណរដ្ឋខ្មែររបស់លោក លន់ នល់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ រដ្ឋាភិបាលទាំងពីរនេះ បានដួលរលំក្រោយពេលសហរដ្ឋអាមេរិក បានរលាស់ដៃចោលរបបដែលស្ម័គ្រស្មោះនឹងអាមេរិក។

«បើយើងក្រឡេកទៅមើលស្ថានភាពបច្ចុប្បន្ននៅប្រទេសអាហ្វហ្គានីស្ថាននេះ របៀបដែលហៅថាបែកបាក់គ្នា របៀបដែលហៅថា វាយប្រហារគ្នា សង្គ្រាម ច្របូកច្របល់ ភ័យស្លន់គ្រប់ទិសទី គ្រប់កន្លែងនេះ មិនខុសគ្នាពីកម្ពុជាទេ។ ដូចគ្នានៅកម្ពុជាយើងក្នុងសម័យសាធារណរដ្ឋខ្មែរនៅក្នុងឆ្នាំ១៩៧៥ ដែលកម្ពុជាត្រូវបានសហរដ្ឋអាមេរិកហ្នឹងបោះបង់ចោល»។ នេះជាការបញ្ជាក់របស់លោក រស់ ចន្ត្រាបុត្រ។

លោក រស់ ចន្ត្រាបុត្រ បន្ថែមថា «ដូច្នេះយើងអាចស្រមើស្រម៉ៃមើលទៅអនាគតឃើញថា អ្នកដែលធ្លាប់ធ្វើសហប្រតិបត្តិការជាមួយកងទ័ពអាមេរិកាំង ជាមួយអ្នកនយោបាយអាមេរិកាំង និងមានបញ្ហាចោទទៅអនាគតច្រើន។ អាចនឹងមានការកាប់សម្លាប់ និងមានការប្រល័យពូជសាសន៍ដូចជានៅកម្ពុជាអ៊ីចឹង។ ដូច្នេះឥឡូវនេះយើងនៅរង់ចាំមើលថា តើអ្នកនយោបាយ អ្នកដឹកនាំ របស់អាហ្វហ្គានីស្ថានហ្នឹង នឹងរត់ចោលស្រុកដូចអ្នកនយោបាយរបស់ខ្មែរនៅក្នុងសម័យ លន់ នល់ សម័យសាធារណរដ្ឋខ្មែរដែរឬទេ?»

ព្រឹត្តិការណ៍សង្គ្រាមនៅអាហ្វហ្កានីស្ថាន ក៏បានធ្វើឱ្យលោកសាស្ត្រាចារ្យ ហេង វណ្ណដា ជាអ្នកតាមដានព្រឹត្តិការណ៍សង្គមកម្ពុជា និងជាអ្នកដឹកនាំចលនាតស៊ូមួយ ដើម្បីផ្តួលរំលំរបបសង្គមរាស្ត្រនិយមមួយរូបដែរនោះ នឹកឃើញទៅដល់ព្រឹត្តិការណ៍នៃការដួលរលំនៃរបបសាធាណរដ្ឋខ្មែរ ក៏ដូចជាព្រឹត្តិការណ៍នៃជម្លៀសរបស់មន្ត្រីទូត និងមន្ត្រីរដ្ឋាភិបាលខ្មែរចេញពីភ្នំពេញនាថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៥ផងដែរ។

លោក ហេង វណ្ណដា បានលើកឡើងដូច្នេះថា «ប្រជាពលរដ្ឋពេលនោះទន់ខ្លួនអស់តែម្តង រកគិតអ្វីលែងឃើញ។ និយាយឱ្យចំចាញ់បោកអាមេរិកាំងតែម្តង នឹកឡើងក្តៅចិត្តជាមួយអាមេរិកាំង អ៊ីចឹងបានលែងទុកចិត្តពួកអាមេរិកាំង។ រឿងយើងនៅជាមួយខ្មែរក្រហមប៉ុណ្ណឹង គឺជារឿងចុកឈាមមួយហើយ រឿងវេទនាសឹងតែស្លាប់ទៅ ក៏សុខចិត្តស្លាប់»

លោក ហេង វណ្ណដា បន្ថែមថា «រឿងចុកឈាមខ្លាំងមែនទែន គឺចាញ់បោកអាមេរិកតែម្តង។ កាលជំនាន់ហ្នឹងនាំគេនាំឯងទៅធ្វើបដិវត្តន៍ផ្តួលរំលំស្តេច ធ្វើបដិវត្តន៍ផង នាំគ្នាប្រកាសសាធារណរដ្ឋផង ជាមួយសិស្សនិស្សិតដើរតវ៉ានៅមុខវាំង ចង់បានរបបថ្មីមួយរបស់អាមេរិក ក្រែងបានសុខ បានលុយច្រើនចូល។ ឱ្យវាសុខសប្បាយ មានឯណាអាមេរិករត់ចោល»

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា ក៏បានមើលឃើញដែរថា សង្គ្រាមនៅអាហ្វហ្កានីស្ថាននាពេលនេះ គឺមិនខុសពីសង្គ្រាមនៅកម្ពុជាឆ្នាំ១៩៧០ ទៅ ១៩៧៥នោះទេ។ ជាពិសេសលទ្ធផលសោកនាដកម្មនៃការដួលរលំរបបដឹកនាំរបស់អាហ្វហ្កានីស្ថាន និងសាធារណរដ្ឋខ្មែរក្រោយពេលអាមេរិកដកខ្លួនចេញ។

លោក គិន ភា បានលើកឡើងដូច្នេះថា «សម្រាប់ខ្ញុំព្រឹត្តិការណ៍ដែលកំពុងកើតឡើងនៅអាហ្វហ្គានីស្ថាននាពេលបច្ចុប្បន្ននេះ គឺមិនខុសគ្នានឹងព្រឹត្តិការណ៍ដែលកើតមាននៅក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៧៥នោះទេ។ ការយល់ឃើញបែបនេះរបស់អ្នកទាំងឡាយ ក៏ដូចជារូបខ្ញុំផ្ទាល់ដែរ រឿងនេះមិនសូវជាខុសគ្នានោះទេ។ ព្រោះយើងដឹងថា ក្រោយពេលអាមេរិកបោះបង់ចោលប្រទេសកម្ពុជា បោះបង់ចោលប្រជាជនកម្ពុជា គឺបានធ្វើឱ្យប្រទេសកម្ពុជាធ្លាក់ចូលក្នុងរបបអាវខ្មៅ របបប្រល័យពូជសាសន៍ ដែលជារបបមួយធ្វើឱ្យប្រជាពលរដ្ឋខ្មែររាប់លាននាក់ ត្រូវបានសម្លាប់ ហើយប្រជាពលរដ្ឋខ្មែរដែលនៅសេសសល់ពីការកាប់សម្លាប់ ពីការធ្វើទុក្ខបុកម្នេញ គឺត្រូវទ្រុឌទ្រោមទាំងរាងកាយ សុខភាពផ្លូវចិត្ត សុខភាពផ្លូវកាយសព្វបែបយ៉ាង»

កាយវិការរបស់អាមេរិករលាស់ដៃចោលរដ្ឋាភិបាលអាហ្វហ្កានីស្ថាននាពេលបច្ចុប្បន្ន ក៏ដូចជាការរលាស់ដៃចោលរបបសាធារណរដ្ឋខ្មែរ កាលពីឆ្នាំ១៩៧៥ នាំឱ្យលោកបណ្ឌិត គិន ភា មានទស្សនៈថា សហរដ្ឋអាមេរិកជាប្រទេសដែលមើលឃើញតែប្រយោជន៍ លុះអស់ប្រយោជន៍ក៏ត្រូវបោះបង់ចោលប្រទេសជាសម្ព័ន្ធមិត្តដោយគ្មានមនោសញ្ចេតនាអ្វីទាំងអស់។

បណ្ឌិត គិន ភា បានបញ្ជាក់ដូច្នេះ «នៅពេលអាមេរិកសំឡឹងឃើញផលប្រយោជន៍នៅប្រទេសកម្ពុជា ក្នុងល្បែងភូមិសាស្ត្រ នយោបាយក្នុងការប្រកួតប្រជែងមនោគមន៍វិជ្ជានយោបាយរបស់ខ្លួន គឺសហរដ្ឋអាមេរិក បានចូលមកគាំទ្ររបបដឹកនាំមួយ ហើយនៅពេលខ្លួនយល់ថា អស់ផលប្រយោជន៍ខ្លួនចាកចេញទៅវិញ ដែលធ្វើឱ្យប្រទេសកម្ពុជាធ្លាក់ចូលក្នុងរណ្តៅមរណៈ។ ដូចគ្នានឹងអាហ្វហ្កានីស្ថានដែរ រយៈពេល ២០ឆ្នាំ ដើម្បីមហិច្ឆតារបស់ខ្លួន ដើម្បីសម្រេចរបៀបវារៈនយោបាយរបស់ខ្លួន គឺអាមេរិកបានធ្វើឱ្យអាហ្វហ្កានីស្ថាន ប្រែក្លាយទៅជាអាហ្វហ្កានីស្ថានមួយដែលអ្វីត្រូវបានបាត់បង់ក្នុងពេលខ្លួនគិតថាអស់ផលប្រយោជន៍។ សហរដ្ឋអាមេរិកបានចាកចេញពីអាហ្វហ្កានីស្ថាន លទ្ធផលចុងក្រោយ គឺពួកតាលីបង់ បានចូលមកវាយលុក ចាប់ផ្តើមបំផ្លាញសេចក្តីសុខក្សេមក្សាន្តនៃប្រជាពលរដ្ឋអាហ្វហ្កានីស្ថាន អ៊ីចឹងគឺអត់ខុសពីខ្មែរដែលរងទុក្ខវេទនាទេ»

ជាមួយនឹងការកើតមាននូវព្រឹត្តិការណ៍សង្គ្រាមក្នុងប្រទេសអាហ្វហ្កានីស្ថាននេះ លោកបណ្ឌិត គិន ភា ក៏ឆ្លៀតសុំឱ្យអ្នកនយោបាយខ្មែរ ជាពិសេសអ្នកអាមេរិកនិយម ត្រូវចងចាំនូវសណ្តារបស់អាមេរិក គឺរាប់រកតែពេលមានប្រយោជន៍ប៉ុណ្ណោះ ពេលអស់ប្រយោជន៍ក៏បោះបង់ចោល។

លោក គិន ភា បានរំលឹកបែបនេះ «មេរៀននេះ សូមអ្នកនយោបាយខ្មែរទាំងអស់ចងចាំថា សហរដ្ឋអាមេរិក អត់មានមិត្តអមតៈជាមួយនរណាទេ គឺគិតតែពីផលប្រយោជន៍របស់គេ។ ផលប្រយោជន៍ជាយុទ្ធសាស្ត្រទាំងខាងនយោបាយ ទាំងខាងសេដ្ឋកិច្ច ទាំងខាងការទូត។ អ្វីៗទាំងអស់ ដើម្បីផលប្រយោជន៍របស់គេ គឺមិនមែនដើម្បីប្រជាជនអាហ្វហ្កានីស្ថាន គឺមិនមែនដើម្បីសេរីភាព មិនមែនដើម្បីសិទ្ធិមនុស្ស មិនមែនដើម្បីប្រជាធិបតេយ្យទេ គឺដើម្បីប្រយោជន៍សហរដ្ឋអាមេរិក ទោះជាចង់បំផ្លាញ ចង់កម្ទេចប្រទេសមួយ ប្រទេសពីរ ឬធ្វើឱ្យពិភពលោកចលាចលក៏ដោយ ដើម្បីសម្រេចផលប្រយោជន៍របស់គេ គឺគេធ្វើហើយ។ អ៊ីចឹងសូមឱ្យអ្នកនយោបាយ សូមឱ្យប្រជាពលរដ្ឋខ្មែរចងចាំនូវមេរៀននេះ កុំឱ្យជឿលង់ទៅតាមការអូសទាញ ការឃោសនារបស់ពួកមហាអំណាច ជាពិសេស គឺសហរដ្ឋអាមេរិកនេះឯង»

សូមបញ្ជាក់ថា រដ្ឋាភិបាលអាហ្វហ្កានីស្ថាន មានអាមេរិកជាបង្អែកកំពុងឈានទៅរកការដួលរលំហើយ ក្រោយពីសហរដ្ឋអាមេរិកសម្រេចដកកងទ័ព ដែលខ្លួនបានគ្រប់គ្រងរយៈពេលប្រមាណ ២០ឆ្នាំមកហើយ។ កងទ័ពតាលីបង់ បានវាយដណ្តើមកាន់កាប់ទីក្រុងជាច្រើន ហើយជិតឈានទៅវាយដណ្តើមយកទីក្រុងកាប៊ុលថែមទៀតផង។

ប្រជាពលរដ្ឋអាហ្វហ្កានីស្ថាន បន្តរងការលំបាកពីសង្គ្រាមមួយនេះ ហើយបាននាំគ្នាជម្លៀសខ្លួនចេញពីតំបន់ដែលកងទ័ពតាលីបង់វាយកាន់កាប់។ ដោយឡែកសហរដ្ឋអាមេរិក និងប្រទេសជាសម្ព័ន្ធមិត្ត បានត្រឹមបញ្ជូនទ័ព ដើម្បីជម្លៀសមន្ត្រីរបស់ខ្លួនចេញពីអាហ្វហ្កានីស្ថានប៉ុណ្ណោះ៕