(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋរស់នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ បានសម្តែងក្តីរំភើប និងការគោរពថ្លែងអំណរយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែផ្តល់ក្តីស្រលាញ់ និងការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ជាក់ស្តែងក្នុងថ្ងៃនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

ការចាក់វ៉ាក់សាំងនេះធ្វើឡើងតាមរយៈការជួយសម្របសម្រួលពីសំណាក់ លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារប្រចាំការដឹកនាំការអភិវឌ្ឍន៍ភូមិបឹងជ្រុកតេជោឈ្នះឈ្នះ , អភិបាលខេត្តបន្ទាយមានជ័យ, ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ ,លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ, លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ, លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ,លោក យ៉ាង គីមហ៊ុយ សប្បុរសជនគាំទ្រការអភិវឌ្ឍន៍តំបន់បឹងជង្រុកតេជោឈ្នះឈ្នះ និងក្រុមការងារប្រចាំការ បានសហការជាមួយអាជ្ញាធរមូលដ្ឋានឃុំទួលពង្រ និងអជ្ញាធរស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ប្រជាពលរដ្ឋក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ បានថ្លែងរំលឹកលើកឡើងថា បន្ទាប់ពីវិវាទដីធ្លីដ៏រ៉ាំរ៉ៃក្នុងតំបន់នេះ ត្រូវបានបញ្ចប់ក្រោមការដោះស្រាយតាមបែបឈ្នះឈ្នះ ដែលមានជំនួយពីក្រុមការងារខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី ពួកគាត់បានទទួលដីលំនៅដ្ឋានស្របច្បាប់ ជាមួយសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនទៀត ដែលបាននិងកំពុងអភិវឌ្ឍន៍សម្រេចបានជាង៨០ភាគរយហើយ។

ជាមួយគ្នានេះ ក្នុងខណៈពេលជំងឺកូវីដ-១៩ កំពុងគម្រាមកំហែងទូទាំងពិភពលោក រួមទាំងកម្ពុជាផងនោះ ប៉ុន្តែសម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរៀបចំចាត់ចែងគោលនយោបាយ និងវិធានការយ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលាសម្រាប់ការពារប្រជាពលរដ្ឋកម្ពុជា ក្នុងបរិបទជំងឺកូវីដ-១៩។

ក្នុងយុទ្ធសាស្ត្រនេះ ការជំរុញយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ក៏កំពុងបោះជំហានឈានទៅសម្រេចជោគជ័យតាមការគ្រោងទុក ព្រោះលទ្ធផលមកដល់ថ្ងៃនេះ ប្រជាពលរដ្ឋកម្ពុជាជាង៨០ភាគរយ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ហើយក្នុងនោះផង សម្រាប់ថ្ងៃនេះផ្ទាល់ បងប្អូនប្រជាពលរដ្ឋតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះចំនួន ៧៨៨នាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីសំណាក់ក្រុមគ្រូពេទ្យចល័តចាក់វ៉ាក់សាំងរបស់យោធភូមិភាគទី៥៕