(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីសម្រេចបិទជាបណ្តោះអាសន្ន ផ្សារក្បាលថ្នល់ ស្ថិតក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែនចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ តទៅរហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

បើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបានបញ្ជាក់ថា ត្រូវផ្អាកជាបណ្តោះអាសន្ននូវរាល់សកម្មភាពលក់ដូរ និងចេញចូលក្នុងផ្សារក្បាលថ្នល់។

រដ្ឋបាលខេត្តបានបន្ថែមទៀតថា អាជីវករគ្រប់រូបដែលប្រកបអាជីវកម្មនៅផ្សារក្បាលថ្នល់ត្រូវទៅពិនិត្យសំណាករកមេរោគកូវីដ១៩ នៅសាលាបឋមសិក្សាកំពង់ធំក្រុង។ ចំពោះបុគ្គលដែលធ្លាប់ចេញចូលផ្សារខាងលើ ត្រូវតាមដានសុខភាពរបស់ខ្លួនឯងជាប្រចាំបើមានរោគសញ្ញាសង្ស័យ ត្រូវប្រញាប់ទាក់ទងមកអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុត ដើម្បីយកសំណាកពិនិត្យរកមេរោគកូវីដ១៩។

បន្ថែមពីនេះ រដ្ឋបាលខេត្តបានបញ្ជាក់យ៉ាងច្បាស់ថា បុគ្គល ឬនីតិបុគ្គលទាំងឡាយណាដែលមិនអនុវត្តតាមខ្លឹមសារដូចមានចែងក្នុងប្រការ១ និងប្រការ២
នៃសេចក្តីសម្រេចនេះ ត្រូវអនុវត្តការផាកពិន័យអន្តរការណ៍ តាមសេចក្តីសម្រេចលេខ ០៤៦/២១សសរ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត ឬនិងផ្តន្ទាទោសដាក់ពន្ធនាគារស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ធំ៖