(កំពង់ស្ពឺ)៖ ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ បានបើកប្រតិបត្តិការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញ ប្រភេទ AstraZeneca ជូនដល់កងកម្លាំងរបស់ខ្លួន ព្រមទាំងភរិយា។

ក្នុងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣នេះដែរ កម្លាំងកងរាជអាវុធហត្ថ និងភរិយា គឺតម្រូវឱ្យធ្វើតេស្តរហ័ស (Rapid Test) ទាំងអស់គ្នា ដើម្បីរកមេរោគកូវីដ១៩។

នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានថ្លែងថា កម្លាំងកងរាជអាអាវុធហត្ថគឺជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ មានតួនាទីរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងពង្រឹងការអនុវត្តច្បាប់។

លោកមេបញ្ជាការបានបន្ថែមថា ក្រៅពីការងារស្នូលកម្លាំងអាវុធហត្ថ ក៏ចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយផ្សេងៗផងដែរ។ មិនតែប៉ុណ្ណោះមួយរយៈកាលចុងក្រោយនេះប្រទេសជាតិបានរងការញាំញីដោយជំងឺកូវីដ១៩ ជាពិសេសរដ្ឋបាលខេត្តកំពង់ស្ពឺ មានអ្នកឆ្លងជាច្រើនពាន់នាក់ រដ្ឋបាលខេត្តបានបង្កើតមណ្ឌលជាច្រើនកន្លែងដើម្បីព្យាបាលនិងធ្វើចត្តាឡីស័ក ដែលត្រូវការកម្លាំងកងរាជអាវុធហត្ថ ដើម្បីនៅមុខក្នុងការចូលរួមការពារ ថែរក្សានិងសម្របសម្រួលនៅទីតាំងផ្ទាល់។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានបញ្ជាក់ថា ដោយប្រការនេះហើយទើបមានមន្ត្រីអាវុធហត្ថមួយចំនួនបានឆ្លងជំងឺកូវីដ១៩ និងជាច្រើននាក់ផ្សេងទៀតបានដាក់ខ្លួនដោយឡែកដើម្បីធ្វើចត្តាឡីស័ក។

លោកឧត្តមសេនីយ៍ត្រី បានលើកឡើងផងដែរថា ស្ថិតក្នុងបរិការណ៍នៃការរីករាលដាលជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមការគិតគូពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស មន្ត្រីអាវុធហត្ថខេត្តកំពង់ស្ពឺ និងភរិយា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ តាំងពីដូសទី១ រហូតដល់ដូសទី៣ ដែលជាដូស ជំរុញ។

លោកសង្ឃឹមថា ក្រោយការចាក់វ៉ាក់សាំងដូសទី៣នេះ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់នឹងអាចជៀសផុតពីការឆ្លងនិងចម្លងជំងឺកូវីដ១៩ ពិសេសជំងឺបំប្លែងថ្មីប្រភេទ Delta ដែលកំពុងអង្រួនការភ័យខ្លាចរបស់ពលរដ្ឋនៃខេត្តមួយចំនួន។

នាយទាហាន នាយទហានរង នៃកងរាជអាវុធហត្ថ រួមទាំងភរិយា ពិសេសមេបញ្ជាការ មេបញ្ជាការរង នៃទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ បានសម្តែងនូវការដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីសេចក្តីសុខបងប្អូនប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជៀសផុតពីការឆ្លងនៃរោគចង្រៃ។

សូមបញ្ជាក់ផងដែរថាសម្រាប់យុទ្ធនាការនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣នេះ មានចំនួន៤០០ដូស សម្រាប់ចាក់ជូនមន្ត្រីកងរាជអាវុធហត្ថ និងភរិយា៕