(ភ្នំពេញ)៖ បេសកកម្មរយៈពេល៣ថ្ងៃជាប់ៗគ្នា របស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស ក្នុងការនាំយកនូវអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រគល់ជូនលោកតា លោកយាយអាយុ១០០ឆ្នាំឡើង និងអ្នកចាក់វ៉ាក់សាំងទី៨លាន ត្រូវបានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីអំណោយនោះត្រូវបានប្រគល់ជូនដល់ដៃរបស់ពួកគាត់។

បេសកកម្មរបស់លោកស្រី ឱ វណ្ណឌីន បានចាប់ផ្ដើមឡើងនៅព្រឹកព្រលឹមថ្ងៃទី១១ ខែសីហា រហូតបិទបញ្ចប់នៅល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។ បេសកកម្មដែលស្ទើរគ្មានពេលសម្រាកនេះ គឺផ្ដើមចាកចេញពីទីស្ដីការក្រសួងសុខាភិបាល នៅរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តកំពង់ចាម, ត្បូងឃ្មុំ, ក្រចេះ, ស្ទឹងត្រែង, ព្រះវិហារ និងខេត្តកំពង់ធំ។

ក្នុងបេសកកម្មនេះ គឺលោកតា លោកយាយ អាយុចាប់ពី១០០ឆ្នាំឡើង ចំនួន១២នាក់ និងអ្នកចាក់វ៉ាក់សាំងលេខរៀងទី៨លានម្នាក់ ដែលបានទទួលអំណោយមនុស្សធម៌របស់សម្ដេចតេជោ ហ៊ុន សែន។

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ លោកតា លោកយាយ ចំនួន៧នាក់នៅខេត្តកំពង់ចាម, ត្បូងឃ្មុំ, ក្រចេះ និងខេត្តស្ទឹងត្រែង រួមមាន៖

* ទី១៖ លោកយាយ គឹម សុក្នន អាយុ១០០ឆ្នាំ រស់នៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម
* ទី២៖ លោកតាឈ្មោះ យ៉ាំ ហយ អាយុ១០០ឆ្នាំ រស់នៅភូមិទី៦ ឃុំកំពង់ទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
* ទី៣៖ លោកយាយឈ្មោះ កៅ ម៉ាស់ អាយុ១០១ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិគរ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
* ទី៤៖ លោកតាឈ្មោះ ឡាក់ គិច អាយុ១០១ឆ្នាំ ភូមិលេខបួនកើត ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
* ទី៥៖ លោកតា ណឹម ស៉ីម អាយុ១០១ឆ្នាំ រស់នៅភូមិអំពិលត្បូង ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
* ទី៦៖ លោកតា មឹង ហាន់ អាយុ១០០ឆ្នាំ រស់នៅភូមិបុស្សលាវក្រោម ឃុំបុស្សលាវ ស្រុកចិត្របុរី ខេត្តក្រចេះ
* ទី៧៖ លោកយាយ ថង ដាំ អាយុ១០៩ឆ្នាំ ជនជាតិខ្មែរ-ឡាវ រស់នៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

លុះនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ លោកស្រី ឱ វណ្ណឌីន បានបន្ដបេសកកម្មពេញមួយថ្ងៃទៀត ក្នុងការនាំយកអំណោយមនុស្សធម៌របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ផ្ដល់ជូនអ្នកទី៨លាន នៃការចាក់វ៉ាក់សាំង និងលោកតា លោកយាយ អាយុ១០០ឆ្នាំឡើង។ បេសកកម្មពេញមួយថ្ងៃនេះ គឺផ្ដើមចេញពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ទីដែលរកឃើញអ្នកចាក់វ៉ាក់សាំងទី៨លាន ជាជនជាតិខ្មែរកាត់ឡាវ។ ទីនោះជាតំបន់ដាច់ស្រយាល នឹងត្រូវធ្វើដំណើរជាច្រើនម៉ោងទើបទៅដល់គោលដៅ។

អ្នកទី៨លាន ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ ឈ្មោះ ថឹង ថា អាយុ៥៦ឆ្នាំ ជនជាតិខ្មែរឡាវ រស់នៅភូមិដនឡុង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ រូបគាត់បានចាក់វ៉ាក់សាំងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១។ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដល់ជូននាឱកាសនោះ រួមមាន ថវិកាចំនួន១០លានរៀល និងគ្រឿងឧបភោគ បរិភោគជាច្រើនផ្សេងទៀតផងដែរ។

ក្រោយបញ្ចប់ការប្រគល់អំណោយជូនអ្នកទី៨លានភ្លាម ដោយមិនបង្អង់យូរឡើយលោកស្រី ឱ វណ្ណឌីន បានដឹកនាំក្រុមការងារធ្វើដំណើរឆ្ពោះទៅកាន់ខេត្តព្រះវិហារ ដើម្បីយកអំណោយប្រគល់ជូនលោកតាម្នាក់ ដែលមានអាយុ១០១ឆ្នាំ ក្រោយស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

លោកតាដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំង ហើយទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន នាឱកាសនេះ ឈ្មោះ ញ៉ិក យ៉ង់ អាយុ១០១ឆ្នាំ រស់នៅភូមិប្រធាតុ ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ទីតាំងអាសយដ្ឋានរបស់លោកតា គឺស្ថិតនៅជើងភ្នំត្បែង នៃខេត្តព្រះវិហារ ដែលក្រុមការងារត្រូវធ្វើដំណើរជាច្រើនគីឡូម៉ែត្រទើបទៅដល់ទីនោះ។

ក្នុងនាមជាសេនាធិការជូនសម្ដេចតេជោនាយករដ្ឋមន្ដ្រី បន្ទាប់ពីប្រគល់អំណោយជូនលោកតាអាយុ១០១ឆ្នាំរួច លោកស្រី ឱ វណ្ណឌីន បានបន្ដដំណើរមកកាន់ខេត្តកំពង់ធំ ដើម្បីផ្ដល់អំណោយជូនលោកយាយ សុខ អេង អាយុ១០២ឆ្នាំ រស់នៅភូមិកន្ធាន ឃុំប្រឡាយ ស្រុកស្ទោង។

បន្ទាប់ពីសម្រាកនៅខេត្តកំពង់ធំមួយយប់ហើយនោះ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ លោកស្រីប្រធានគណៈកម្មការចំពោះកិច្ច បានបន្ដនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ជូនលោកយាយចំនួន២នាក់បន្ថែមទៀត ដែលមានអាយុ១០២ឆ្នាំ រួមមាន៖

*ទី១៖ លោកយាយ សែម លាន អាយុ១០២ឆ្នាំ រស់នៅភូមិបឹងប្រា ឃុំឈើទាល ស្រុកសណ្ដាន់
*ទី២៖ លោកយាយ ស្ដើង សុខុម អាយុ១០២ឆ្នាំ រស់នៅភូមិទំអរ ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

សូមជម្រាបថា ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន តែងតែបាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកតា លោកយាយ ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាពរបស់ពួកគាត់ ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ។

លោកយាយ និងលោកតា ដែលបានចាក់វ៉ាក់សាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលអនុញ្ញាតឲ្យគាត់បានចាក់វ៉ាក់សាំង និងបានផ្ដល់អំណោយជូនរូបគាត់នៅឱកាសនេះ។

ពួកគាត់ក៏បានផ្ដាំផ្ញើនូវក្ដីនឹក និងអាណិតស្រលាញ់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈលោកស្រី ឱ វណ្ណឌីន ផងដែរ។ លោកតា និងលោកយាយបន្ថែម តាំងពីដើម រហូតមកដល់ពេលនេះមិនមានអ្នកណាដឹកនាំល្អដូចសម្ដេចតេជោ ហ៊ុន សែន នោះឡើយ។ បើតាមការសាកសួរ ពួកគាត់ហាក់មានសុខភាពល្អ ជាងកាលពីពេលមិនទាន់បានចាក់វ៉ាក់សាំង ទាំងការសំរាន និងការហូបចុកប្រចាំថ្ងៃជាដើម ដែលធ្វើឲ្យកូនចៅរបស់គាត់ មានក្ដីសប្បាយរីករាយជាខ្លាំង។

បន្ថែមពីនេះ លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា ការសម្រេចចិត្តទៅចាក់វ៉ាក់សាំងពីសំណាក់លោកតា និងលោកយាយ ដែលមានជន្មាយុចាប់១០០ឆ្នាំឡើង គឺបង្ហាញពីគំរូមួយដ៏ល្អសម្រាប់មនុស្សពេញវ័យ និងកុមារ ដែលមានអាយុចាប់ពី១២ឆ្នាំ ទៅដល់ក្រោម១៨ឆ្នាំ ដើម្បីទៅទទួលនូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ឲ្យបានគ្រប់ៗគ្នា។

គួរជម្រាបថា គិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ លោកតា លោកយាយ មានអាយុចាប់ពី១០០ឆ្នាំឡើងទៅ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៥៣នាក់ហើយ ដែលបានទទួលអំណោយមនុស្សធម៌របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងនោះរួមមាន ថវិកាចំនួន៣លានរៀល និងគ្រឿងឧបភោគបរិភោគជាច្រើនទៀតផងដែរ៕