(ភ្នំពេញ)៖ ពិភពលោកកំពុងតាមដានដោយយកចិត្តទុកដាក់ចំពោះព្រឹត្តិការណ៍ នៅប្រទេសអាហ្វហ្គានីស្ថាន នាពេលបច្ចុប្បន្នដែលក្រុមតាលីបង់ បានវាយដណ្ដើមកាន់កាប់បានទីក្រុងជាច្រើន ក្នុងរយៈពេលត្រឹមតែមួយសប្ដាហ៍ ហើយម្លាំងតាលីបង់បាននិងកំពុងតែបន្តរុលឆ្ពោះទៅកាន់កាប់រដ្ឋធានីកាប៊ុល ដើម្បីឈានទៅគ្រប់គ្រងអំណាចទាំងស្រុងនៅអាហ្វហ្គានីស្ថាន។ ស្ថានភាពនេះបានកើតឡើងមិនយូរប៉ុន្មានក្រោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្រដកខ្លួនចេញពីអាហ្វហ្គានីស្ថាន បន្ទាប់ពីបានជួយរដ្ឋាភិបាលទីក្រុងកាប៊ុល ២០ឆ្នាំរួចមក។

អ្វីដែលកំពុងតែកើតឡើងនៅអាហ្វហ្គានីស្ថាននៅពេលនេះ គឺជាព្រឹត្តិការណ៍ដែលធ្លាប់បានកើតឡើងរួចមកហើយនៅប្រទេសកម្ពុជា និងនៅប្រទេសវៀតណាមខាងត្បូង កាលពីអំឡុងឆ្នាំ១៩៧៥។ តើរូបភាពនៅអាហ្វហ្គានីស្ថានពេលនេះគឺជាដំណើរឆ្ពោះទៅរកភាពបរាជ័យដ៏អាម៉ាស់សាជាថ្មីរបស់មហាអំណាចសហរដ្ឋអាមេរិកនៅទ្វីបអាស៊ី បន្ទាប់ពីចាញ់សង្គ្រាមបោសគូថខោនៅតំបន់ឥណ្ឌូចិននាកាលឆ្នាំ ១៩៧៥?

ឆ្នាំ១៩៧៥ គឺជាការបរាជ័យដ៏ធំ និងដ៏អាម៉ាស់បំផុតរបស់មហាអំណាចសហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមឥណ្ឌូចិន។ ទីក្រុងភ្នំពេញត្រូវបានគ្រប់គ្រងដោយខ្មែរក្រហម នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបសាធារណរដ្ឋខ្មែររបស់សេនាប្រមុខ លន់ នល់ និងទ្រង់ស៊ីសុវត្ថិ សិរិមតៈ ដែលសហរដ្ឋអាមេរិកគាំទ្រត្រូវបានផ្តួលរំលំជាស្ថាពរ។
ទីក្រុងសៃហ្គន គ្រប់គ្រងដោយរដ្ឋាភិបាលសាធារណរដ្ឋវៀតណាមខាងត្បូង គាំទ្រដោយសហរដ្ឋអាមេរិក ត្រូវបានធ្លាក់ក្នុងដៃរបស់វៀតណាមខាងជើង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥។ ឆ្នាំ១៩៧៥ ក្រោយប្រកាសដកខ្លួនចេញ សហរដ្ឋអាមេរិក មិនអាចជួយអ្វីដល់រដ្ឋាភិបាលសម្ព័ន្ធមិត្តរបស់ខ្លួនឡើយ ក្រៅពីប្រើបន្សល់ទុកកម្លាំងទ័ពបន្តិចបន្តួច និងប្រើយន្តហោះទម្លាក់គ្រាប់បែកលួងចិត្តអតីតសម្ព័ន្ធមិត្តរបស់ខ្លួន។ តែតាមពិតនេះជាយុទ្ធវិធីប្រើកម្លាំងដើម្បីការពារការជម្លៀសមន្ត្រីបុគ្គលិករបស់ខ្លួនពីស្ថានទូតប៉ុណ្ណោះ ខណៈកម្លាំងនៃកងទ័ពរំដោះរុលចូលមកកាន់ទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា និងកម្លាំងរបស់វៀតណាមខាងជើង រុលចូលគ្រប់គ្រងទីក្រុងសៃហ្គន នៃប្រទេសវៀតណាមខាងត្បូង។

អ្វីដែលបាននិងកំពុងតែកើតឡើងនៅអាហ្វាហ្គានីស្ថាននាពេលនេះគឺដូចគ្នាបេះបិតនឹងអ្វីដែលបាន កើតឡើងនៅកម្ពុជា និងវៀតណាមខាងត្បូងកាលពី៤៥ឆ្នាំមុន។ ៤៥ឆ្នាំមុន ក្រៅពីការក្រោយត្រូវបានអាមេរិកបោះបង់ចោល របបដឹកនាំវៀតណាមខាងត្បូង បានដួលរលំ ហើយជនជាតិវៀតណាមខាងត្បូង ដែលធ្លាប់ធ្វើការឱ្យសហរដ្ឋអាមេរិក ត្រូវប្រឈមមុខនឹងគ្រោះថ្នាក់។

ដូចគ្នានេះដែរ ជនជាតិខ្មែរដែលបម្រើការឱ្យសហរដ្ឋអាមេរិក និងអ្នកដែលបានឃុបឃិតជាមួយសហរដ្ឋអាមេរិកធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ពីតំណែងត្រូវទទួលរងគ្រោះថ្នាក់ដល់អាយុជីវិតដូចជាអតីតមន្ត្រីរដ្ឋការ ទាហានរបស់សាធារណរដ្ឋខ្មែរ ហើយមេដឹកនាំនៃរបបសាធារណរដ្ឋខ្មែរ ត្រូវបានខ្មែរក្រហមចាត់ទុកថា ជាជនក្បត់ និងត្រូវបានចាប់ខ្លួន និងសម្លាប់ភ្លាមៗនៅពេលខ្មែរក្រហមគ្រប់គ្រងប្រទេស ក្នុងនោះមានទ្រង់ ស៊ីសុវត្ថិ សិរិមតៈ អតីតនាយករដ្ឋមន្ត្រី សាធារណរដ្ឋខ្មែរ, ឡុង បូរ៉េត លន់ ណុន ប្អូនប្រុសរបស់សេនាប្រមុខ លន់ នល់ ជាដើម។ វាសនានៃមន្ត្រីបម្រើការងារឱ្យសហរដ្ឋអាមេរិក និងមន្ត្រីនៃរដ្ឋាភិបាលអាហ្វហ្គានីស្ថានបច្ចុប្បន្ន ក៏បាននិងកំពុងប្រឈមមុខគ្រោះថ្នាក់ដូចគ្នានឹងមន្ត្រីជនជាតិខ្មែរ និងជនជាតិវៀតណាមកាលពីឆ្នាំ១៩៧៥ដែរ។

នៅកម្ពុជា ក្រោយពេលអាមេរិកដកខ្លួនចេញ បានធ្វើឱ្យកម្ពុជាដែលខ្ទេចខ្ទាំដោយការទម្លាក់គ្រាប់បែកប្រមាណ៣លានតោន របស់អាមេរិកធ្លាក់ចូលទៅក្នុងអំពើ ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និង ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិប្រព្រឹត្តឡើងដោយក្រុមខ្មែរក្រហមប៉ុលពត។ លើសពីនេះ មេរៀនបទពិសោធន៍ ប្រវត្តិសាស្ត្រដែលពលរដ្ឋខ្មែរគ្រប់រូបចាំមិនភ្លេចនោះ គឺព្រះបន្ទូលរបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ ចុងក្រោយប៉ុន្មានថ្ងៃរបបសាធារណរដ្ឋខ្មែរគាំទ្រ ដោយសហរដ្ឋអាមេរិកដួលរលំគឺព្រះអង្គបង្ហាញការខកទឹកព្រះទ័យ សោកស្តាយយ៉ាងខ្លាំងបំផុតដែលព្រះអង្គបានជឿលើ «មិត្តអាមេរិក» ដែលព្រះអង្គបានជឿទុកចិត្ត ថានឹងមិនបោះបង់ចោលរបបសាធារណរដ្ឋខ្មែរ ហើយចុងក្រោយបានត្រឹមផ្តល់សិទ្ធិជ្រកកោនផ្នែកនយោបាយជាសំណងលួងចិត្ត ចំពោះការគាំទ្រសហរដ្ឋអាមេរិក និងដើរតាមបន្ទាត់នយោបាយរបស់អាមេរិកនាពេលកន្លងមក។

បន្ទូលរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ដែលបានជូនទៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក គឺជាមេរៀនប្រវត្តិសាស្ត្រដែលកូនខ្មែរគួរដឹង៖

«ជូនចំពោះឯកឧត្ដម និងមិត្ដភ័ក្ដិជាទីស្រឡាញ់នៃខ្ញុំ!

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសារលិខិតក្នុងការស្នើអញ្ជើញខ្ញុំទៅកាន់ប្រទេសឯកឧត្ដម ដែលពោរពេញដោយសេរីភាព។ ប៉ុន្ដែគួរឱ្យសោកស្ដាយ ខ្ញុំមិនអាចចាកចេញពីប្រទេសនេះ ក្នុងស្ថានភាពកំសាកបែបនេះទេ។ សម្រាប់រូបឯកឧត្ដម និងជាពិសេសប្រទេស មហាអំណាចរបស់ឯកឧត្ដម ខ្ញុំមិនដែលជឿក្នុងមួយនាទីណា ដែលឯកឧត្ដមមានគំនិតបោះបង់ ប្រជាជនមួយជ្រើសរើសយកសេរីភាពឡើយ។

ឯកឧត្ដមបានបដិសេធមិនផ្ដល់ការគាំពារដល់ពួកគេ ហើយយើងក៏មិនអាចធ្វើអ្វីបានដែរចំពោះរឿងនេះ។ ឯកឧត្ដមបានចាកចោលពួកយើង ហើយខ្ញុំសូមឱ្យឯកឧត្ដម និង ប្រទេសរបស់ឯកឧត្ដមរស់នៅដោយសេចក្ដីសុខ។ ប៉ុន្ដែឯកឧត្ដមត្រូវចងចាំថា ខ្ញុំសុខចិត្ដស្លាប់នៅទីនេះនៅក្នុងប្រទេសដែលខ្ញុំស្រឡាញ់ វាជារឿងអាក្រក់ណាស់ ព្រោះយើងត្រូវ កើតនិងស្លាប់ថ្ងៃណាមួយចៀសមិនរួច។ ខ្ញុំមានកំហុសតែមួយប៉ុណ្ណោះ គឺជឿជាក់លើឯកឧត្ដម ដែលជាជនជាតិអាមេរិក»។

ភាពជ្រាំដែលនៃប្រវត្តិសាស្ត្រកាលពី៤៥ឆ្នាំមុននៅឥណ្ឌូចិន ឥឡូវនេះបានកើតឡើងសាជាថ្មីក្នុងប្រទេសអាហ្វហ្គានីស្ថាន។

តើនរណាជាអ្នករងគ្រោះជំនួសប្រជាជនអាហ្វានីស្ថាន? គឺមានតែប្រជាជនអាហ្វហ្គានីស្ថានខ្លួនឯងប៉ុណ្ណោះ! ទាំងអ្វីដែលបានកើតឡើងនៅក្នុងសង្គ្រាមឥណ្ឌូចិន នាឆ្នាំ១៩៧៥ និងនៅអាហ្វហ្គានីស្ថាននៅពេលនេះ ជាទឡ្ហីករណ៍ថ្មីមួយទៀតអំពីការទុកចិត្តបរទេសដែលហួសហេតុ និងងុបងុលជ្រុលហួសហេតុ ព្រោះនៅក្នុងទំនាក់ទំនងការទូត គ្មានពាក្យថា មិត្តឬសត្រូវឡើយ គឺមានតែផលប្រយោជន៍ប៉ុណ្ណោះ ហើយបើមិនមានផលប្រយោជន៍បន្តទៀតទេ នោះនឹងត្រូវគេបោះបង់ចោល។

ការសន្យារបស់មហាអំណាចអាមេរិក ចំពោះមុខនៃប្រទេស និងរដ្ឋាភិបាលសម្ព័ន្ធមិត្តរបស់ខ្លួនទាំងក្នុងអតីតកាល និងបច្ចុប្បន្នកាល គឺការពាររដ្ឋធម្មនុញ្ញ ជួយការពារថែរក្សាឯករាជ្យភាព និងអធិបតេយ្យភាព និងបូរណភាពដែនដីរបស់ប្រទេសនោះ តែធាតុពិតអ្វីដែលសហរដ្ឋអាមេរិកបានធ្វើគឺការរំលោភបំពានលើឯករាជ្យភាព និងអធិបតេយ្យភាពដែនដី និងកិច្ចការផ្ទៃក្នុងនៃប្រទេសនោះដូចករណីកម្ពុជាពីអតីតកាលជាឧទាហរណ៍ស្រាប់ រដ្ឋបាលអាមេរិកសម្រេចទម្លាក់គ្រាប់បែកជាសម្ងាត់ មកលើប្រទេសកម្ពុជា និងថែមទាំងគាំទ្រ លន់ នល់ និង ស៊ីសុវត្ថិ សិរិមតៈផ្តួលរំលំរបបដឹកនាំដោយសម្តេចឪ នរោត្តម សីហនុ នាំយកកម្ពុជាចូលក្នុងសង្គ្រាមស៊ីវិល និងការសម្លាប់រង្គាលថែមទៀត។

តាមរយៈព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងអ្វីដែលកំពុងតែកើតឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និង ប្រទេសផ្សេងទៀតដូចជាអ៉ីរ៉ាក់ដែលផ្តួលរំលំរបបសាដាម ហ៊ូសេនដោយការអន្តរាគមន៍យោធា និងបណ្តាប្រទេសមួយចំនួនទៀត ដោយការប្រើអំណាចប្រជាពលរដ្ឋផ្តួលរំលំតាមរយៈបដិវត្តន៍ពណ៌គឺគ្មានប្រទេសណាមួយដែលមាន សុខសន្តិភាព និងការអភិវឌ្ឍឡើយ តែផ្ទុយមកវិញបានក្លាយជាប្រទេសដែលស្អាតមក ជាប្រទេសដែលខ្ទចខ្ទាំដោយគ្រាប់កាំភ្លើង និងការទម្លាក់គ្រាប់បែក អគារដែលឈរស្កឹមស្កៃបែរជាដួលរាបដល់ដី ពលរដ្ឋរស់នៅក្នុងភ្នក់ភ្លើងសង្គ្រាម ឈាមនិងទឹកភ្នែក។

នេះជាមេរៀនសម្រាប់សម្ព័ន្ធមិត្តអាមេរិកផ្សេងទៀតដែលមិនត្រូវទុកចិត្តខ្លាំងពេកនោះឡើយ។ ដូច្នេះគេមិនត្រូវពឹងនិងផ្តេកផ្តួលលើការសន្យារបស់មហាអំណាចមួយចំនួន លើការការពារថែរក្សាឯករាជ្យភាព និងអធិបតេយ្យភាព និងបូរណភាពដែនដី និងជួយខ្លួនគ្រប់ពេលវេលាឡើយ ហើយគួរកុំធ្វើឫកខែងរែងប្រមាថមកលើប្រទេសដទៃ ឬប្រមាថមកលើរដ្ឋាភិបាលដែលកំពុងតែដឹកនាំប្រទេស និងប្រមាថមកលើជាតិសាសន៍ខ្លួន ពេលមានបរទេសញុះញង់និងគាំទ្រពីក្រោយខ្នងឡើយ ព្រោះគ្មានបរទេសណាគិតគូរពីជាតិខ្លួនដូចជនជាតិខ្លួនទេ។ មេរៀននៅអាហ្វហ្គានីស្ថាននាពេលបច្ចុប្បន្ន និងនៅកម្ពុជា និងវៀតណាមនៅឆ្នាំ១៩៧៥ ជាតឹកតាងយ៉ាងច្បាស់ក្រឡែត៕

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១