(បាត់ដំបង)៖ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ ដឹកនាំដោយលោក ងី សែត អនុប្រធានគណ:កម្មាធិការសាខាតំណាងលោក ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា និងសហការីបាននាំយកទេយ្យទាន ព្រមទាំងគ្រឿងបរិក្ខារមួយចំនួន ប្រគេនព្រះសង្ឃចំនួន៦០អង្គ កំពុងធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ កំពុងជួបការលំបាកក្នុងផ្គត់ផ្គង់ចង្ហាន់។

វត្តចំនួន២ ដែលទទួលបានទេយ្យទាននាពេលនេះរួមមាន៖ វត្តសង្កែចំនួន ៣៦អង្គ និងវត្តសូភីចំនួន២៤អង្គ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលកំពុងធ្វើចត្តាឡីស័កក្រោយពេលដែលប៉ះពាល់ប្រយោលនឹងផ្ទាល់ជាមួយព្រះសង្ឃ និងកូនសិស្ស ដែលមានវិជ្ជាមានកូវីដ១៩។

នាឱកាសនោ លោក ងី សែត ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោក ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខព្រះសង្ឃ និងប្រជាពលរដ្ឋគ្រប់ទិសទីទូទាំងប្រទេសកម្ពុជា។

លោក ងី សែត បានបន្តថា សម្តេចតែងបានចាត់តំណាងចុះអន្តរាគមន៍ផ្តល់ជំនួយសង្រ្គោះជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលាតាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»

គូបញ្ជាក់ឱ្យដឹងថា ព្រះសង្ឃដែលត្រូវធ្វើចត្តាឡីស័កវត្តខាងលើក្រោយ ដែលជាអ្នកប៉ះពាល់ដោយប្រយោលនឹងផ្ទាល់ ជាមួយក្មេង
វត្តដែលកើតជំងឺកូវីដ១៩ និងប៉ះពាល់ប្រយោលក្រោយទៅបុណ្យសពពុទ្ធបរិស័ទ។

ក្រោយពីរកឃើញព្រះសង្ឃ២អង្គ និងកូនសិស្សវត្តដែលវិជ្ជមានជំងឺកូវីដ១៩ ខាងលើកនោះភ្លាមរដ្ឋបាលក្រុង បានរៀបចំវិធានការទប់ស្កាត់ដោយនិមន្តព្រះសង្ឃ និងកូនសិស្សដែលវិជ្ជមានជំងឺកូវីដ១៩ ទៅព្យាបាលកម្រិតស្រាលនៅវិទ្យាល័យសម្តេចឪ និងវិទ្យាល័យព្រះមុនីវង្ស។ ដោយឡែកព្រះសង្ឃប៉ះពាល់ផ្ទាល់ និងប្រយោល ត្រូវបិទខ្ទប់ក្នុងបរិវេណវត្តដោយមិនអនុញ្ញាតឱ្យនិមន្តចេញក្រៅវត្តនោះទេ ពោលគឺរង់ចាំរយៈពេល១៤ថ្ងៃ ទើបអនុញ្ញាតឱ្យបើកវត្តធម្មតាឡើងវិញ។

ក្នុងឱកាសនោះដែល លោក ងី សែត បានបន្ថែមដថា ការធ្វើចត្តាឡីស័កនេះ គឺស្របតាមគោលការណ៍របស់ក្រសួងសុខាភិបាល និងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

លោកក៏បានកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន ដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលបានធ្វើចត្តាឡីស័ក និងបានរាយការណ៍ជូនរដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីនាំយកទេយ្យទាន និងអំណោយមកប្រគេនព្រះសង្ឃបានទាន់ពេលវេលា បើទោះបីជាគ្រឿងបរិក្ខានេះ មិនមានច្រើនក៏ពិតមែន។ ប៉ុន្តែ វាអាចដោះស្រាយជីវភាព ចង្ហាន់បានមួយរយៈពេលផងដែរ ខណៈដែលមិនអាចចេញទៅក្រៅ និមន្តបិណ្ឌបាត្របាន។

ឆ្លៀតក្នុងឱកាសនោះដែរ លោកក៏បានផ្តាំផ្ញើទៅព្រះសង្ឃទាំងអស់ សូមនិមន្តទៅទទួលការចាក់វ៉ាក់សាំងបង្ការទាំងអស់គ្នា ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩នេះ ទៅក្នុងសហគមន៍ ក៏ដូចជាក្នុងប្រទេសកម្ពុជាទាំងមូលផងដែរ។

គួរបញ្ជាក់ថា ទេយ្យទានដែលបានប្រគេនព្រះសង្ឃចំនួន២វត្តខាងលើ ដោយក្នុងមួយវត្តៗទទួលបាន៖ អង្ករ ១០ការ៉ុង ស្មើរនឹង២៥គីឡូក្រាម, ទឹកបរិសុទ្ធវីឃែរ ២០កេស, មី៥កេស, ទឹកត្រីនឹងទឹកស៊ីអ៊ីវ ១០យួរ, ត្រីងៀតចំនួន ១០គីឡូក្រាម, ម៉ាស់ ៤ប្រអប់, ទឹកអាល់កុល ១ដប និងបច្ច័យចំនួន ២០ម៉ឺនរៀលផងដែរ។ បន្ថែមពីនេះទៀត ក្នុងនោះសាខាសមាគមន៍សិស្សនិស្សិតក្មេងវត្តខេត្តបាត់ដំបង ដែលមានលោក ហេង ជំនិត ជាប្រធានបានប្រគេនត្រីខ ចំនួន២កេស (២០យួរ) បន្ថែមផងដែរ៕