(​វិទ្យាសាស្ត្រ​)៖ ជា​ការពិត​ណាស់​ឥឡូវ​នេះ​គឺ​ឆ្នាំ ២០១៦ ហើយ ដែល​វា​ជា​ពេល​ដ៏​តានតឹង សម្រាប់​ទីភ្នាក់ងារ​អវកាស​អាមេរិក NASA ដែលជា​អ្នក​នាំមុខ​គេ​ក្នុង​បេសកកម្ម​ទៅ​កាន់​ភព​អង្គារ​។ ប៉ុន្តែ​វា​មិនមែន​តែ​អាមេរិក​ទេ ដែល​កំពុង​តែ​សិក្សា​ស្រាវជ្រាវ​រឿងនេះ​យ៉ាង​លំបាកលំបិន ក្នុងនោះ​អឺរ៉ុប រុស្ស៊ី និង ឥណ្ឌា ក៏​បាន​និង​កំពុង​ធ្វើ​វា​យ៉ាង​សកម្ម ផង​ដែរ​ជាមួយ​នឹង​ផល​លំបាក​នៃ​ស្ថានភាព​សេដ្ឋកិច្ច​រៀងៗ​ខ្លួន​។​

​បើ​ប្រៀបធៀប​ជាមួយ​អង្គការ​ផ្សេងៗ NASA ហាក់​នាំមុខគេ​ខ្លាំង​ក្នុង​បេសកកម្ម​ភព​អង្គារ ទាំង​ការ​ចុះចត​យាន លើ​ភព​ក្រហម​នេះ​ជាច្រើន និង​ការសម្រេច​បាន​លទ្ធផល​សិក្សា​ដ៏​គាប់​ប្រសើរ​ដូច​ជា​ការ ដឹង​ពី​ប្រវត្តិ​ភព​អង្គារ​, ធាតុគីមី​ផ្សំ​ក្នុង​បរិយាកាស និង​ជា​ពិសេស​កាលពី​ចុងឆ្នាំ ២០១៥ អង្គការ NASA បាន​រកឃើញ​ប្រភពទឹក លើ​ផ្ទៃ​ភព​អង្គារ ដែល​ជា​របកគំហើញ​សំខាន់បំផុត បាន​ធ្វើឲ្យ​ក្រុម​អ្នកវិទ្យាសាស្ត្រ​កាន់តែស​ង្ស័​យ​ថា ភព​នេះ​ធ្លាប់​មាន​ជីវិត កើតឡើង​ក្នុង​ទម្រង់​ណាមួយ កាល​ពី​រាប់រយ​លាន​ឆ្នាំមុន​។​

​បេសកកម្ម​ទៅ​កាន់​ភព​ភ្លុយ​តូ ក៏បាន​សម្រេច​ជោគជ័យ​កាលពី​ឆ្នាំ ២០១៥ ផងដែរ ប៉ុន្តែ​វា​មិនមែន​ជា​គោលដៅ ធំ​សម្រាប់​មនុស្ស​ឡើយ ព្រោះ​យើង​នឹង​មិន​ទៅ​រស់នៅ​ទីនោះ​កើត​ទេ​។ មានតែ​ភព​អង្គារ​ប៉ុណ្ណោះ ដែល​ជា​ក្តីសង្ឃឹម និង​អាច​ក្លាយ​ជា​លំនៅដ្ឋាន​ទី​ពីរ យ៉ាងពិត​ប្រាក​បន្ទាប់ពី​ផែនដី​។ ជាក់ស្តែង​អង្គការ NASA គ្រោង​នាំ​មនុស្ស​នៅ​រស់​នៅ​ភព​អង្គារ​ជា​លើកដំបូង​នៅ​អំឡុង​ទសវត្សរ៍ ២០២០ ប៉ុន្តែ​ក្រោយមកទៀត អង្គការ​អាមេរិក​នេះ​ក៏​អះអាងថា ពន្យា​ទៅ​ទសវត្សរ៍ ២០៣០ វិញ ក៏​ព្រោះតែ​បញ្ហា​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ជា​ចម្បង​។​

​បន្ថែម​ពី​ខាងលើ​នេះ​ទៀត​កិច្ចសហការ​ជាមួយ អង្គារ​អវកាស​អឺរ៉ុប ESA ត្រូវបាន​លុប​ចោល​កាលពី​ចុងឆ្នាំ ២០១៥ ដោយសារ​តែ​អឺរ៉ុប ចង់​ងាក​មក​សិក្សា​ស្រាវជ្រាវ និង​បង្កើត​អាណានិគម​ងាយៗ លើ​ឋាន​ព្រះ​ច័ន្ទ​វិញ ជាជាង​ទៅ​ភព​អង្គារ ដែល​ធ្វើឲ្យ​អង្គការ NASA ស្ទើរតែ​ស្រក់​ទឹកភ្នែក​បញ្ច្រាស​ឡើងលើ​។ យ៉ាងណាក៏ដោយ ផែនការ ទៅកាន់​ភព​អង្គារ​នៅតែ​បន្ត​ទៅមុខ ប៉ុន្តែ​វា​ត្រូវ​រង់ចាំ​ពេលវេលា​ល្អ ដែល​ដៃគូ​នានា​អាច​ចូលរួម​សហការ​គ្នា​។​

​ជា​ការពិត​ណាស់ គម្រោង​អ្វី​ក៏​មនុស្ស​អាចមាន​លទ្ធភាព​បង្កើត​ឡើង​ដែរ ប៉ុន្តែ​អ្វី​ដែល​ចាំបាច់​បំផុត​នោះ​គឺ ហិរញ្ញវត្ថុ ព្រោះ​បច្ចុប្បន្ននេះ​បញ្ហា​សកល​ជាច្រើន បាន​ក្លាយជា​រឿង​ចំ​បាច់​ជាង​ការសិក្សា​ផ្នែក​អវកាស ដែល​មិន​ងាយ​នឹង​ផ្តល់​ប្រយោជន៍​ត្រឡប់មកវិញ​ដល់​សេដ្ឋកិច្ច​នោះឡើយ​។ ហេតុ​ដូច្នេះ​ថវិកា​ជាតិ​សម្រាប់ NASA តែងតែ​ត្រូវ​បាន​រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក ធ្វើ​ការកាត់បន្ថយ​ជា​រៀងរាល់​ឆ្នាំ​នោះ​ឯង​។​

​សរុបសេចក្តី​មក បេសកកម្ម​ទៅ​កាន់​ភព​អង្គារ ជាពិសេស​ការនាំ​មនុស្ស​ទៅ​សិក្សា​ផ្ទាល់​នៅ​ទីនោះ ក្នុង​អំឡុង​ឆ្នាំ ២០៣០ នោះ​ទំនងជា​នឹង​ពិបាក​សម្រេច​បាន​តាម​ពេល​កំណត់​ណាស់​។ វា​ប្រាកដជា​អាស្រ័យ​លើ ស្ថានការណ៍​អន្តរជាតិ ជាពិសេស​សេដ្ឋកិច្ច​របស់​ប្រទេស​សាមី ដែល​អាច​ទ្រទ្រង់បាន​ឬទេ​ចំពោះ​ផែនការ រុករក​ទី​អវកាស ដែល​ត្រូវ​ចំណាយលុយ​ខ្ទង់រយ​លាន​ដុល្លារ​ឡើង​ទៅ ក្នុង​មួយ​គម្រោងៗ​នោះ​៕​