(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ អង្គភាពព័ត៌មាន Fresh News មុននេះបន្តិច នាថ្ងៃអាទិត្យនេះថា លោកនៅតែទៅកាន់សហរដ្ឋអាមេរិក ដូចការគ្រោងទុក ប៉ុន្តែមិនទៅចូលរួម ព្យុះហយាត្រា នៅទីក្រុងឡុងប៊ិច ដើម្បីបញ្ជៀសការប៉ះទង្គិចគ្នារវាង ខ្មែរ និងខ្មែរដែលអាចកើតមានឡើង​ នាំអោយអាប់កិត្តិយសជាតិ ។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ម្តងទៀតថា ខ្ញុំនឹងធ្វើដំណើរទៅកាន់ សហរដ្ឋអាមេរិក នាថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ នាពេលខាងមុខ ដូចការគ្រោងទុក ប៉ុន្តែខ្ញុំ នឹងមិន ទៅចូលកម្មវិធីព្យុហាយាត្រា នៅទីក្រុងឡុងប៊ិចនោះឡើយ ពីព្រោះខ្ញុំមិនចង់ឃើញ មានការប៉ះទង្គិចគ្នារវាង ខ្មែរ និងខ្មែរ នៅលើទឹកដីសហករដ្ឋអារិក​ នាំអោយអាប់កិត្តិយសជាតិ។ ខ្ញុំនឹងចូលរួមក្នុង កម្មវិធីផ្សេងៗទៀត នៅទីនោះដើម្បីសប្បាយរីករាយ ជាមួយបងប្អូនខ្មែរ យើងនៅឯនាយសមុទ្រ»។

ការចេញមកបកស្រាយភ្លាមៗ របស់កូនច្បងនាយករដ្ឋមន្រ្តីរូបនេះ បានធ្វើឡើងក្រោយពី មានសេចក្តីរាយការណ៍ មួយចំនួន និងការចុះផ្សាយលើសារព័ត៌មានខ្លះថា លោក ហ៊ុន ម៉ាណែត បានលុបដំណើរទស្សនកិច្ច ទៅកាន់សហរដ្ឋអាមេរិក នាថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ។

នៅព្រឹកមិញតាម Facebook របស់ខ្លួន លោក ហ៊ុន ម៉ាណែត និងក្រុមការងារ បានសម្រេចចិត្តមិនចូលរួមក្នុងពិធីព្យុះហយាត្រា នៅទីក្រុងឡុងបិចនោះទេ ដោយមិនចង់ឃើញនូវភាពល្អក់កករ និងការបែកបាក់រវាងខ្មែរនិងខ្មែរ ជាពិសេសដើម្បី បញ្ជៀសអំពើហិង្សាដែលអាចកើតមានឡើងរវាងអ្នកគាំទ្រ និងអ្នកមិនគាំទ្រ ក្នុងពេលព្យុហយាត្រា ដែលនាំអោយខាតប្រយោជន៍ជាតិសាសន៍យើងទាំងមូល, នេះបើយោងតាម Facebook របស់លោក ហ៊ុន ម៉ាណែត បង្ហាញនៅប៉ុន្មាននាទីមុននេះនាព្រឹកថ្ងៃនេះ។

លោក ហ៊ុន ម៉ាណែត បានបន្តបញ្ជាក់ថា សូមបងប្អូនដែលគាំទ្រការចូលរួមក្នុងពិធីព្យុហយាត្រា សូមមេត្តាយោគយល់អំពីការសម្រេចចិត្តនេះ ហើយសូមបងប្អូនបន្តចូលរួមគាំទ្រ ព្យុហយាត្រានេះឲ្យបានច្រើនកុះករដើម្បីបង្ហាញនូវសាមគ្គីភាពរវាងខ្មែរនិងខ្មែរ ក្នុងនាមជាតិសាសន៍តែមួយ។ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា លោកនឹងជួបជាមួយបងប្អូនទាំងអស់នៅក្នុងកម្មវិធីផ្សេងៗទៀត ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងក្នុងលក្ខណៈជាមហាគ្រួសារខ្មែរតែមួយ ដូចដែលបានគ្រោងទុក៕