(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានលើកឡើងថា អ្នកនយោបាយ មិនមែនជាឪពុកម្តាយរបស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែពួកគេគឺជាអ្នកបម្រើប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋ មានសិទ្ធិសួរសម្ភាសអ្នកនយោបាយ។ លោក សួន សេរីរដ្ឋា បានចាត់ទុកថា អ្នកនយោបាយដែលមិនហ៊ានឆ្លើយសំណួររបស់ប្រជាពលរដ្ឋ គឺជាអ្នកនយោបាយកំសាក។

នៅលើបណ្តាសង្គម Facebook លោក សួន សេរីរដ្ឋា បានលើកឡើងថា «បើអ្នកនយោបាយ ឬ មេដឹកនាំណាខ្លាចសំណួររបស់ពលរដ្ឋ ខ្លាចពលរដ្ឋសួរនោះ ពួកគេជាអ្នកនយោបាយកំសាក អសមត្ថភាព ហើយពលរដ្ឋមិនត្រូវបន្តគាំទ្រអ្នកនយោបាយកំសាក និងអសមត្ថភាពបែបហ្នឹងទេ»។

លោក សួន សេរីរដ្ឋា បានបន្ថែមថា «អ្នកនយោបាយមិនមែនជាម៉ែជាឪរបស់ពលរដ្ឋទេ តែគឺជាអ្នកបម្រើរបស់ពលរដ្ឋ ហើយពលរដ្ឋជាចៅហ្វាយ ។ ភាពជាចៅហ្វាយ គឺមានសិទ្វិសួរសំណួរសម្ភាសមើលសមត្ថភាព របស់បេក្ខជនដែលដាក់ពាក្យមកសុំធ្វើជាអ្នកបម្រើខ្លួន។ ដូចនេះពលរដ្ឋ មានសិទ្ធិដេញសួរអ្នកនយោបាយ ដោយរាប់តាំងពីបេក្ខជននាយរដ្ឋមន្ត្រីចុះមក»៕