(ស្ទឹងត្រែង)៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ លោកតា លោកយាយ ដែលមានអាយុចាប់ពី១០០ឆ្នាំឡើង ចំនួន៧នាក់បន្ថែមទៀតហើយ នៅខេត្តកំពង់ចាម, ត្បូងឃ្មុំ, ក្រចេះ និងខេត្តស្ទឹងត្រែង ទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្រោយពួកគាត់ស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានផ្ដល់ជូនលោកតា លោកយាយ ដែលមានអាយុចាប់ពី១០០ឆ្នាំឡើង តាមរយៈលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស យកទៅប្រគល់ជូនដល់ខ្នងផ្ទះតែម្ដង។

បេសកកម្មពេញមួយថ្ងៃរបស់លោកស្រី ឱ វណ្ណឌីន បានបញ្ចប់ដោយជោគជ័យ ក្រោយអំណោយទាំងអស់នេះ បានផ្ដល់ជូនលោកតា លោកយាយ ចំនួន៧នាក់ រួមមាន៖

* ទី១៖ លោកយាយ គឹម សុក្នន អាយុ១០០ឆ្នាំ រស់នៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម
* ទី២៖ លោកតាឈ្មោះ យ៉ាំ ហយ អាយុ១០០ឆ្នាំ រស់នៅភូមិទី៦ ឃុំកំពង់ទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
* ទី៣៖ លោកយាយឈ្មោះ កៅ ម៉ាស់ អាយុ១០១ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិគរ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
* ទី៤៖ លោកតាឈ្មោះ ឡាក់ គិច អាយុ១០១ឆ្នាំ ភូមិលេខបួនកើត ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
* ទី៥៖ លោកតា ណឹម ស៉ីម អាយុ១០១ឆ្នាំ រស់នៅភូមិអំពិលត្បូង ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
* ទី៦៖ លោកតា មឹង ហាន់ អាយុ១០០ឆ្នាំ រស់នៅភូមិបុស្សលាវក្រោម ឃុំបុស្សលាវ ស្រុកចិត្របុរី ខេត្តក្រចេះ
* ទី៧៖ លោកយាយ ថង ដាំ អាយុ១០៩ឆ្នាំ ជនជាតិខ្មែរ-ឡាវ រស់នៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ជាការកត់សម្គាល់ក្នុងពិធីប្រគល់អំណោយនីមួយៗ លោកស្រី ឱ វណ្ណឌីន តែងតែបាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកតា លោកយាយ ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាពរបស់ពួកគាត់ ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ។

លោកយាយ និងលោកតា ដែលបានចាក់វ៉ាក់សាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលអនុញ្ញាតឲ្យគាត់បានចាក់វ៉ាក់សាំង និងបានផ្ដល់អំណោយជូនរូបគាត់នៅឱកាសនេះ។

ពួកគាត់ក៏បានផ្ដាំផ្ញើនូវក្ដីនឹក និងអាណិតស្រលាញ់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈលោកស្រី ឱ វណ្ណឌីន ផងដែរ។ លោកតា និងលោកយាយបន្ថែម តាំងពីដើម រហូតមកដល់ពេលនេះមិនមានអ្នកណាដឹកនាំល្អដូចសម្ដេចតេជោ ហ៊ុន សែន នោះឡើយ។ បើតាមការសាកសួរ ពួកគាត់ហាក់មានសុខភាពល្អ ជាងកាលពីពេលមិនទាន់បានចាក់វ៉ាក់សាំង ទាំងការសំរាន និងការហូបចុកប្រចាំថ្ងៃជាដើម ដែលធ្វើឲ្យកូនចៅរបស់គាត់ មានក្ដីសប្បាយរីករាយជាខ្លាំង។

បន្ថែមពីនេះ លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា ការសម្រេចចិត្តទៅចាក់វ៉ាក់សាំងពីសំណាក់លោកតា និងលោកយាយ ដែលមានជន្មាយុចាប់១០០ឆ្នាំឡើង គឺបង្ហាញពីគំរូមួយដ៏ល្អសម្រាប់មនុស្សពេញវ័យ និងកុមារ ដែលមានអាយុចាប់ពី១២ឆ្នាំ ទៅដល់ក្រោម១៨ឆ្នាំ ដើម្បីទៅទទួលនូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ឲ្យបានគ្រប់ៗគ្នា។

សូមជម្រាបថា តាមផែនការដែលបានគ្រោងទុក នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ស្អែកនេះ លោកស្រី ឱ វណ្ណឌីន នឹងបន្ដដឹកនាំក្រុមការងារយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រគល់ជូនជនទី៨លាន ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំង នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង និងបន្ដនាំយកអំណោយប្រគល់ជូនលោកតា លោកយាយ អាយុចាប់ពី១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំង នៅខេត្តព្រះវិហារ និងខេត្តកំពង់ធំផងដែរ៕