(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋចំនួន១៧គ្រួសារ រស់នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលជាអ្នកគាំទ្រ និងធ្លាប់តែបោះឆ្នោត ជូនគណបក្ស សង្គ្រោះជាតិនោះ ឥឡូវពួកគាត់បានសម្រេចចិត្ត ចាកចេញពីទ្រនំចាស់មករស់នៅ និងជ្រកកោនក្រោមដំបូលរបស់ គណបក្សប្រជាជនកម្ពុជាហើយ។

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ម្សិលមិញ លោក អាត់ ខែម ជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការ គណបក្ស ប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ ចុះទៅកាន់លំនៅ ដ្ឋានរបស់ពួកគាត់ ដើម្បីជួបសំណេះសំណាល និងទទួលស្វាគមន៍ ពួកគាត់ដែលបានមក ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន គណបក្ស និងជានាយករដ្ឋមន្រ្តី នៃកម្ពុជា។

លោក អាត់ ខែម បានថ្លែងថា ប្រជាពលរដ្ឋទាំងនេះ បានបង្ហាញការអស់ជំនឿយ៉ាងខ្លាំងទៅលើ គណបក្សសង្គ្រោះជាតិ ដែលក្នុងរយៈពេល ដែលពួកគាត់រស់នៅ និងបោះឆ្នោតជូននោះ គឺគ្មានលទ្ធផលអ្វីសោះឡើយ ក្រៅពីការភូតកុហស និងបោកប្រាស់ ប្រជាពលរដ្ឋតែប៉ុណ្ណោះ។ ដោយអស់សង្ឈឹម និងគ្មានជំនឿលើការដឹកនាំជាតិ ឲ្យរីកចំរើននោះទើបពួកគាត់ សម្រេចចូលរួម និងមករស់នៅជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តការគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដឹកនាំប្រទេសជាតិតទៅទៀត។

នៅក្នុងឱកាសនោះ លោក អាត់ ខែម តំណាងឲ្យលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយ ខេត្តបន្ទាយមានជ័យ បាននាំយកនូវអំណោយ មួយចំនួនរួមមានថវិកា និងសារុង ចែកជូនដល់ប្រជាពលរដ្ឋទាំងនេះផងដែរ៕