(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានទទួលអំណោយសប្បុរធម៌ពីលោកស្រី ចាន់ កន្និកា អគ្គនាយិកាក្រុមហ៊ុន ស៊ី ខេ ខេ អ៉ិនវេសម៉ិន ឯ.ក ដើម្បីទ្រទ្រង់ដល់ការងារសប្បុរសធម៌នៅមូលដ្ឋានខេត្តស្វាយរៀង។

លោកស្រី ម៉ែន សំអន ក៏បានថ្លែងអំណរគុណដល់លោកស្រី ចាន់ កន្និកា ដែលបានបរិច្ចាគនូវធនធានដ៏ច្រើននាពេលនេះ ដើម្បីចូលរួមចំណែកក្នុងសម្រាលបន្ទុករាជរដ្ឋាភិបាលក្នុងបរិការណ៍កូវីដ១៩។

លោកស្រីបានបន្តទៀតថា សកម្មភាពមនុស្សធម៌ទាំងនេះ គឺជាកាយវិការដ៏ល្អប្រពៃរបស់វិស័យឯកជន ដែលបានជួយដល់រាជរដ្ឋាភិបាល ក៏ដូចជាការជួយដល់ការងារមនុស្សធម៌ (ឧបត្ថម្ភណ្ឌលថែទាំកុមារកំព្រា ខេត្តស្វាយរៀង និងឧបត្ថម្ភអង្គការអាហ្វេស៊ីបកម្ពុជា) ជួយដល់ប្រជាពលរដ្ឋកំពុងជួបប្រទះនូវជីវភាពខ្វះខាត និងជួបការលំបាក នៅក្នុងពេលនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ជាពិសេសបានជួយសម្រាលបន្ទុកដល់ពលករចំណាកស្រុកដែលបានត្រលប់មកពីប្រទេសថៃ ហើយបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះ នៃខេត្តស្វាយរៀង ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ដែលផ្តោតជាសំខាន់លើការយកចិត្តទុកដាក់ដល់ពលករ ដែលបានឆ្លងចូលមកស្រុកកំណើតតាមតំបន់ព្រំដែនកម្ពុជា-ថៃ។

អំណោយសប្បុរសធម៌ រួមមាន អង្ករ ១០តោន ម៉ាស់ ១០កេសធំ និងទឹកថ្នាំសម្លាប់មេរោគចំនួន ២០០លីត្រ៕