(ព្រះវិហារ)៖ សម្ភារជាច្រើនមុខសម្រាប់ការពារជំងឺកូវីដ១៩ ដែលជាអំណោយរបស់លោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ត្រូវបាននាំយកទៅប្រគល់ជូនដល់ អង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តសម្រាប់ប្រើប្រាស់។

ពិធីប្រគល់ទទួលសម្ភារទាំងនេះស្ថិតក្រោមវត្តមាន លោក ឈឿន មុនី អនុប្រធានប្រចាំការក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ តំណាងលោកទេសរដ្ឋមន្ត្រី មាស សុភា និងលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងនាយទាហានជាច្រើនរូបទៀត នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ។

នៅក្នុងឱកាសនោះលោក ឈឿន មុនី បានផ្តាំផ្ញើសាកសួរសុខទុក្ខ ពីលោកទេសរដ្ឋមន្ត្រី មាស សុភា ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាពតំបន់ប្រតិបត្តិការសឹករង ខេត្តទាំងអស់ ជាពិសេសបានផ្តាំផ្ញើអោយរក្សាសុខភាព អនាម័យ ក្នុងការរស់នៅ ដើម្បីការពារបានពីជំងឺទាំងឡាយ ពិសេសជំងឺកូវីដ១៩។

តំណាងលោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងបន្តថា សម្ភារដែលនាំមកប្រគល់ជូននៅពេលនេះរួមមាន៖ ថ្នាំកូវីដ៥ប្រអប់ ឧបករណ៍តេស្តរហ័សចំនួន១០០ឈុត ម៉ាស់ក្រណាត់ល្អចំនួន៥០០សន្លឹក និងអាល់កុលចំនួន២០លីត្រផងដែរ។

ជាមួយគ្នានេះដែរ លោកក៏បានផ្តាំផ្ញើដល់នាយ នាយរង និងពលទាហានទាំងអស់ ត្រូវការពារខ្លួនកុំឲ្យឆ្លងជំងឺកូវីដ១៩ ដោយត្រូវអនុវត្តន៍ឲ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារ និងអង្គភាពយើងពីជំងឺកូវីដ១៩៕