(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានលើកទ្បើងថា កម្ពុជាបានក្លាយជាតួអង្គសំខាន់មួយ ក្នុងការប្រជែងផលប្រយោជន៍ភូមិសាស្ត្រនយោបាយ និងល្បែងយុទ្ធភូមិសាស្ត្រ របស់ចិន និងអាមេរិក។

លោកបណ្ឌិត បានលើកឡើងបែបនេះ នៅលើបណ្តាញសង្គម Facebook នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ដោយលោកបញ្ជាក់ថា៖ «ក្នុងទិដ្ឋភាព នៃសណ្តាប់ពិភពលោកថ្មី (World New Order) បាននាំឱ្យមហាអំណាច ប្រកួតប្រជែងល្បែងយុទ្ធភូមិសាស្ត្រ (Geostrategic) និង ភូមិសាស្ត្រនយោបាយ (Geopolitics) ដ៏ស្រួចស្រាវបំផុត ហាក់កំពុងរុញច្រានពិភលោកចូលក្នុងសង្គ្រាមត្រជាក់ថ្មី។ ស្ថិតក្នុងស្ថានការណ៍ដូចបច្ចុប្បន្ននេះ កម្ពុជាក៏បានក្លាយជាតួអង្គដ៏សំខាន់មួយដែរ (នៅចន្លោះកណ្តាល) នៅក្នុងការប្រជែងផលប្រយោជន៍ ភូមិសាស្ត្រនយោបាយ និង ល្បែងយុទ្ធភូមិសាស្ត្រ (របស់មហាអំណាចចិននិងសហរដ្ឋអាម៉េរិក)»។

បើតាមលោកបណ្ឌិត, ឥរិយាបថនយោបាយការបរទេសមហាយក្ស ហាក់បង្ខំឱ្យប្រទេសតូចទន់ខ្សោយ ជ្រើសរើសក្នុងជំហរស្មោះត្រង់តែមួយឱ្យខាងតែបាន ហើយលោកបានឃើញថា កម្ពុជា តូចនៅដើមសតវត្សទី២១ ខុសពីកម្ពុជាតូច ក្នុងសតវត្សទី២០។

«ក្រោមក្រសែភ្នែក បស្ចិមលោក អ្នកវិភាគ សង្គមស៊ីវិល អ្នកសារព័ត៌មាន និងអ្នកសិក្សាស្រាវជ្រាវខ្លះ អាចនឹងមើលឃើញខុសគ្នាចំពោះគោលជំហរគោលនយោបាយការបរទេសរបស់កម្ពុជាចំពោះមហាអំណាចទាំងពីរ ក្នុងខណៈដែលកម្ពុជា កំពុងខិតខំប្រើប្រាស់ នយោបាយការបរទេសចម្រុះពណ៌....! ទ្រឹស្តី IR បានរំឭកថា «នៅក្នុងគោលការណ៍ទំនាក់ទំនងអន្តរជាតិ មិនមានមិត្តដ៏ស្មោះត្រង់ជាអមតៈ ឬ សត្រូវជាអចិន្ត្រៃយ៍នោះឡើយ ពោលគឺមានតែ ផលប្រយោជន៍ជាតិមួយគត់ ដែលជាគោលការណ៍ត្រឹមត្រូវ និងត្រូវធ្វើ»។ នេះបើតាម លោក យង់ ពៅ។

សូមបញ្ជាក់ថា កិច្ចពិភាក្សាតមូល ដែលនិយាយអំពី៖ «កម្ពុជា នៅចន្លោះមហាអំណាចចិន និង សហរដ្ឋអាម៉េរិក» នឹងត្រូវរៀបចំដោយ រាជបណ្ឌិតសភាកម្ពុជា តាមកម្មវិធី Zoom នៅព្រឹក ថ្ងៃព្រហស្បត្តិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ ដោយមានវាគ្មិនសំខាន់ៗជាច្រើនចូលរួម ដើម្បីផ្សព្វផ្សាយដល់សាធារណជន។ កិច្ចពិភាក្សាតុមូលនេះ នឹងមានការផ្សាយផ្ទាល់តាម Facebook page: លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា / រាជបណ្ឌិត្យសភាកម្ពុជា និងហ្វេសបុករបស់ លោក យង់ ពៅ ផងដែរ៕