(ភ្នំពេញ)៖ បន្ទាប់ពីបានឃើញស្ថានភាពកំហឹង និងទស្សនៈផ្ទុយគ្នាលើផ្នែកនយោបាយចំពោះបងប្អូនខ្មែរនៅក្រៅប្រទេស នៅតែបន្តមិនថមថយ, នៅព្រឹកថ្ងៃអាទិត្យ​ ទី២៧ ខែមីនា ឆ្នាំ២០១៦នេះ លោក ហ៊ុន ម៉ាណែត និងក្រុមការងារបានសម្រេចចិត្តមិនចូលរួមក្នុងពិធីព្យុហយាត្រា នៅទីក្រុងឡុងបិចនោះទេ ដោយមិនចង់ឃើញនូវភាពល្អក់កករ និងការបែកបាក់រវាងខ្មែរនិងខ្មែរ ជាពិសេសដើម្បីបញ្ចៀសអំពើហឹង្សាដែលអាចកើតមានឡើងរវាងអ្នកគាំទ្រ និងអ្នកមិនគាំទ្រក្នុងពេលព្យុហយាត្រា ដែលនាំអោយខាតប្រយោជន៍ជាតិសាសន៍យើងទាំងមូល, នេះបើយោងតាម Facebook របស់លោក ហ៊ុន ម៉ាណែត បង្ហាញនៅប៉ុន្មាននាទីមុននេះនាព្រឹកថ្ងៃនេះ។

លោក ហ៊ុន ម៉ាណែត បានបន្តបញ្ជាក់ថា សូមបងប្អូនដែលគាំទ្រការចូលរួមក្នុងពិធីព្យុហយាត្រា សូមមេត្តាយោគយល់អំពីការសម្រេចចិត្តនេះ ហើយសូមបងប្អូនបន្តចូលរួមគាំទ្រ ព្យុហយាត្រានេះឲ្យបានច្រើនកុះករដើម្បីបង្ហាញនូវសាមគ្គីភាពរវាងខ្មែរនិងខ្មែរ ក្នុងនាមជាតិសាសន៍តែមួយ។ លោក ហ៊ុន ម៉ាណែត បានបង្ហាញភាពជឿជាក់ថា នឹងបានជួបជាមួយបងប្អូនទាំងអស់នៅក្នុងកម្មវិធីផ្សេងៗទៀត ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងក្នុងលក្ខណៈជាមហាគ្រួសារខ្មែរតែមួយ ដូចដែលបានគ្រោងទុក។

 

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងរបស់លោក ហ៊ុន ម៉ាណែត បង្ហាញនៅលើ Facebook៖

សួស្តីមិត្តទាំងអស់គ្នា !

ក្នុងអំឡុងពេលចូលឆ្នាំខ្មែរនាពេលខាងមុខ ខ្ញុំនិងបងប្អូនក្រុមការងារនឹងទៅចូលរួមកម្មវិធីផ្សេងៗ ឆ្លើយតបទៅនឹងការអញ្ជើញរបស់បងប្អូនខ្មែរដែលរស់នៅតាមបណ្តារដ្ឋនានានៅសហរដ្ឋអាមេរិក ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ។

ក្នុងពេលទស្សនៈកិច្ចនោះផងដែរ ខ្ញុំនិងបងប្អូនរួមដំណើរក៍ត្រូវបានអញ្ជើញអោយ ចូលរួមក្នុងពិធីព្យុហយាត្រាវប្បធម៌ នៅទីក្រុងឡុងបិច ក្នុងគោលបំណងរួមគ្នាដើម្បីលើកស្ទួយវប្បធម៌ និងកិត្តយសជាតិរបស់យើង។
ខ្ញុំសម្រេចចិត្តទទួលយល់ព្រមចូលរួមក្នុងពិធីនេះ តាមការអញ្ជើញរបស់គណៈកម្មាធិការបុរីកម្ពុជា គឺដើម្បីបង្ហាញការគាំទ្រយ៉ាងពេញទំហឹងរបស់ខ្ញុំចំពោះគោលគំនិតដ៍ល្អរបស់គណៈកម្មាធិការ ដែលចង់ឃើញខ្មែររួបរួមគ្នា ដោយមិនប្រកាន់ទីកន្លែងរស់នៅ (នៅអាមេរិក នៅស្រុកខ្មែរ ឬនៅប្រទេសណាទេ) និន្នាការនយោបាយ សាសនា ដើម្បីលើកស្ទួយកិត្តិយសជាតិខ្មែរ នៅលើឆាកអន្តរជាតិក្នុងឱកាសដ៍ពិសេសនេះ។ ក្នុងឆ្នាំ២០១០ ក៍ធ្លាប់មានការអញ្ជើញឯកឧត្តម កឹម សុខា ចូលរួមក្នុងពិធីនោះ ហើយឯកឧត្តម ក៏បានដឹកនាំក្រុមការងារចូលរួមផងដែរ ។

ជាការសោកស្តាយណាស់ ក្រោយពីខ្ញុំនិងក្រុមការងារបានសម្រេចចិត្តទទួលការអញ្ជើញ របស់អ្នករៀបចំកម្មវិធីព្យុហយាត្រា ក៍មានការរៀបចំនិងបំផុសប្រឆាំងការចូលរួមនេះដោយសកម្មជនពីររូបរបស់គណបក្សសង្គ្រោះជាតិ គឺលោកទូច វិបុល (Touch Vibol) និងលោក ប្រាឌីណុយ យ៉ាំង (Brady Nuy Young) ដោយបានបំផុសថាការចូលរួមរបស់ខ្ញុំក្នុងពិធីព្យុហយាត្រានេះ គឺដើម្បីឃោសនាអោយគណបក្សប្រជាជន ។ អ្នកទាំងពីរបានគម្រាមថានឹងរៀបចំបាតុកម្មប្រឆាំងខ្ញុំ និងក្រុមការងារនៅពេលព្យុហយាត្រាវប្បធម៌ និងរៀបចំគម្រោងដើរតាមធ្វើបាតុកម្មប្រឆាំង នៅគ្រប់ទីកន្លែងដែលបងប្អូនសហគមខ្មែរ នៅសហរដ្ឋអាមេរិកមានគម្រោងរៀបចំកម្មវិធីជួបជុំគ្នាដើម្បីសប្បាយរីករាយ អបអរសាទរបុណ្យចូលឆ្នាំថ្មីជាលក្ខណៈមហាគ្រួសារខ្មែរ ហើយដែលបានអញ្ជើញខ្ញុំនិងក្រុមការងារចូលរួមអបអរសាទរជាមួយគ្នា។

ក្នុងពេលជាមួយគ្នានេះ ក៍មានប្រជាពលរដ្ឋខ្មែរជាច្រើនបានចេញមកធ្វើការការពារនិងស្វាគមន៍ការចូលរួមរបស់ខ្ញុំ ដោយលោកគិតថាពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាពេលដែលយើងគួររួបរួមគ្នា មិនយកខ្មែរណាជាសត្រូវ ទោះមាននិន្នាការនយោបាយខុសគ្នាក៏ដោយដើម្បីរួមគ្នាលើកស្ទួយប្រពៃណី វប្បធម៌និងកិត្តិយសជាតិខ្មែរយើង។ បងប្អូនបានធ្វើសកម្មភាពតាមច្រើនរូបភាព ដូចជាការដាក់ញត្តិគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរជាង២០០នាក់ ដែលរស់នៅក្នុងទីក្រុងឡងបិច និងតំបន់ជុំវិញទៅជូនលោកចៅសង្កាត់ទី ៦ នៃទីក្រុងឡុងបិច (លោក អាន់ឌ្រូ ឌី) ការចេញឃ្លីបវីឌីអូគាំទ្រ តាម facebook របស់បងប្អូនខ្មែរដែលរស់នៅទីក្រុងឡុងបិច នៅតាមបណ្តារដ្ឋនានានៅសហរដ្ឋអាមេរិក និងបណ្តាប្រទេសមួយចំនួនទៀត។ រហូតដល់មានបងប្អូនមួយចំនួនបានប្រកាសថា នឹងរៀបចំប្រមូលគ្នាដើម្បីធ្វើបាតុកម្មប្រឆាំងបាតុកម្ម ដែលគ្រោងរៀបចំដោយក្រុមលោកទូច វិបុល និង ណុយ យ៉ាំង នៅក្នុងពិធីព្យុហយាត្រានោះផងដែរ។

ខ្ញុំសូមអរគុណចំពោះបងប្អូនទាំងអស់ដែលបានគាំទ្រចំពោះការចូលរួមរបស់ខ្ញុំ និងក្រុមការងារក្នុងពិធីព្យុហយាត្រានេះ។ ប៉ុន្តែដូចដែលខ្ញុំបានសរសេរនៅក្នុងសារដែលបានបង្ហោះ រួចមកហើយនៅលើទំព័រ facebook របស់ខ្ញុំកាលពីពេលកន្លងទៅនេះ ដែលបានបញ្ជាក់ថា បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជាឱកាសពិសេសមួយដែលខ្មែរយើងគួររួបរួមគ្នា មិនប្រកាន់គ្នាដើម្បីធ្វើការរួមគ្នាលើកស្ទួយជាតិសាសន៍យើង តាមរយៈការរួមគ្នាបង្ហាញអំពីវប្បធម៌និងអរិយធម៌ដ៍ឧត្តុងឧត្តមរបស់ខ្មែរ អោយប្រជាជនអាមេរិកាំងនិងជាតិសាសន៍ដ៍ទៃទៀតបានស្គាល់។ វាមិនមែនជាពេលវេលាសម្រាប់បង្ហាញសាច់ដុំដាក់គ្នារវាងអ្នកគាំទ្រនិងអ្នកមិនគាំទ្រទេ ដែលនេះបង្ហាញពីការបែកបាក់រវាងខ្មែរនិងខ្មែរ នាំអោយជាតិសាសន៍យើងអាប់អោន។

ក្នុងស្មារតីជាកូនខ្មែរមួយរូប ខ្ញុំមិនចង់ឃើញនូវភាពល្អក់កករ និងការបែកបាក់រវាងខ្មែរនិងខ្មែរ ជាពិសេសដើម្បីបញ្ចៀសអំពើហឹង្សាដែលអាចកើតមានឡើងរវាងអ្នកគាំទ្រ និងអ្នកមិនគាំទ្រក្នុងពេលព្យុហយាត្រា ដែលនាំអោយខាតប្រយោជន៍ជាតិសាសន៍យើងទាំងមូល ខ្ញុំនិងក្រុមការងារបានសម្រេចចិត្តមិនចូលរួមក្នុងពិធីព្យុហយាត្រានោះទេ។

សូមបងប្អូនដែលគាំទ្រការចូលរួមរបស់ខ្ញុំក្នុងពិធីព្យុហយាត្រា មេត្តាយោគយល់អំពីការសម្រេចចិត្តនេះ ហើយសូមបងប្អូនបន្តចូលរួមគាំទ្រ ព្យុហយាត្រានេះអោយបានច្រើនកុះករដើម្បីបង្ហាញនូវសាមគ្គីភាពរវាងខ្មែរនិងខ្មែរ ក្នុងនាមជាតិសាសន៍តែមួយ។

ខ្ញុំជឿជាក់ថានឹងបានជួបជាមួយបងប្អូនទាំងអស់នៅក្នុងកម្មវិធីផ្សេងៗទៀត ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងក្នុងលក្ខណៈជាមហាគ្រួសារខ្មែរតែមួយ ដូចដែលបានគ្រោងទុក។