(ភ្នំពេញ)៖ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា រយៈពេល១២ថ្ងៃ គិតចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញ បានអនុវត្តបំរាមគោចរ ដោយឃាត់យានយន្តសរុបចំនួន ១,៧៩៨គ្រឿង និងឃាត់ខ្លួនមនុស្ស ប្រុស ស្រីចំនួន ៥៦៣នាក់។

បើតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ថា ដោយក្នុងនោះ មានរថយន្តចំនួន៥៣២គ្រឿង, មូ៉តូចំនួន ១,២៦៦គ្រឿង។

អាជ្ញាធរបានប្រើប្រាស់យន្តការផាកពិន័យ អប់រំ និងរក្សាទុកយានយន្ត ចំពោះម្ចាស់ឃាត់យានយន្ត ដែលល្មើសបម្រាមគោចរនេះ។

សូមជម្រាបថា សាលារាជធានីភ្នំពេញ បានដាក់ចេញបម្រាមគោចរ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣៖៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៕