(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានចេញជូនដំណឹងបន្ថែម ស្តីពីការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ ឬដូសទី៣។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

លោកស្រី ឱ វណ្ឌឌីន បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងថា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព និងដោយមានការយល់ព្រមពីសម្តេចតេជោនាយករដ្ឋមន្ត្រី គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង នឹងពង្រីកការចាក់វ៉ាក់សាំងដូសជំរុញ ឬ ដូសទី៣ នេះជូនដល់មន្ត្រីរាជការថ្នាក់ជាតិ និងក្រោមជាតិ ដែលជាគោលដៅអាទិភាពជាបន្តបន្ទាប់ទៀត៖

* មន្ត្រីកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ៖ ចំពោះមន្ត្រីកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ ដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ ដូសទី១ និងដូសទី២ រួចរាល់ សូមអញ្ជើញទៅចាក់វ៉ាក់សាំង អាស្ត្រាហ្សែនីកាដូស ជំរុញ ឬដូសទី៣ នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក នៅថ្ងៃទី១៨ ដល់ ២០ ខែសីហា ឆ្នាំ២០២១

* កម្លាំងនគរបាលថ្នាក់ជាតិ៖ ចំពោះកម្លាំងនគរបាល ដែលកំពុងបម្រើការងារនៅថ្នាក់ជាតិ ហើយបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ ដូសទី១ និងដូសទី២រួចរាល់ សូមអញ្ជើញទៅចាក់វ៉ាក់សាំង អាស្ត្រាហ្សែនីកាដូសជំរុញ ឬ ដូសទី៣ នៅមន្ទីរពេទ្យ ១៦ឧសភា តាមកាលបរិច្ឆេទ និងការរៀបចំចាត់ចែងរបស់អនុគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ។

* ចំពោះមន្ត្រីរាជការថ្នាក់ក្រោមជាតិ មន្ត្រីជាប់កិច្ចសន្យា និងអាជ្ញាធរមូលដ្ឋាន (រួមទាំងបុគ្គលិកសុខាភិបាលឯកជន) ក្រោមឱវាទរដ្ឋបាលខេត្តចំនួន១៧(ខេត្តកណ្តាល ព្រះសីហនុ កំពង់ស្ពឺ កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ កំពត ក្រចេះ មណ្ឌលគិរី ព្រៃវែង រតនគិរី សៀមរាប ស្ទឹងត្រែង ស្វាយរៀង តាកែវ កែប និងខេត្តត្បូងឃ្មុំ) ដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬ ស៊ីណូរ៉ាក់ ដូសទី១ និងដូសទី២រួចរាល់ សូមអញ្ជើញទៅចាក់វ៉ាក់សាំង អាស្កាហ្សែនីកា ដូសជំរុញ ឬ ដូសទី៣ ដែលមានកាលបរិច្ឆេទ និងពេលវេលាកំណត់ នៅតាមទីតាំង ដែលនឹងត្រូវរៀបចំចាត់ចែង ដោយរដ្ឋបាលខេត្តនីមួយៗខាងលើ។

* ចំពោះអ្នកសារព័ត៌មាន នៅរាជធានីភ្នំពេញ ដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ ដូសទី១ និងដូសទី២ រួចរាល់ សូមអញ្ជើញទៅចាក់វ៉ាក់សាំង អាស្ត្រាហ្សែនីកា ដូសជំរុញ ឬ ដូសទី៣ នៅមន្ទីរពេទ្យកុមារជាតិ ចាប់ពីថ្ងៃទី០៨ ដល់ ១៥ ខែកញ្ញា ឆ្នាំ២០២១៕