(ភ្នំពេញ)៖ ជាការសបញ្ជាក់ពីការអភិវឌ្ឍឥតឈប់ឈរ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នូវហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវថ្នល់ អគារខ្ពស់ រីកលូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃនិយាយជារួម។ និយាយដោយឡែកនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ក៏មានការកសាងនូវសមិទ្ឋផលជាច្រើន រួមអគារស្នាក់ការថ្នាក់ភូមិ រហូតដល់ថ្នាក់ខណ្ឌ នាសម័យបច្ចុប្បន្ននេះ។

ជាក់ស្តែងនៅព្រឹកថ្ងៃអង្គារ៍ ទី១០ ខែសីហា ឆ្នាំ២០២១ លោក ចេង មុនីរ៉ា អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនខណ្ឌ និងជាអភិបាលខណ្ឌច្បារអំពៅ បានចុះពិនិត្យនូវសមិទ្ឋផលថ្មីមួយរបស់បក្សខណ្ឌ គឺការសាងសង់អគារថ្មី និងចាក់បេតុងទីធ្លាបរិវេណទីស្នាក់ការគណបក្សខណ្ឌ (គ៥៥) ។

លោក ចេង មុនីរ៉ា បានថ្លែងខណៈចុះពិនិត្យនូវសមិទ្ឋផលថ្មីនេះថា ទោះបីនៅរាជធានី ក៏នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ កំពុងជាប់ដៃប្រយុទ្ឋ ឬកំពុងជួបនូវបញ្ហាជំងឺកូវីដ-១៩ក្តី ក៏យើងមិនភ្លេចនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋមូលដ្ឋានដែរ ដូចការស្ថាបនាផ្លូវថ្នល់ ការជីកកាយប្រឡាយបង្ហូរទឹក ក៏ដូចការកសាងនូវអគារថ្មីគណបក្សថ្មី ភ្ជាប់ជាមួយអគារចាស់ ដែលមានស្រាប់នេះក្តី នៅតែដំណើរការដោយរលូន។

នេះជាសមិទ្ធិផលថ្មីមួយនេះ របស់គណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅ សម្រាប់បំរើសេចក្តីត្រូវការ និងសេវាផ្សេងៗដល់សមាជិក សមាជិការរបស់គណបក្ស ពិសេសប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដែលត្រូវការគាំពារពីគណបក្ស។

អគារគណបក្សថ្មី កើតក្នុងសម័យកូវីដ-១៩នេះ មានទំហំ ២០ម៉ែត្រ គុណ ១០ម៉ែត្រ ចាប់ផ្តើមសាងសង់នៅក្នុងខែមីនា ឆ្នាំ២០២០ ដែលប្រភពថវិកាក្នុងការសាងសង់បានមកពីការចូលរួមចំណែកពីថ្នាក់ដឹកនាំគណបក្សខណ្ឌ និងសប្បុរសជននានា មកដល់ពេលនេះ មានរយៈពេលជាង១ឆ្នាំហើយ ទើបសាងសង់រួចរាល់ជាស្ថាពរ នៅសល់តែកិច្ចការបំពាក់សម្ភារៈ បរិក្ខារការិយាល័យតែប៉ុណ្ណោះ។

នេះជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីនៅក្នុងមូលដ្ឋានខណ្ឌ ក្នុងការសាងសង់អគារថ្មី និងជួសជុលអគារចាស់ ភ្ជាប់ជាមួយអគារថ្មី ដែលមានស្រាប់ និងរៀបចំទីធ្លាបរិវេណចាក់បេតុង ដើម្បីកែលំអសោភ័ណភាព ក៏ដូចជាលើកកម្ពស់សោភ័ណភាពគណបក្ស៕