(ភ្នំពេញ)៖ អ្នកបើកបររថយន្ដក្រុមហ៊ុន ក្រឡុកស៉ីម៉ងត៍ DRAGON CITY បានបើកបុក និងកៀរអ្នកបើកបរម៉ូតូ១គ្រឿង បណ្ដាលឱ្យបុរសម្នាក់រងបួសយ៉ាងធ្ងន់ធ្ងរ ស្ទើរតែស្លាប់បាត់បង់ជីវិត ដោយដាច់ជើងស្ដាំម្ខាងត្រឹមស្មងជើង (ពិការភាព)។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយអ្នកបើកបររថយន្ដក្រុមហ៊ុន ក្រឡុកស៉ីម៉ងត៍ DRAGON CITY ខាងលើនេះ បានកើតឡើងនៅតាមបណ្ដោយផ្លូវមហាវិថីហាណូយ (ក្បែរវត្តឃ្មួញ) ក្នុងភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាវេលាម៉ោង ០៨៖៣០នាទីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១។

ចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះដែរ សាច់ញ្ញាតិរបស់ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ស ចិន្ដា មុន្នី ភេទស្រី អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិសែនសុខទី៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានសំណូមពរយ៉ាងទទូច ដល់សមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មេត្តាជួយពន្លឿងក្នុងការដោះស្រាយផ្ដល់យុត្តិធម៌ និងដើម្បីប៉ះប៉ូវរាល់ថ្លៃព្យាបាលជំងឺ និងថ្លៃខូចខាតផ្សេងទៀត (ម៉ូតូខូចខាតស្ទើរទាំងស្រុង)។

ទោះជាយ៉ាងណាក៏ដោយ ជនបង្កអ្នកបើកបររថយន្ដ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ឃ្មួញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការគ្នាឃាត់ខ្លួនបានភ្លាមៗ ជាមួយរថយន្ដក្រឡុកធុនធំ១គ្រឿងម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-2292។

ឆ្លើយតបភ្លាមៗ លោក ឆេង សារីម នាយផ្នែកការិយាល័យចរាចរណ៍ផ្លូវគោក (ផ្នែកដោះស្រាយទំនាស់) នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងអ្នកបើកបររថយន្ដក្រុមហ៊ុន ក្រឡុកស៉ីម៉ងត៍ DRAGON CITY ជនរងគ្រោះខាងលើនេះ លោកនឹងខិតខំប្រឹងប្រែងដោះស្រាយតាមនិតិវិធី ឱ្យអស់ពីលទ្ធភាព ក្នុងការសម្របសម្រួល រយៈពេល៤៨ម៉ោងក្រោយ មុនកសាង និងបញ្ជូនសំណុំរឿងទៅដោះស្រាយគ្នានៅសាលាដំបូងរាជធានីភ្នំពេញ។

សូមជម្រាបថា បន្ទាប់ពីកើតហេតុមួយសន្ទុះក្រោយមក ជនរងគ្រោះជាអ្នកបើកបរម៉ូតូម៉ាកសង់ឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FA-3819 ក៏ត្រូវបានប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ជួយសង្គ្រោះផងដែរ ដោយហៅរថយន្ដសាម៊ុយដឹកយកទៅព្យាបាលនៅឯមន្ទីរសំរាកព្យាបាល និងសម្ភព សែនជ័យ ក្នុងរាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ជនសង្ស័យជាអ្នកបើកបររថយន្ដក្រុមហ៊ុន ក្រឡុកស៉ីស៉ីម៉ងត៍ DRAGON CITY មានឈ្មោះ ធឿន លីដា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ (បើករថយន្ដក្រឡុកស៉ីម៉ងត៍ DRAGON CITY) ស្នាក់នៅក្នុងក្រុមហ៊ុន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ស រដ្ឋា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅគៀនស្វាយ ក្នុងភូមិកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅក្បែរទីតាំងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ គេបានឃើញរថយន្ដ ក្រុមហ៊ុន ក្រឡុកស៉ីម៉ងត៍ DRAGON CITY បើកបរក្នុងល្បឿនលឿនគួរសម ស្របទិសគ្នាជាមួយម៉ូតូ ជនរងគ្រោះដែលបើកដឹកស្រាចំនួន៦កាន ក្នុងទិសដៅពីត្បូងទៅជើង (ម៉ូតូបើកខាងមុខរថយន្ដ) តាមបណ្ដោយផ្លូវមហាវិថីហាណូយ។

លុះបើកមកដល់ក្បែរខាងមុខវត្តឃ្មួញ ដែលជាចំណុចកើតហេតុ ស្រាប់តែរថយន្ដ ក្រឡុកស៉ីម៉ងត៍ DRAGON CITY បានជ្រុល និងរេចង្កូតទៅបុកកៀរ និងកិនម៉ូតូពីខាងក្រោយ និងពីខាងស្ដាំដៃ ធ្វើឱ្យម្ចាស់ម៉ូតូដួល និងខ្ទាតប៉ើងចេញពីម៉ូតូ ដែលនៅក្រោមរថយន្ដ បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ (ដាច់ជើងស្ដាំម្ខាងត្រឹមថ្មងជើងពិការភាព)៕