(កំពង់ឆ្នាំង)៖ លោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ បានថ្លែងទៅកាន់ប្រជាពលរដ្ឋនៅឃុំផ្លូវទូក ស្រុកកំពង់លែងថា មានសន្តិភាពទើបមានការអភិវឌ្ឍ សន្តិភាព ដែលបានមកជាង៤០ឆ្នាំនេះ គឺដោយសារការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ដូច្នេះដើម្បីឲ្យប្រទេសជាតិមានសន្តិភាពបន្តទៀតនោះ គឺយើងត្រូវតែគាំទ្រសម្ដេច ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងអាណត្តិខាងមុខនេះជាបន្តទៀត។

លោកស្រីអ្នកតំណាងរាស្ត្រ បានថ្លែងបែបនេះ នៅក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ចំនួន១២២គ្រួសារ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ នៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ វិធីចែកអំណោយនេះដែរ មានការចូលរួមពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្ត និងអា ជ្ញាធរស្រុក ឃុំ ចូលរួមផងដែរ។

ក្នុងឱកាសនោះ លោកស្រីអ្នកតំណាងរាស្ត្រ បានផ្ដាំផ្ញើសួរសុខទុក្ខ ពីប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ដល់ប្រជាពលរដ្ឋយើងនៅក្នុងមូលដ្ឋានទាំងអស់ និងបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន សូមចូលរួមអនុវត្តឲ្យបាន នូវវិធានរបស់ក្រសួងសុខាភិបាល និងអភិក្រមរបស់សម្ដេច ហ៊ុន សែន «៣កុំ និង៣ការពារ» ដើម្បីរួមគ្នាកាត់ផ្ដាច់ការចម្លងនៅជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ និងត្រូវចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក្រោយពីបានស្ដាប់របាយការណ៍របស់លោកសំ ចាន់ថន អភិបាលស្រុក កំពង់លែង អំពីការខ្វះខាតនៅក្នុងមូលដ្ឋានឃុំរួចមក។ ក្នុងនាមលោកជាប្រធានក្រុមការងារ ចុះពង្រឹងឃុំផ្លូវទូក តាមរយៈលោកបណ្ឌិត អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារថ្នាក់កណ្ដាលរបស់ជាតិ ចុះជួយខេត្តកំពង់ឆ្នាំង។

លោកអភិបាលខេត្ត បានប្រកាសជួយផ្ដល់អគារសាលារៀន ធ្វើអំពីបេតុងមួយខ្នងផុតពីទឹក នឹងជួយដាក់បង្គោលភ្លើងសូឡាតាមដងផ្លូវក្នុងមូលដ្ឋានរបស់ឃុំផ្លូវទូក ចំនួន១០០បង្គោល សម្រាប់បំភ្លឺនៅពេលយប់ដល់ភូមិឋាន របស់ប្រជាពលរដ្ឋ ហើយលោកអភិបាលខេត្ត ក៏បានសន្យាថា នឹងរកដៃគូវិនិយោគទុន ដើម្បីផលិតទឹកស្អាត ចែកជូនបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់ក្នុងពេលខាងមុខនេះ ចៀសវាងការប្រើប្រាស់ទឹកដែលមិនមានស្តង់ដារ។

នៅក្នុងពិធីនោះ លោក លោកស្រី និងក្រុមការងារ ក៏បានប្រគេនទេយ្យវត្ថុ និងបច្ច័យមួយចំនួនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងវត្តថ្នល់ឈើទាល សម្រាប់ការដោះស្រាយផ្សេងៗទៅតាមតម្រូវការរបស់ព្រះសង្ឃ។ ដោយឡែកអំ ណោយដែលចែកជូនប្រជាពលរដ្ឋចំនួន១២២គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២៥ គីឡូ, ទឹកផ្លែឈើ ៦ដប, ត្រីខ១២កំប៉ុង និងម៉ាស់១ ប្រអប់។ ចំណែកកម្លាំងប្រជាការពារ និងកងកម្លាំងនគរបាលស្រុកដែល បានជួយរៀបចំសណ្ដាប់ធ្នាប់ និងសន្តិសុខក្នុងពិធីនេះ ក៏ទទួលបានថវិកាក្នុងម្នាក់ៗ២ម៉ឺនរៀលផងដែរ៕