(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាព ការរៀបចំសណ្ដាប់ធ្នាប់ ផ្សារសេរីស្ទោង បន្ទាប់ពីបានបិទខ្ទប់ ជាលើកទី២ កាលពីថ្ងៃទី០១ ខែសីហា ដើម្បីរៀបចំសណ្ដាប់ធ្នាប់ អនាម័យ និងរបៀបរៀបរយឱ្យបានល្អប្រសើរចៀសបាននូវ ហានិភ័យ នៃការឆ្លងជំងឺកូវីដ-១៩ មុននឹងបើកឲ្យដំណើរការលក់ដូរឡើងវិញចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ស្អែកនេះ។

លោក សុខ លូ បានអប់រំណែនាំដល់ក្រុមតំណាងអាជីវករទាំងអស់ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ដោយគោរពតាមវិធានការ ៣ការពារ៖ ត្រូវពាក់ម៉ាស់ឲ្យជាប់, ឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល នៅពេលប៉ះជាមួយសម្ភារផ្សេង, ត្រូវរក្សាវគម្លាតសុវត្ថិភាពបុគ្គល និង៣កុំ៖ នៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា ដើម្បីជៀសឆ្ងាយពីជំងឺកូនវីដ១៩ ប្រភេទ Delta ដ៏កាចសាហាវមួយនេះ។

ជាមួយនឹងការបើកឲ្យដំណើរការលក់ដូរឡើងវិញនេះ អាជីវករនៅផ្សារសេរីស្ទោង មានចិត្តសប្បាយរីករាយណាស់ ព្រមទាំងបានសន្យាធានា នៅចំពោះមុខក្រុមការងារ ទាំងអស់ ក្នុងការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលក៏ដូចជាគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។

ជាមួយគ្នានេះដែរតំណាងអាជីវករ និងអ្នកគ្រប់គ្រងផ្សារបានធានារអះអាងដូចជា៖ មិនអនុញ្ញាតឲ្យអាជីវករលក់ដូរលើចិញ្ចើមផ្លូវទៀតឡើយ, មិនអនុញ្ញាត ឲ្យអ្នកទិញ យកម៉ូតូ រឺម៉ករថយន្តចូល ក្នុងបរិវេណផ្លូវ នៃទីតាំងលក់ដូរ, អ្នកលក់ត្រូវដាក់អាល់កុលឲ្យបានគ្រប់គ្នា, ទាំងអ្នកលក់ និងអ្នកទិញត្រូវពាក់ម៉ាសគ្រប់គ្នា, អ្នកលក់ត្រូវរក្សា គម្លាតសុវត្ថិភាព តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរៀបចំទីតាំងដាក់ម៉ូតូចំនួន៤ទីតាំងតាមការកំណត់។

សូមបញ្ជាក់ថា ក្នុងថ្ងៃដដែលនោះ លោក សុខ លូ បានបន្តដំណើរចុះត្រួតពិនិត្យនៅតាមមណ្ឌលចាក់វ៉ាក់សាំងកូវីដ ១៩ នៅក្នុងស្រុកស្ទោង និងក្រុងស្ទឹងសែន បន្ថែមទៀត ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចេះការពារខ្លួនឯង ស្មើនឹងការពារក្រុមគ្រួសារកុំឱ្យឆ្លងជំងឺកូវីដ១៩។ ប្រសិនបើបានចាក់វ៉ាក់សាំងចំនួន ២ដងរួចហើយ សូមកុំបារម្ភ ទោះបីឆ្លងក៏មិនឈឺធ្ងន់នោះដែរ។ ម្យ៉ាងវិញទៀតសូមប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នក្មេងៗតែនៅផ្ទះ និងចាស់ៗដែលមិនទាន់បានចាក់វ៉ាក់សាំង ព្រោះអាចឆ្លងនូវជំងឺកូវីដ១៩ បាន៕