(ភ្នំពេញ)៖ តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសង្ឃទាំងឡាយគ្រប់អារាមនៅកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែ ចាប់តាំងពីថ្ងៃ ១រោចខែអាសាធតទៅ ដើម្បីសិក្សារៀនសូត្រព្រះធម៌។ ការចូលវស្សាជារៀងរាល់ឆ្នាំ គឺប្រារព្ធធ្វើឡើងនៅក្នុងអំឡុងខែវស្សាជារដូវភ្លៀង ដែលប្រជាពលរដ្ឋ ក៏ដូចជាព្រះសង្ឃលំបាកក្នុងការធ្វើដំណើរ និងនិមន្តពីកន្លែងមួយទៅកន្លែងមួយ ហើយក៏ជាពេលវេលាដែលភិក្ខុសង្ឃទាំងឡាយ ត្រូវប្រតិបត្តិសិក្សាពីធម៌ វិន័យយ៉ាងខ្ជាប់ខ្ជួនផងដែរ។

ដូច្នេះហើយ ក្នុងឱកាសចូលព្រះវស្សានេះ ក្រុមហ៊ុន អាយឌាល ត្រេងឌីង អេនធើប្រាយនៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យមួយចំនួន វេរប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តអង្គតាមិញខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក មុំ សាផាត អគ្គនាយកក្រុមហ៊ុន អាយឌាល ត្រេងឌីង អេនធើប្រាយ និងលោកស្រីនាយិកា ជុំ សមដាវី បានថ្លែងថា ខណៈដែលពិធីបុណ្យចូលព្រះវស្សាឈានមកដល់ ហើយក៏ស្ថិតក្នុងបរិបទរីករាលដាលជំងឺកូវីដ១៩ផងនោះ ក្រុមហ៊ុនក៏បាននាំយកទានព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ វេរប្រគេនចំពោះព្រះសង្ឃគង់ចាំព្រះវស្សា។ សម្រាប់ទេយ្យវត្ថុផ្តល់ជូនវត្តខាងលើនេះរួមមាន៖ ទានវស្សា ចំនួន២ដើម, សាដក់ ចំនួន៥ឈុត, ទឹកសុទ្ធ ចំនួន១០កេស, មី ចំនួន១០កេះ, ទឹកត្រី ចំនួន៥យួរ, ត្រីខកំប៉ុង ចំនួន១កេស (១០០កុប៉ុង), អង្ករ ចំនួន១០០គីឡូ, សាប៊ូដុំ មេឌីម៉ិច ចំនួន៤២០ដុំ, ម៉ាស ចំនួន១កេស (២៥០០ម៉ាស), ប៊ីចេង ចំនួន៥គីឡូ, ស្ករ ចំនួន៥គីឡូ, ខ្ទមឹស ចំនួន៥គីឡូ និងផ្លែឈើ ១កន្ត្រកធំ និងថវិកាមួយចំនួនផងដែរ។

ជាមួយគ្នានោះដែរ ព្រះចៅអធិការវត្ដ ក៏បានជូនពរសព្ទសាធុការដល់ លោក មុំ សាផាត និងគ្រួសារព្រមទាំងសហការីនៃក្រុមហ៊ុន អាយឌាល ត្រេងឌីង អេនធើប្រាយ សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមឱ្យកម្ពុជា ចៀសផុតពីជំងឺកូវីដ-១៩ នឹងនាំមកនូវភាព សុខដុមរមនាដល់ប្រទេសជាតិជារៀងរហូត និងសូមឧទ្ទិសមហាកុសលផលបុណ្យជូនចំពោះវិញ្ញាណក្ខន្ធដល់ញាតិសន្តានដែលបានចែកឋានទៅផងដែរ៕