(ត្បូងឃ្មុំ)៖ យោងតាមអនុសាសន៍របស់សមេ្ដចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវវិធានការបង្ការ និងទប់ស្កាត់ជំងឺប្រភេទបំប្លែងថ្មី Delta, នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមការងារថ្នាក់ជាតិចុះពង្រឹងមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានដឹកនាំអាជ្ញាធរស្រុក អញ្ជើញចុះត្រួតពិនិត្យ ទីតាំងធ្វើចត្តាឡីស័ក សម្រាប់ទទួលពលករត្រឡប់ពីប្រទេសថៃ និងពិនិត្យការអនុវត្តការចាក់វ៉ាក់សាំងកាពារកូវីដ១៩ នៅស្រុកពញាក្រែក និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

លោក វង សូត បានថ្លែងការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នការពារអោយបានខ្ពស់ ព្រោះមេរោគកូវីដ-១៩ និងជំងឺប្រភេទបំប្លែងថ្មី Delta គ្មានរូបរាង គ្មានក្លិន គ្មានស្រមោល គ្មានពណ៍ មើលមិនឃើញឡើយ ដែលជាហេតុបង្កគ្រោះថ្នាក់បំផុតហើយងាយឆ្លងទៀត បើសិនយើងធ្វេសប្រហែសតែមួយនាទីណានោះ។

លោករដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់អាជ្ញាធរស្រុកពញាក្រែក ត្រូវត្រៀមរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័ក និងសម្ភារប្រើប្រាស់ចំនួន សម្រាប់បង្ការជាយថាហេតុ ក្នុងការទទួលបងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃខាងមុខនេះ ដោយយើងមិនអាចមើលសាលជំងឺប្រភេទ(Delta) នោះបានទេ ខណៈដែលនៅតាមបណ្ដាលប្រទេសជិតខាង កំពុងឆ្លងរាលដាលខ្លាំងចូលសហគមន៍។

លោករដ្ឋមន្ត្រី វង សូត ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់គ្នាទោះមិនទាន់បានចាក់វ៉ាក់សាំង ឬបន្ទាប់ពីបានទទួលវ៉ាក់សាំងរួចហើយក្តី ក៏តែត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ក្រសួងសុខាភិបាល និងវិធានការណ៍ដ៏មុតស្រួច «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ឲ្យមានប្រសិទ្ធិភាពខ្ពស់។

ក្នុងឱកាសដែលលោករដ្ឋមន្ត្រី វង សូត ចុះពិនិត្យការអនុវត្តការចាក់វ៉ាក់សាំងកាពារកូវីដ១៩ នៅស្រុកពញាក្រែក និងឃុំជាច ស្រុកកំចាយមារនោះដែរ។ លោកបានឧបត្ថម្ភថវិកាចំនួន៥ម៉ឺនរៀល ស្ព្រៃ ១ដប់ ជូនដល់ក្រុមគ្រូពេទ្យ និងអ្នកចូលរួមចាក់វ៉ាក់សាំងការពារកូវីដក្នុងម្នាក់ៗទទួលបានថវិការ១ម៉ឺនរៀល ស្ព្រៃ ១ដប់ផងដែរ៕