(ពោធិ៍សាត់)៖ លោកស្រី ម៉ែន ផល្លី អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងលោក ម៉ៅ ធនិន អភិបាលខេត្ត នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំង ផ្លាស់ប្តូរ និងប្រគល់ភារកិច្ច មន្ត្រីរាជការ សរុបចំនួន១៣រូប បំពេញក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្តពោធិ៍សាត់។

ពិធីនេះត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយបានការចូលរួមពីលោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកនាយក នាយករងទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីអ្នកមុខអ្នកការផ្សេងទៀត។

យោងតាមដីកាលេខ ០៣៧/២១ដក.តត/ខពស របស់រដ្ឋបាលខេត្តពោធិ៍សាត់ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ត្រូវបានតែងតាំងមន្រ្តីរាជការ ចំនួន០៩រូប, ផ្លាស់ប្តូរភារកិច្ចមន្ត្រីរាជការ ចំនួន០២រូប និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ ចំនួន០២រូប បំពេញក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត។

បន្ទាប់ពីលោក ពេជ្រ សុវណ្ណ នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តពោធិ៍សាត់ បានអានដីកាស្តីពីការតែងតាំង ផ្លាស់ប្តូរ និងប្រគល់ភារកិច្ច ជូនមន្ត្រីរាជការនៃរដ្ឋបាលខេត្តពោធិ៍សាត់នោះរួចមក លោក ហៃ ចន្ធូ តំណាងឱ្យមន្ត្រីរាជការដែលទើបទទួលបានការតែងតាំងថ្មី បានប្តេជ្ញាចិត្តដូចតទៅ៖

១-ប្តេជ្ញា អនុវត្តឱ្យបានល្អប្រសើរ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
២-ប្តេជ្ញាអនុវត្តឱ្យបាននូវយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដែលមានអភិបាល កិច្ចល្អជាស្នូល។
៣-គោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ គោលនយោបាយ និងច្បាប់ លិខិតបទដ្ឋានគតិយុទ្ធនានារបស់រាជ រដ្ឋាភិបាល។
៤-រឹតចំណងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អមិនបង្ករភាពអសកម្មផ្សេងៗ
៥-បង្កើនការរៀនសូត្រស្រាវជ្រាវរាល់គន្លឹះអំពីរបៀបរបបធ្វើការងារប្រចាំថ្ងៃរបស់ខ្លួន។
៦-ខិតខំថែរក្សា ការពារ និងពង្រឹងពង្រីកស្មារតីសាមគ្គីភាព ទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយលោក លោកស្រី អភិបាលនៃគណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក មន្ត្រីរាជការនៅគ្រប់អង្គភាពជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធ និងបណ្តាអាជ្ញាធរឃុំទាំងអស់ទូទាំងស្រុក ដើម្បីផ្សារភ្ជាប់កិច្ចអភិវឌ្ឍន៍មូលដ្ឋានតាមគោល ការណ៍របស់រាជរដ្ឋាភិបាល។

លោកស្រី ម៉ែន ផល្លី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ជុំវិញការខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់ជាន់ថ្នាក់ ដែលខិតខំប្រឹងប្រែង លះបង់អស់កម្លាំងកាយចិត្ត ក្នុងការចូលរួមជាមួយថ្នាក់ដឹកនាំ ដើម្បីបម្រើជាតិ និងប្រជាជន ពិសេសក្នុងយុទ្ធនាការរួម ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ លោកស្រីបានបន្ថែមថា តួនាទីដែលផ្ដល់ជូននាពេលនេះ គឺជាអំរែក ដូច្នេះហើយត្រូវយកតួនាទីនេះ ទៅប្រើប្រាស់ឱ្យចំគោលដៅ ដើម្បីជាប្រយោជន៍ និងផ្តល់ភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ និងត្រូវខិតខំប្រឹងប្រែងបម្រើរាស្ត្រ និងអនុវត្តច្បាប់ ដោយផ្សារភ្ជាប់សុខទុក្ខ ដល់ខ្នងផ្ទះប្រជាពលរដ្ឋ។

ជាងនេះទៅទៀត ត្រូវបន្តខិតខំធ្វើការងារ ដោយបង្កើនចំណងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងត្រូវគោរពវិន័យការងារ តួនាទី ភារកិច្ច លក្ខខណ្ឌការងារដែលបានបែងចែក ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងត្រូវបន្តពង្រឹង ការអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ឱ្យសាកសមជាអ្នកបន្តវេនដ៏ល្អ និងឱ្យសមស្របទៅនឹងសម្ភារៈបច្ចេកទេស ដែលមានការអភិវឌ្ឍន៍រីកចម្រើន ក្នុងយុគ្គសម័យបច្ចុប្បន្ន។

លោកស្រីក៏បានណែនាំដល់មន្ត្រីរាជការរដ្ឋបាលខេត្ត ត្រូវបន្តអនុវត្តផែនការដែលថ្នាក់ដឹនាំបានដាក់ចុះនិងធ្វើការផ្សព្វផ្សាយពីវិធានការ «៣កុំ, ៣ការពារ» របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងវិធានការនានា របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មី៕