(កណ្ដាល)៖ ប្រជាពលរដ្ឋរស់នៅឃុំកំពង់ហ្លួង ស្រុកពញាឮចំនួន៨៦នាក់ ដែលកើតជំងឺគ្រុនឈីក និងគ្រុនឈាម ទទួលបានការការឧបត្ថម្ភ និងសួរសុខទុក្ខពីសំណាក់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។

ស្ថិតនៅក្នុងឱកាសចុះជួបសំណេះសំណាល អ្នកបានជាសះស្បើយពីជំងឺគ្រុនឈីកចំនួន៧៨នាក់នៅចុងសប្តាហ៍ នៅក្នុងវិទ្យាល័យ ហ៊ុន សែន ទេពប្រណម ស្ថិតនៅឃុំវិហារហ្លួង ស្រុកពញាឮ លោកអភិបាលខេត្ត ក្នុងនាមសាខាកាកបាទក្រហមកម្ពុជា បានពាំនាំការសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែបារម្ភ គិតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ គ្រប់ទីកន្លែងដោយមិនគិតនិន្នាការនយោបាយអ្វីឡើយ ។

លោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់ពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជុំវិញជំងឺគ្រុនឈាម គ្រុនឈីក ពិសេសគឺកូវីដ១៩ ដែលបញ្ហាទាំងអស់នេះតោងឲ្យពលរដ្ឋយើងចាំបាច់ត្រូវមានការរស់នៅស្អាត អនុវត្តន៍វិធានការ «៣ការពារ និង៣កុំ» ឲ្យមានប្រសិទ្ធភាព។

លោកអភិបាលខេត្ត បានចេញបញ្ជាឲ្យមន្ត្រីសុខាភិបាលខេត្តកណ្ដាល ធ្វើការបាញ់ថ្នាំសម្លាប់មេរោគ សម្លាប់ដង្កូវទឹកដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈីក និងគ្រុនឈាម នៅឃុំវិហារហ្លួង ឲ្យបានគ្រប់ច្រកល្ហកផងដែរ ធ្វើយ៉ាងកម្ចាត់ប្រភពចម្លងជំងឺនេះឲ្យអស់។

លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានលើកឡើងថា លោកបានខ្នះខ្នែងចាត់ចែងលើការជួយសង្រ្គោះភ្លាមៗក្រោយកើតហេតុភ្លាម ក្នុងនោះពលរដ្ឋនៅសល់តែ៦នាក់ទៀតប៉ុណ្ណោះ កំពុងព្យាបាលនៅឡើយ ខណ:ដែលពួកគាត់មានអាការ:ធូរស្បើយបានច្រើនហើយ។

លោកបានចាត់ចែងជួយផ្ដល់ជាស្បៀងអាហារ និងថវិកាដល់ក្រុមគ្រួសារដែលមានជំងឺគ្រុនឈីកនេះ ហើយលោកសូមអំពាវនាវពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នកំឡុងពេលរដូវវស្សានេះ និងរួមគ្នាកំចាត់សំបុកមូសខ្លា និងពិសេស ចូលរួមអនុវត្តន៍វិធានការ «៣កុំ និង៣ការពារ» ឲ្យបានល្អប្រសើរ។

សូមជម្រាបថា អំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលដែលបានប្រគល់ជូនគឺ ០១នាក់ទទួលបាន អង្ករ២០គ.ក, មី០១កេស, ត្រីខកំប៉ុង០១យួរ, ទឹកសុទ្ធ០១កេស, ម៉ាស់០១បន្ទះ, អាល់កុល០១ប្រអប់, អាល់កុល០១ដប និងថវិកា ៥០,០០០រៀល៕