(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងខេត្តបាត់ដំបង និងបញ្ហាប្រឈមមួយចំនួន។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់រដ្ឋលេខាធិការប្រចាំការ ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃមួយចំនួនទៀត ចំណែកអភិបាលខេត្តបាត់ដំបង និងសមាជិកអង្គប្រជុំមួយចំនួនទៀត បានចូលរួមតាមវីដេអូសន្និសីទ Zoom។ នេះបើយោងតាមទំព័រ Facebook ផ្លូវការរបស់សម្តេចក្រឡាហោម ស ខេង។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ ផ្តោតសំខាន់ទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ពិសេសការដោះស្រាយបញ្ហាប្រឈមនានាបង្កឡើងដោយការរីករាលដាលមេរោគបំប្លែងថ្មី ដែលខេត្តបាត់ដំបងក៏ស្ថិតក្នុងតំបន់ងាយឆ្លងជំងឺនេះ។

សម្ដេចបានគូសបញ្ជាក់ថា ខេត្តបាត់ដំបង គឺជាខេត្តមួយជាប់ព្រំដែនជាមួយប្រទេសថៃ ហើយប្រទេសថៃកំពុងស្ថិតក្នុងអត្រាឆ្លងខ្ពស់នៃមេរោគកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មី ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរ ពិសេសប្រជាពលរដ្ឋ ជាក្រុមពលករនាំគ្នាធ្វើដំណើរត្រឡប់មកវិញជាបន្តបន្ទាប់ និងបានក្លាយជាបញ្ហាប្រឈមថ្មីមួយដែលទាមទារឱ្យមានការខិតខំដោះស្រាយ។

សម្ដេចក្រឡាហោម បានបន្ថែមថា ប្រឈមនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា និយាយជារួម និងរដ្ឋបាលខេត្តបាត់ដំបងនិយាយដោយឡែក ក៏បានខិតខំប្រឹងប្រែងអនុវត្តតាមគោលការណ៍នានា ប្រកបដោយការទទួលខុសត្រូវ ខ្ពស់រួចមកហើយដែរ។ សម្ដេចបានថ្លែងកោតសរសើរចំពោះក្រុមការងារថ្នាក់ជាតិទាំងអស់ ដែលបានជួយជ្រោមជ្រែងដល់រដ្ឋបាលខេត្តបាត់ដំបង ទាំងជំនួយសម្ភារៈ និងស្មារតី។

លោក ងួន រតនៈ អភិបាលបាត់ដំបងដំបង ក៏បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម ព្រមទាំងអង្គប្រជុំ អំពីសភាពការណ៍ទូទៅនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងខេត្ត ដែលរួមមានទាំងវឌ្ឍនភាពការងារ និងបញ្ហាប្រឈម ដែលខេត្តកំពុងជួបប្រទះនារយៈពេលចុងក្រោយនេះ៕