(កំពត)៖ បុរសម្នាក់ដោយសារមានទំនាស់ជាមួយប្រពន្ធ បានដាច់ចិត្តបញ្ចប់ជីវិត ដោយចងក ធ្វើអត្តឃាតនៅម៉ោង១២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះជនរងគ្រោះក្នុងភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុង-ខេត្តកំពត។

មន្ត្រីនគរបាលមូលដ្ឋានបានប្រាប់អង្គភាព Fresh News ថា ជនរងគ្រោះមុនសម្រេចចិត្តចងកធ្វើអត្តឃាត បានឈ្លោះទាស់ពាក្យសំដីគ្នា កាលពីក្បាលព្រលប់ ម្យ៉ាងពីរនាក់ប្តីប្រពន្ធនេះ មិនដែលដេករួមរក្សជាមួយគ្នានោះទេ ហើយជនរងគ្រោះជាប្តីតែងតែស្រវឹងស្រាស្ទើររាល់ថ្ងៃ ហើយ២នាក់ប្តីប្រពន្ធនេះ រស់នៅតែ២នាក់ទេ ចំណែកកូនចៅរស់នៅផ្ទះផ្សេងៗគ្នា។ ជនរងគ្រោះដែលចងកធ្វើអត្តឃាតឈ្មោះ រ័ត្ន រ៉ូដូ អាយុ៦៦ឆ្នាំ មានប្រពន្ធឈ្មោះ ហ៊ុល គឹមហេង អាយុ៥២ឆ្នាំ រស់នៅភូមិ-សង្កាត់ខាងលើ៕