(ភ្នំពេញ)៖ លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអះអាងថា វិស័យមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា កំពុងតែបន្ដបេសកកម្ម របស់ខ្លួនយ៉ាងមុតមាំលើការផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ និងកំពុងចូលរួមបម្រើតម្រូវការចាំបាច់ផ្នែកហិរញ្ញវត្ថុ ជូនដល់ប្រជាពលរដ្ឋ ជាមួយនឹងការយោគយល់ខ្ពស់បំផុត នៅក្នុងគ្រាលំបាក។

ការអះអាងបែបនេះ ក្នុងឱកាសដែល លោក ផល វ៉ាន់ឌី អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សា ស្ដីពី «វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា» ក្រោមប្រធានបទ «សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងកិច្ចគាំពារអតិថិជន ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ» ដែលជាកម្មវិធីថ្មី របស់ទូរទស្សន៍ Fresh News។

លោក ផល វ៉ាន់ឌី បានបញ្ជាក់យ៉ាងដូច្នេះថា «វិស័យមីក្រូហិរញ្ញវត្ថុ បន្តបេសកកម្មរបស់ខ្លួនយ៉ាងមុតមាំ លើការទទួលបានសេវាហិរញ្ញវត្ថុ ដោយទទួលខុសត្រូវ ដែលមានមន្ត្រីឥណទាន ឆ្លងកាត់ការបណ្ដុះបណ្ដាល អនុវត្តផ្ដល់ប្រាក់កម្ចីប្រកបដោយវិជ្ជាជីវៈ [...] កំពុងតែចូលរួមបម្រើនូវតម្រូវការចាំបាច់ សេវាហិរញ្ញវត្ថុ ជូនដល់បងប្អូនប្រជាពលរដ្ឋយើង ប្រកបដោយការទទួលខុសត្រូវ»

លោកបន្ថែមថា សមាគមមីក្រូហិរញ្ញវត្ថុ ក៏ដូចជាសមាជិករបស់ខ្លួន គឺរក្សានូវជំហរយ៉ាងមុតមាំ ក្នុងការចូលរួមជួយដល់ប្រជាពលរដ្ឋក្រីក្រ កាត់បន្ថយភាពក្រីក្រ នៅក្នុងសង្គម ដូច្នេះហើយសេវាហិរញ្ញវត្ថុដែលផ្ដល់ជូនដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺជាសេវាដែលប្រកបដោយការទទួលខុសត្រូវ។

លោក ផល វ៉ាន់ឌី បានលើកឡើងថា ក្នុងបរិបទជំងឺកូវីដ១៩ សមាគមមីក្រូហិរញ្ញវត្ថុ និងសមាជិករបស់ខ្លួន បានចូលរួមយ៉ាងសកម្ម ក្នុងការរៀបចំឥណទានឡើងវិញ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអតិថិជនជាង៣០ម៉ឺននាក់ និងគិតជាថវិកាទំហំប្រមាណ១,៦០០លានដុល្លារអាមេរិក ដែលជាដំណោះស្រាយដ៏ធំ ចំពោះស្ថានភាពពិបាករបស់អតិថិជន។

លោកថា បន្ទាប់ពីព្រឹត្តិការណ៍២០កុម្ភៈ កើតមាននូវការរីករាលដាល សមាគមមីក្រូហិរញ្ញវត្ថុ និងសមាជិករបស់ខ្លួន បានអនុវត្តវិធានការយោគយល់ខ្ពស់បំផុត ចំនួន៣ចំណុច ដោយក្នុងនោះមាន ទី១៖ មិនផាកពិន័យរាល់ការបង់យឺតរបស់អតិថិជន, ទី២៖ អនុគ្រោះដល់ការ មិនបង់ការប្រាក់ពីអតិថិជន និងទី៣៖ រៀបចំឥណទាន ដោយមានការបត់បែននៃការបង់ប្រាក់ត្រឡប់មកវិញរបស់អតិថិជន។

វិស័យមីក្រូហិរញ្ញវត្ថុ ពិតជាបានប្រតិបត្តិនូវការយល់យោគនៃភាពជាដៃគូជាមួយអតិថិជន ដែលជួយគ្នាក្នុងគ្រាលំបាក ហើយកិច្ចការនេះមីក្រូហិរញ្ញវត្ថុកម្ពុជា បានធ្វើច្រើនដោយមានការគាំទ្រយ៉ាងពិសេស ពីធនាគារជាតិនៃកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

បើតាមលោក ផល វ៉ាន់ឌី កន្លងមកនៅពេលកម្ពុជា ជួបបញ្ហាគ្រោះធម្មជាតិផ្សេងៗ គឺមីក្រូហិរញ្ញវត្ថុ តែងតែចូលរួមយ៉ាងសកម្ម ក្នុងការជួយដល់ប្រជាពលរដ្ឋ ទាំងកិច្ចការសង្គម និងកិច្ចការយល់យោគ ចំពោះការបង់ប្រាក់ត្រឡប់មកវិញ ប្រកបដោយការទទួលខុសត្រូវ ក្នុងភាពជាដៃគូជាមួយបងប្អូនប្រជាពលរដ្ឋ ដែលជាអតិថិជន។

លោកបានលើកឡើងថា ក្នុងបរិបទកូវីដ១៩នេះ សមាគម និងសមាជិករបស់ខ្លួន ក៏បានចូលរួមយ៉ាងសកម្ម ជាមួយវិធានការរបស់រាជរដ្ឋាភិបាល ហើយវិធានសុខាភិបាល សមាគម និងសមាជិក ក៏បានចូលរួមជាថវិកាក្នុងការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ រួមទាំងថវិកាទិញវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋផងដែរ។

លោក ផល វ៉ាន់ឌី បានបន្ថែមទៀតថា នៅក្នុងវិធានស្ដារសេដ្ឋកិច្ចឡើងវិញ សមាគមបានធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិ នៃកម្ពុជា ដើម្បីរៀបចំនូវយុទ្ធសាស្ត្រ គាំទ្រក្នុងការបង្កើតធនាគារ SME ដែលជាធនាគារមួយ ក្នុងការផ្ដល់ប្រាក់កម្ចី ដែលមានអាត្រាការប្រាក់ទាបបំផុត ដែលមិនធ្លាប់មានដល់អាជីវកម្មខ្នាតតូច និងមធ្យម ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ។

មិនតែប៉ុណ្ណោះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានចូលរួមជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការបង្កើតសារជីវកម្មធានាឥណទាន ដើម្បីគាំទ្រ ដល់អាជីវកម្មខ្នាតតូច និងមធ្យម ដើម្បីឲ្យអតិថិជន មានលទ្ធភាពទទួលបាន កម្ចីប្រកបដោយការធានានូវហានិភ័យផ្សេងៗ។

គូសបញ្ជាក់ថា គិតរហូតមកដល់ពេលបច្ចុប្បន្ននេះ មានអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុចំនួនជាង២លាននាក់ ប្រមាណជាង៦០% នៃអតិថិជនទាំងមូល(ធនាគារ និងមីក្រូហិរញ្ញវត្ថុ) ក្នុងទំហំទឹកប្រាក់ប្រមាណ៧ពាន់លានដុល្លារ ដែលកំពុងទទួលបានផ្ដល់ប្រយោជន៍ ទាំងប្រាក់កម្ចី ប្រាក់បញ្ញើ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា៕