(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះ បានកៀរគរប្រមូលនូវទយ្យទាន និងបច្ច័យ ចំណាំព្រះវស្សា សរុបទឹកប្រាក់ចំនួន ១៩,៤៧៦,៦០០រៀល ទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្ត មុន្នីរង្សីរតនារាម ហៅ (វត្តម្យុំខាងជើង) ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមមានលោកមេបញ្ជាការរង លោកប្រធានក្រុមប្រឹក្សាក្រុងច្បារមន លោកចៅសង្កាត់ស្វាយក្រវ៉ាន់ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ផងដែរ។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានថ្លែងថា បើទោះកម្លាំងកងរាជអាវុធហត្ថមានភារកិច្ចស្នូលចំពោះលើការងារបង្ការបង្ក្រាប និងសង្គ្រោះ ពិតមែនក្តី តែក្នុងនាមជាកុលបុត្រខ្មែរកាន់ព្រះពុទ្ធសាសនា គឺការធ្វើបុណ្យសន្សំកុសល និងរៃអង្គាសទៅតាមសទ្ធាជ្រះថ្លា ដើម្បីជាទានប្រគេនចំពោះព្រះសង្សដែលគងចាំព្រះវស្សាជារាងរាល់ឆ្នាំមិនអាក់ខានឡើយ។

សូមរំលឹកថា ពិធីចូលព្រះវស្សា ជាពិធីសំខាន់មួយ សម្រាប់ប្រទេសកាន់ព្រះពុទ្ធសាសនា គោរពសក្ការៈ ប្រតិបត្តិទានសប្បុរស ដល់ព្រះសង្ឃគង់ចាំព្រះវស្សា និងជាវេលាល្អមួយដែលប្រជាពលរដ្ឋខ្មែរទាំងអស់ដឹងថាជារដូវភ្លៀង ធ្វើស្រែចំការផងដែរ ដោយពួកគាត់បានប្រុងប្រៀបរៀបចំពូជស្រូវដំណាំទុក សម្រាប់សាបព្រោះធ្វើឱ្យទាន់ពេលវេលា។

ពិធីចូលព្រះវស្សាជាច្បាប់មួយផងដែរ របស់ព្រះពុទ្ធតម្រូវឱ្យព្រះសង្ឃគ្រប់អង្គដែលប្រតិបត្តិសាសនា ទ្រង់ត្រូវគង់ចាំព្រះវស្សានៅក្នុងវត្ត នីមួយៗ រយៈពេល៣ខែ ទៅតាមពុទ្ធប្បញ្ញត្តិរបស់ព្រះសម្មាសម្ពុទ្ធនៃយើង និងបានកំណត់យកថ្ងៃ១រោច ខែអាសាឍ តទៅ៕