(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំពាក់ព័ន្ធការអនុវត្តនូវបទបញ្ជាណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាសារាចរលេខ០៥ សរ របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងចំណាត់ការអនុវត្តជាក់ស្ដែងបន្ទាន់មួយចំនួនទៀត របស់លោក ហ៊ុន ម៉ាណែត អនុប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ តាមរយៈវីដេអូ Zoom ពីបណ្ដារាជធា-ខេត្ត និងក្រសួងស្ថាប័នពាក់ព័ន្ធស្ដីពីការទទួលដឹកជញ្ជូន និងការផ្គត់ផ្គង់គ្រប់គ្រង ពលករខ្មែរវិលត្រឡប់ពីប្រទេសថៃតាមផ្លូវគោក។

កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តកំពត ដោយចូលរួមពីជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងអាជ្ញាធរពាក់ព័ន្ធ។
កិច្ចប្រជុំខាងលើ ផ្ដោតសំខាន់ សំដៅការត្រៀមលក្ខណៈរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ១៩ សម្រាប់ការទទួលពលករខ្មែរ វិលត្រឡប់មកពីប្រទេសថៃតាមព្រំដែនគោក ក្នុងករណីវិលត្រឡប់នាពេលខាងមុខនេះ។

លោក ជាវ តាយ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តែងបានខិតខំដោះស្រាយ និងដាក់ចេញនូវចំណាត់ការវិធានការសំខាន់ៗគ្រប់បែបយ៉ាង ដើម្បីគ្រប់គ្រង និងជំរុញការណែនាំដល់បណ្ដា រាជធានី ខេត្ត ឲ្យមានការយកចិត្តទុកដាក់អនុវត្ត ចំពោះបញ្ហាការប្រយុទ្ធ និងបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ សំដៅធ្វើយ៉ាងណាការពារសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។

លោកអភិបាលខេត្ត បានបន្តថា នៅចំពោះមុខស្ថានភាព វិវត្តយ៉ាងលឿននៃការឆ្លងនូវជំងឺកូវីដ-១៩ នារយៈពេលចុងក្រោយនេះ ពិសេសមេរោគកូវីដ១៩ បម្លែងខ្លួនថ្មីប្រភេទដែលតា(Delta) ដែលធ្វើឲ្យយើងទាំងអស់គ្នា ពិសេសការបារម្មណ៍ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ បាននិងកំពុងខិតខំយកចិត្តទុកដាក់ចំពោះបញ្ហាជំងឺដ៏កាចសាហាវនេះ។ ដូច្នេះដើម្បីអនុវត្តនូវបទបញ្ជា និងការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាសារាចរលេខ ០៥ ឱ្យមានប្រសិទ្ធភាព នៅចំពោះមុខស្ថានការណ៍ ដែលគួរឲ្យព្រួយបារម្ភនេះ សូមស្នើឲ្យជំនាញពាក់ព័ន្ធ អង្គភាព កងកម្លាំង អាជ្ញាធរក្រុង ស្រុក ទាំងអស់ ត្រូវចូលរួមសហការគ្នា ត្រៀមលក្ខណៈអនុវត្តឲ្យបានល្អ ទាំងការរៀបចំមណ្ឌលចត្តាឡីស័ក មណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ រួមនឹងការទំនុបបម្រុងផ្គត់ផ្គង់ស្បៀងអាហារសម្ភារៈប្រើប្រាស់ឲ្យបានល្អ។

យោងតាមរបាយការណ៍ពីរដ្ឋបាលក្រុង ស្រុក ក្នុងខេត្ត បច្ចុប្បន្នមានមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ ដែលកំពុងដំណើរការប្រើប្រាស់មានចំនួនជាង ១០០០គ្រែ ហើយរដ្ឋបាលខេត្តនិងខិតខំបន្តជម្រុញ បង្កើនឲ្យបានដល់ចំនួនជាង៣ពាន់គ្រែយ៉ាងតិចក្នុងជំហានដំបូងសម្រាប់ការទទួលពលករខ្មែរវិលត្រឡប់ពីប្រទេសថៃ។

ក្រោយកិច្ចប្រជុំភ្លាម លោកអភិបាលខេត្ត ជាវ តាយ ក៏បានប្រគល់នូវសម្ភារៈប្រើប្រាស់ វេជ្ជសាស្ត្រ ជូនដល់រដ្ឋបាលក្រុង-ស្រុកទាំង ៨ សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពប្រយុទ្ធបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងមួយក្រុង-ស្រុកទទួលបានអាវការពារមេរោគឆ្លងចំនួន ២៥០អាវ និងជែលលាងសម្អាតដៃចំនួន ៣០ដប៕