(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីជូនដំណឹងពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កុមារ និងយុវវ័យមានអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ រស់នៅក្នុងខេត្តកំពង់ចាម ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សំដៅបង្កើតឱ្យមានភាពស៊ាំ និងទប់ទល់នឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

អាស្រ័យហេតុនេះ សូមបងប្អូនជាមាតាបិតា និងអាណាព្យាបាលរបស់កុមារ និងយុវវ័យមានអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ សូមអញ្ជើញនាំកូនៗ ទៅទទួលការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃនៅតាមទីតាំងចាក់វ៉ាក់សាំងដែលរដ្ឋបាលខេត្តបានរៀបចំ ចាប់ពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះតទៅ ដែលមានរយៈពេល១៤ថ្ងៃ ក្នុងការចាក់ដូសលើកទី១ រួមមានដូចខាងក្រោម៖

*ពេលព្រឹក ចាប់ពីម៉ោង ០៨៖០០នាទី ដល់ម៉ោង ១១៖០០នាទី
*ពេលរសៀល ចាប់ពីម៉ោង ១៣៖០០នាទី ដល់ម៉ោង ១៦៖០០នាទី

ជាមួយគ្នានេះ សូមបងប្អូននាំកូនៗមកចាក់វ៉ាក់សាំង ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការអនាម័យ រក្សាគម្លាត និងពាក់ម៉ាស់ឱ្យបានគ្រប់ៗគ្នាពេលមកទទួលការចាក់វ៉ាក់សាំង។

រដ្ឋបាលខេត្តកំពង់ចាម សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋជាមាតាបិតា អាណាព្យាបាលដែលមានកូនចៅអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ មកទទួលយកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃ ដើម្បីបញ្ឈប់ការឆ្លងរីករាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍។

បញ្ជាក់ សូមភ្ជាប់មកជាមួយ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, សំបុត្រកំណើត, លិខិតឆ្លងដែន, សង្ឃដីកាសម្រាប់សាមណេរ), សៀវភៅគ្រួសារ ឬឯកសារបញ្ជាក់អត្តសញ្ញាណ ជូនភ្ជាប់ទីតាំងចាក់វ៉ាក់សាំង៕