(ត្បូងឃ្មុំ)៖ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ លោក ហៀង សុភក្រ្ត នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦នេះ បានបញ្ជាទៅកម្លាំងសមត្ថកិច្ចចម្រុះ រួមមាន កម្លាំងអាវុធហត្ថខេត្ត កម្លាំងអាវុធហត្ថស្រុក និងមន្រ្តីរដ្ឋបាលព្រៃឈើ ចុះទៅបង្ក្រាបទីតាំងស្តុកឈើគ្រញូងមួយកន្លែង របស់លោកមេឃុំ ត្រពាំងផ្លុង ស្ថិតនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក។

មន្រ្តីសាលាដំបូងខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ច បានរកឃើញឈើគ្រញូងជិត១០តោន នៅក្នុងឃ្លាំងមួយនេះ។ បើតាមមន្រ្តីរូបនេះ នៅពេលចុះបង្ក្រាប និងឆែកឆេរ លោកមេឃុំដែលជាម្ចាស់ទីតាំង មិនបានចូលរួមសហការនោះឡើយ ហើយថែមទាំងនិយាយថា ក្រុមសមត្ថកិច្ច បានទៅប្លន់ទ្រព្យរបស់គាត់ និងនិយាយថាការធ្វើបែបនេះ នឹងធ្វើឲ្យអស់សន្លឹកឆ្នោតទៀតផង៕