(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងលោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំង AstraZeneca ជាដូសទី៣ ជូនដល់ក្រុមគ្រូពេទ្យ និងមន្ត្រីជួរមុខក្នុងខេត្តប៉ៃលិន នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

ក្នុងឱកាសនោះ លោកស្រី បាន ស្រីមុំ បានគោរពថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់វ៉ាក់សាំង Astra Zeneca សម្រាប់ចាក់ដូសទី៣បន្ថែម យកមកចាក់ជូនដល់មន្ត្រីជួរមុខនៅខេត្តប៉ៃលិន រួមមាន៖ ក្រុមគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងជួរមុខជាដើម។

លោកស្រីអភិបាលខេត្តបានថ្លែងអំណរគុណដល់បុគ្គលិកពេទ្យ កម្លាំងសមត្ថកិច្ច និងមន្ត្រីស៉ីវិលជួរមុខ ដែលបានលះបង់អស់កម្លាំងកាយចិត្ត និងធនធានផ្ទាល់ខ្លួន ចូលរួមយ៉ាងសកម្មបំផុតគ្រប់សកម្មភាពក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសក្នុងពេលបិទខ្ទប់នេះ គឺពិតជាមានការលំបាកច្រើនចំពោះមន្ត្រី ក៏ប៉ុន្តែវាជាកាតព្វកិច្ច និងតួនាទីទាំងអស់គ្នា ដែលជាអ្នកបម្រើប្រជាពលរដ្ឋ។

សូមជម្រាបថា នារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ ខេត្តប៉ៃលិនបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រភេទ AstraZeneca ពីក្រសួងសុខាភិបាលចំនួន ២,៩០០ដូស ដើម្បីចាក់ជូនដល់ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងមន្ត្រីជួរមុខ ដែលប្រឈមនឹងហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី Delta ខណៈមានពលករខ្មែរជាច្រើនបានវិលត្រឡប់មកពីប្រទេសថៃ៕