(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំង AstraZeneca ជាដូសទី៣ ជូនដល់ក្រុមគ្រូពេទ្យ និងមន្ត្រីជួរមុខ ដែលប្រឈមនឹងហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី Delta។

ក្នុងឱកាសនោះ លោក ប៉ែន កុសល្យ បានគោរពថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់វ៉ាក់សាំង Astra Zeneca សម្រាប់ចាក់ដូសទី៣បន្ថែម ជំរុញឱ្យមានអង្គបក្ខដិបក្ខក្នុងខ្លួនប្រឆាំងជំងឺកូវីដ១៩ ជូនដល់មន្ត្រីជួរមុខ រួមមាន៖ លោកគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងជួរមុខនៅក្នុងខេត្តទាំង ៧ ដែលជាប់ព្រំដែនថៃ។

លោកអភិបាលខេត្តឧត្តរមានជ័យ បានថ្លែងអំណរគុណដល់បុគ្គលិកពេទ្យ កម្លាំងសមត្ថកិច្ចនិងមន្ត្រីស៉ីវិលជួរមុខ ដែលបានលះបង់អស់កម្លាំងកាយចិត្តនិងធនធានផ្ទាល់ខ្លួន ចូលរួមយ៉ាងសកម្មបំផុតគ្រប់សកម្មភាពក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសក្នុងពេលបិទខ្ទប់នេះ គឺពិតជាមានការលំបាកច្រើនចំពោះមន្ត្រី ក៏ប៉ុន្តែវាជាកាតព្វកិច្ចនិងតួនាទីទាំងអស់គ្នា ដែលជាអ្នកបម្រើរាស្ត្រ គឺមិនត្រូវគេចវេសពីការងារនិងភារកិច្ចឡើយ។

បើតាមលោក ប៉ិច រតនៈ នាយករងរដ្ឋបាលសាលាខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា «អនុគណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងការពារកូវីដ១៩ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ បានទទួលវ៉ាក់សាំង AstraZeneca ពីក្រសួងសុខាភិបាលចំនួន ៤,២៤០ដូស សម្រាប់រៀបចំចាក់ជូនមន្ត្រីរាជការជួរមុខដូសលើកទី៣ ជាដូសជំរុញ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារការឆ្លងកូវីដ១៩»

លោកបន្ថែមថា ការរៀបចំចាក់វ៉ាក់សាំងដូសលើកទី៣នេះ គឺអនុគណៈកម្មការរៀបចំចាក់ជូនមន្ត្រីជួរមុខមុនគេ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារការឆ្លងជំងឺកូវីដ១៩ ពីព្រោះកងកម្លាំងមានភារកាតព្វកិច្ចការពារខ្សែក្រវាត់ព្រំដែនកម្ពុជា-ថៃ ដែលមន្ត្រីជួរមុខទាំងអស់នោះ។

លោក ប៉ិច រតនៈ បានបញ្ជាក់ថា ក្រុមការងាររៀបចំចាក់វ៉ាក់សាំងដូសទី៣ សម្រាប់មន្ត្រីជួរមុខនឹងរៀបចំចាក់នៅថ្ងៃស្អែកទី៨នេះ ដើម្បីឱ្យស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដាក់ជូនឱ្យអនុវត្តឱ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍៕