(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងក្រុមការងារចាក់វ៉ាក់សាំងនៃមន្ទីរសុខាភិបាលខេត្ត ជាមន្ទីរជំនាញ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះ នៅបរិវេណវិទ្យាល័យ នេត យ៉ង់ ក្រុងបាត់ដំបងបានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំង AstraZeneca ដូសទី៣ ជូនដល់មន្ត្រីជួរក្នុងខេត្តរបស់ខ្លួន មានដូចជាក្រុមគ្រូពេទ្យ និងមន្រ្តីសាធារណៈ ដែលប្រឈមនឹងហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី Delt។

បើតាមលោក វឿង ប៊ុនរ៉េត បានថ្លែងប្រាប់ឱ្យដឹងថា «អនុគណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងការពារកូវីដ១៩ បានទទួលវ៉ាក់សាំង AstraZeneca ពីក្រសួងសុខាភិបាលចំនួន ២០,៧៣០ដូស សម្រាប់រៀបចំចាក់ជូនមន្ត្រីរាជការជួរមុខដូសលើកទី៣ ជាដូសជំរុញ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារការឆ្លងកូវីដ១៩»

លោក វឿង ប៊ុនរ៉េត បានបន្តថា ការរៀបចំចាក់វ៉ាក់សាំងដូសលើកទី៣នេះ គឺអនុគណៈកម្មការរៀបចំចាក់ជូនមន្ត្រីជួរមុខមុនគេ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារការឆ្លងជំងឺកូវីដ១៩ ពីព្រោះកងកម្លាំងមានភារកាតព្វកិច្ចការពារខ្សែក្រវាត់ព្រំដែនកម្ពុជា-ថៃ ដែលមន្ត្រីជួរមុខទាំងអស់នោះ គឺគាត់មានការប្រឈមខ្លាំងជាងគេក្នុងការដែលពលករខ្មែរវិលត្រឡប់ពីប្រទេសថៃចូលស្រុកវិញ។

លោកបានបញ្ជាក់ថា ក្រុមការងាររៀបចំចាក់វ៉ាក់សាំងដូសទី៣ សម្រាប់មន្ត្រីជួរមុខនឹងរៀបចំចាក់នៅថ្ងៃទី០៨ ខែសីហានេះ ដើម្បីឱ្យស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដាក់ជូនឱ្យអនុវត្តន៍ ឱ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។

សូមជម្រាបថា កាលពីថ្ងៃ២ ថ្ងៃមុននេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យគណៈកម្មការជាតិចាក់វ៉ាក់សាំងកូវីដ១៩ ត្រៀមចាក់វ៉ាក់សាំងដូសទី៣ ជូនមន្រ្តីពាក់ព័ន្ធជួរមុខនៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃជាបន្ទាន់ ខណៈដែលពួកគេប្រឈមនឹងការឆ្លងមេរោគថ្មី Delta ក្រោយពលករជាច្រើនត្រឡប់ពីប្រទេសថៃចូលស្រុកខ្មែរវិញ។

រាជរដ្ឋាភិបាលកម្ពុជា កាលពីដើមខែសីហា ឆ្នាំ២០២១ បានសម្រេចឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានចាក់ដូសទី២រួចរាល់ ដើម្បីបង្កើតប្រព័ន្ធការពារដ៏រឹងមាំថែមទៀតនៅក្នុងខ្លួនមនុស្ស ក្នុងការទប់ទល់នឹងជំងឺកូវីដ១៩ ជាពិសេសឆ្លើយតបនឹងវត្តមានមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី Delta ដែលកំពុងរីករាលដាលយ៉ាងខ្លាំងក្លានៅក្នុងតំបន់៕