(រតនគិរី)៖ លោកយាយម្នាក់អាយុ១០៦ឆ្នាំ ជាជនជាតិដើមភាគតិចព្រៅ រស់នៅក្បែរតំបន់កន្ទុយនាគ នៃខេត្តរតនគិរី ទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្រោយស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

ពិធីប្រគល់អំណោយត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះ ដោយលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេសកម្ពុជា និងលោក ថង សាវុន អភិបាលខេត្តរនតគិរី។

លោកយាយដែលទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នោះឈ្មោះ ណាយ វីត អាយុ១០៦ឆ្នាំ រស់នៅភូមិប៉ាងគិត ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី។

ថ្លែងក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកតា ក្លេម គឺ និងលោកតា ព្រាម ឡាំ ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាពរបស់ពួកគាត់ ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ។

បើទោះបីមិនអាចនិយាយភាសាខ្មែរបាន ប៉ុន្ដែលោកយាយ ណាយ វីត បានបញ្ជាក់តាមរយៈអាជ្ញាធរមូលដ្ឋានថា រូបគាត់ក្រោយពីចាក់វ៉ាក់សាំង សុខភាពមិនមានអ្វីប្រែប្រួលនោះទេ ពោលទាំងការហូបចុក និងការសម្រាកសម្រាន្ដ គឺធម្មតាទាំងអស់។ លោកយាយក៏បានបង្ហាញនូវការយល់ឃើញអំពីគុណតម្លៃ នៃការចាក់វ៉ាក់សាំងនេះផងដែរ។

លោកយាយដែលរស់នៅតំបន់ដាច់ស្រយាលរូបនេះ បានបញ្ជាក់ទៀតថា រូបគាត់មានការភ័យខ្លាចនៅពេលមិនទាន់ទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពិសេសខ្លាចនៅពេលគាត់ទទួលមរណភាពទៅ មិនមានអ្នកស្រុកភូមិ ឬក្រុមគ្រួសារអាចធ្វើបុណ្យឲ្យគាត់បាន ដូច្នេះទើបគាត់ស្ម័គ្រចិត្តមិកទទួលការចាក់វ៉ាក់សាំងនេះ។

លោកយាយក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលអនុញ្ញាតឲ្យគាត់បានចាក់វ៉ាក់សាំង និងបានផ្ដល់អំណោយជូនរូបគាត់នៅឱកាសនេះ។

សូមជម្រាបថា ក្រោយពីបញ្ចប់ការប្រគល់អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ហើយនោះ លោកស្រី ឱ វណ្ណឌីន ក៏បានបន្ដដំណើរចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ នៅទីរួមខេត្តរតនគិរីផងដែរ។

លោក ថង សាវុន អភិបាលខេត្តរតនគិរី បានគូសបញ្ជាក់ថា សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនៅខេត្តរតនគិរី រហូតមកដល់ពេលនេះ សម្រេចបានជាង៦០ភាគរយ នៃផែនការកំណត់ ដែលគ្រោងនឹងបញ្ចប់ទាំងស្រុងនៅពេលឆាប់ៗខាងមុខនេះ៕