(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសផ្តល់ឱកាសជូននិស្សិតកម្ពុជា ចូលរួមប្រកួតប្រជែងយកអាហារូបករណ៍ចំនួន១០កន្លែង ទៅសិក្សាសាកលវិទ្យាល័យពហុបច្ចេកទេសយ៉ាងចូវ ខេត្តជាំងស៊ូ ប្រទេសចិន។

រដ្ឋបាលខេត្តសៀមរាប បានប្រកាសឱ្យដឹងថា សាកលវិទ្យាល័យពហុបច្ចេកទេសយ៉ាងចូវ ខេត្តជាំងស៊ូ បានផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ១០កន្លែង ដល់រដ្ឋបាលខេត្តសៀមរាប ដើម្បីផ្តល់ជូនសិស្ស និស្សិតរស់នៅក្នុងខេត្តសៀមរាប។

យោងតាមរដ្ឋបានខេត្ត បានឱ្យដឹងថា ជំនាញសិក្សាដែលសាកលវិទ្យាល័យពហុបច្ចេកទេសយ៉ាងចូវ ផ្តល់ជូននេះមានចំនួន ១៣ជំនាញ។ រដ្ឋបាលខេត្ត បានអំពាវនាវដល់សិស្ស និស្សិត មានបំណងទៅសិក្សានៅសាកលវិទ្យាល័យខាងលើ ទាក់ទងទៅសាលាខេត្តឱ្យបានមុនថ្ងៃទី១៦ ខែសីហា។

បេក្ខជនដែលអាចទទួលអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យខាងលើ ត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

* បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ សញ្ញាបត្រដែលមានតម្លៃស្មើ
* មានសមត្ថភាពអាចសិក្សា និងរស់នៅដោយឯករាជ្យ ព្រមទាំងមានសុខភាពល្អ
* អាចប្រើប្រាស់ភាសាចិន និងភាសាអង់គ្លេសបានល្អ៕