(ក្រចេះ)៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ទទួលបានអណ្ដូងទឹកស្អាតសរុបចំនួន ១៥ កន្លែង ពីសប្បុរសជនក្នុងនិងក្រៅប្រទេស តាមរយៈលោក ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជានាយកសមាគមបេសកកម្មដំណឹងល្អ ដែលបានកៀរគររកជំនួយសប្បុរសជន និងសម្របសម្រួលដល់ការជីកអណ្ដូងទឹកទាំងនោះ។

ពិធីប្រគល់-ទទួលអណ្ដូងទាំង ១៥ កន្លែងនោះ ត្រូវបានធ្វើឡើងរយៈពេលពីរថ្ងៃជាប់គ្នា គឺនៅថ្ងៃទី០៧ និងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១។ ពិធីនេះក៏មានការចូលរួមពី លោក វ៉ា ថន អភិបាលខេត្តក្រចេះ រួមទាំងអាជ្ញាធរស្រុក ឃុំ ភូមិ ហើយក្នុងនោះក៏មានការចែកជូនអំណោយដល់ប្រជាពលរដ្ឋប្រមាន ៨០ គ្រួសារផងដែរ។

លោក ខាន់ ខុន បានលើកឡើងថា សមិទ្ធផលទាំងអស់នេះបានមកពីការរួមសហការជាមួយក្រុមហ៊ុន Bema Real Estate គ្រិស្ទបរិស័ទក្នុងប្រទេស និងក្រៅប្រទេស បរិច្ចាគចូលរួមជាការអធិដ្ឋានតាមរយៈលោកផ្ទាល់ ក្នុងការចុះជួយដល់ប្រជាជនតាមសហគមន៍ ដើម្បីជួយដល់ប្រជាជនចាស់ជរា ជនពិការ អ្នកងាយរងគ្រោះផ្សេងៗ និងអ្នករងផលប៉ះពាល់ដោយកូវីដ១៩ ដែលមិនទាន់មានទឹកស្អាតប្រើប្រាស់ ហើយខ្វះខាតទឹកប្រើប្រាស់នៅរដូវប្រាំង។

ម្យ៉ាងវិញទៀត សកម្មភាពទាំងនេះក៏ជាការបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការបង្កើនការអភិវឌ្ឍន៍នៅតាមទីជនបទក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពគ្រួសារដល់ប្រជាពលរដ្ឋក្នុងរដូវកាលការរីករាដាលជំងឺកូវីដ១៩នេះ ក៏ដូចជាជួយសម្រួលដល់សេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

លោកបានបន្តអំពានាវដល់ពលរដ្ឋទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ ដោយអនុវត្តការរស់នៅស្អាត ហូបស្អាត កុំបន្ទោរបង់ពាសវាលពាសកាល ត្រូវសម្រាន្តក្នុងមុង និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃកាត់បន្ថយការស្លាប់ ពិការភាព និងជួយអប់រំណែនាំដល់កូនចៅឱ្យរស់ឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនវាបំផ្លាញអនាគតរបស់ក្រុមគ្រួសារ និងសង្គមជាតិ។

ទន្ទឹមនឹងនេះ លោកបានណែនាំដល់អ្នកចូលរួមទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយចូលរួមរួមអនុវត្តវិធានការការពារ និងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានត្រឹមត្រូវ តាមសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ តាមរយៈការលាងដៃឱ្យបានញឹកញាប់ និងជាប្រចាំជាមួយសាប៊ូ ត្រូវទម្លាប់ហូបទឹកក្តៅរាល់ថ្ងៃ ដោយយកចិត្តទុកដាក់រក្សាសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានជាប្រចាំ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ត្រូវពាក់ម៉ាស បើមិនចាំបាច់កុំចេញក្រៅផ្ទះ។

លោក ខាន់ ខុន បានពាំនាំការសួរសុខទុក្ខពីលោក ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ដែលតែងតែគិតគូពីបញ្ហាសុខភាពប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត វ៉ា ថន បានថ្លែងអំណរគុណដល់លោក ខាន់ ខុន ក្រុមហ៊ុន Bema Real Estate រួមសប្បុរសជនគ្រិស្តបរិស័ទទាំងអស់ ដែលបានជួយដល់ប្រជាពលរដ្ឋក្នុងគ្រាមានលំបាកនេះ។

ក្នុងពិធីប្រគល់អណ្តូងមានខេត្តក្រចេះ ១២ អណ្តូង ចែកអំណោយ ៨០ គ្រួសារ និងខេត្តត្បូងឃ្មុំ ៣ អណ្តូង សម្ភារផ្តល់ជូនប្រជាពលរដ្ឋចំនួន ៨០ គ្រួសារ រួមមាន អង្ករ មី ទឹកត្រី ម៉ាស ទឹកអាកុល និងអាហាររូបត្ថម្ភមួយចំនួន៕