(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញមោទនភាព ដែលរយៈពេល ៥៤ឆ្នាំមកនេះ អាស៊ាននៅតែមានស្មារតីនៃការគោរពគ្នាទៅវិញទៅមក លើឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពដែនដី សមភាព និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។

ការបង្ហាញមោទនភាពរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានបង្ហាញឡើងតាមរយៈសារលិខិតអបអរសាទរ របស់សម្តេចតេជោ ក្នុងឱកាសទិវាអាស៊ាន ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១។

បើតាមសារលិខិត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «អាស៊ានត្រូវបានបង្កើតឡើងដើម្បីថែរក្សា និងជំរុញការអភិវឌ្ឍប្រកបដោយភាពសុខសាន្ត និងដើរតួនាទីជាវេទិកា លើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។ ស្មារតីនៃការគោរពគ្នាទៅវិញទៅមក លើឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពដែនដី
សមភាព និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ដែលប្រទេសសមាជិកអាស៊ានទាំងអស់ បានលើកស្ទួយតាំងពីឆ្នាំ១៩៦៧ ព្រមទាំងគោលការណ៍កុងសង់ស៉ីស នៅតែបន្តជាគោលការណ៍មាគ៌ាជាមូលដ្ឋាន សម្រាប់ដំណើរការកសាងសហគមន៍របស់យើង»។

សម្តេចបន្តថា «ក្នុងជាឱកាសដ៏នក្ខត្តឫក្ស សម្រាប់ប្រជាជនអាស៊ានទាំងអស់ ខណៈដែលយើងប្រារព្ធខួបលើកទី៥៤ នៃការបង្កើតសមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ ដែលហៅកាត់ថាអាស៊ាន ប្រកបដោយមោទនភាព។ យើងទាំងអស់គ្នាបានធ្វើដំណើរមកអស់កាលដ៏វែងឆ្ងាយ និងបានរីកចម្រើនគួរជាទីគាប់ចិត្ត ក្នុងគោលដៅជំរុញវឌ្ឍនភាព នៃអង្គការថ្នាក់តំបន់មួយនេះ ឱ្យទៅជានីតិបុគ្គលមួយ ដែលមានភាពស្អិតរមួតផ្ទៃក្នុង និងយកប្រជាជនជាធំ»។

ក្នុងថេរវេលាជាង ៥ទសវត្សរ៍មកនេះ អាស៊ានបានពង្រីកសមាជិកភាពរបស់ខ្លួនដោយបានរួមបញ្ចូលគ្រប់ប្រទេសទាំងអស់ លើកលែងតែប្រទេសមួយគត់នៅក្នុងតំបន់ និងបានលើកកម្ពស់ការធ្វើសមាហរណកម្មផ្នែកនយោបាយសេដ្ឋកិច្ច និងសង្គម ក្នុងចំណោមប្រទេសសមាជិក និងជាមួយដៃគូនានា។ អាស៊ានក៏បានបន្តង្រឹង
កិត្យានុភាពជាអង្គការតំបន់មួយពោរពេញដោយថាមវន្តំ និងភាពរស់រវើកបំផុត ក្នុងសាកលលោកលើទិដ្ឋភាពសក្តានុពលសេដ្ឋកិច្ច និងគុណប្រយោជន៍ប្រៀបធៀប។

ក្នុងឆ្នាំនេះ ប្រទេសព្រុយណេ ដែលជាប្រធានប្តូរវេនរបស់អាស៊ាន មានឆន្ទៈជំរុញដំណើរការអាស៊ានឆ្ពោះទៅមុខបន្ថែមទៀត
ក្រោមមូលបទ «យើងយកចិត្តទុកដាក់ យើងត្រៀមលក្ខណៈ យើងរីកចម្រើន» ដែលស័ក្តិសមបំផុតជាមួយនឹងបញ្ហាប្រឈមដ៏ស្រួចស្រាល់ ផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសង្គម នាពេលបច្ចុប្បន្ន ដើម្បីឈានឆ្ពោះទៅរកការសម្រេចទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។

បើតាមប្រសាសន៍សម្តេចតេជោប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា, ឈរលើហេតុផលនេះ ជានិច្ចជាកាល អាស៊ានគឺជាផ្នែកមួយដ៏សំខាន់ និងមិនអាចកាត់ផ្តាច់បាន នៃនយោបាយការបរទេសរបស់កម្ពុជា។ តាមរយៈក្របខណ្ឌអាស៊ាន យើងមានលទ្ធភាពពង្រីកជាអតិបរមានូវកាលានុវត្តភាព ដើម្បីបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅក្នុងតំបន់ និងដៃគូខាងក្រៅទូទាំងសាកលលោក ក្នុងបុព្វហេតុលើកកម្ពស់សន្តិភាពយូរអង្វែង សន្តិសុខ វិបុលភាព និងការអភិវឌ្ឍជាតិលើគ្រប់ទិដ្ឋភាព៕