(ខេត្តប៉ៃលិន)៖ អាជ្ញាធរខេត្តប៉ៃលិន បានសម្រេចបិទផ្សារសាមគ្គី ហៅប៉ាហ៉ី និងផ្សារថ្មីប៉ាហ៉ីជើង ហៅផ្សារជាងអូន ជាលើកទី២ ស្ថិតក្នុងភូមិប៉ាហ៉ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសជំងឺកូវីដ១៩ បំប្លែងថ្មី Detal។

លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តប៉ៃលិន ឱ្យដឹងថា៖ «រហូតមកដល់ពេលនេះ រដ្ឋបាលក្រុងប៉ៃលិន បានដឹកនាំកម្លាំងសមត្ថកិច្ចនគរបាល និងអាជ្ញាធរមូលដ្ឋាន រួមជាមួយនឹងចៅសង្កាត់ប៉ៃលិន មេភូមិ ចុះបិទផ្សារសាមគ្គី ហៅប៉ាហ៉ី និងផ្សារថ្មីប៉ាហ៉ីជើង ហៅផ្សារជាងអូន ស្ថិតក្នុងភូមិប៉ាហ៉ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក្នុងរយៈពេល១៤ថ្ងៃ ជាលើកទី២ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺប្រភេទថ្មីដែលតា (Delta) ខណៈមានប្រជាពលរដ្ឋក៏ដូចជាអាជីវករជាច្រើននាក់ ដែលលក់ដូរនៅក្នុងផ្សារ និងនៅជុំវិញផ្សារ ព្រមទាំងប្រជាពលរដ្ឋនៅតាមភូមិនានា ក្នុងខេត្តប៉ៃលិន កំពុងឆ្លងជំងឺកូវីដ១៩»

លោកបានបន្តថា ការដើរដាក់រាយខ្សែពណ៌លឿងបិទផ្សារ និងផ្ទះប្រជាពលរដ្ឋនៅជុំវិញផ្សារមួយចំនួននេះ គឺធ្វើឡើងតាមការចង្អុលបង្ហាញរបស់រដ្ឋបាលខេត្តប៉ៃលិនផងដែរ គឺមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋណាម្នាក់ដែលស្ថិតនៅ ក្នុងរង្វង់ខ្សែខាងលើចេញចូល ចុះឡើង ក្នុងផ្ទះរបស់ខ្លួនបានឡើយ ពោលគឺត្រូវស្នាក់នៅក្នុងផ្ទះ រយៈពេល១៤ថ្ងៃ ចំពោះអ្នកដែលប៉ះពាល់ ឬពាក់ព័ន្ធនឹងអ្នកកើតជំងឺកូវីដ១៩។ ចំណែកអ្នកដែលមិនមានការពាក់ព័ន្ធ គឺរដ្ឋបាលក្រុងអនុញ្ញាត ឱ្យគាត់ចេញពីផ្ទះខ្លួនទៅស្នាក់នៅផ្ទះប្រជាពលរដ្ឋជាបណ្តោះអាសន្ន ដើម្បីងាយស្រួលចេញចូល ធ្វើការងារប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃផងដែរ។

លោកអភិបាលក្រុងប៉ៃលិន បានបញ្ជាក់ទៀតថា ការបិទផ្សារ២កន្លែងនេះ រហូតដល់ថ្ងៃចេញសេចក្តីប្រកាសសារជាថ្មី ទើបអនុញ្ញាតឱ្យអាជីវករចូលលក់ដូរឡើងវិញ បើមិនធ្វើតាមការណែនាំរបស់រដ្ឋបាលក្រុងប៉ៃលិនទេ នឹងមានការផាកពិន័យថែមទៀតផង។

សូមបញ្ជាក់ថា រហូតមកដល់ថ្ងៃត្រង់នេះ អាជីវករម្នាក់ៗ កំពុងតែមមាញឹកបិទតូបស្ទើរតែមិនទាន់ ដោយអ្នកខ្លះយករថយន្តដឹកសម្ភារៈរបស់ខ្លួនទៅទុកនៅផ្ទះ ដើម្បីដឹកយកទៅលក់ដូរនៅកន្លែងថ្មី។ ចំណែកអ្នកខ្លះទៀត ដែលលក់សម្ភារចានឆ្នាំង និងគ្រឿងដែក គឺទាញទ្វារបិទតូបទុកនៅក្នុងផ្សារតែម្តង៕